Friday, January 31, 2020

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យបើកស្ថានទូតពីរទៀត នៅអាហ្រ្វិកខាងត្បូង និងប្រេស៊ីល (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យបង្កើតស្ថានទូតថ្មីពីរបន្ថែមទៀត នៅក្នុងទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន។ សម្តេចតេជោ ចង់ឱ្យបង្កើតនៅប្រទេសអាហ្វ្រិកខាងត្បូង សម្រាប់ទ្វីប ហើយសម្រាប់ទ្វីបអាមេរិកឡាទីន សម្តេចតេជោ ចង់ឱ្យបើកនៅប្រទេសប្រេស៊ីល។ ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន តបតាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ហ៊ុន សែន បានឱ្យពិចារណាលទ្ធភាពបង្កើតស្ថានទូតទាំងពីរនេះក្នុងរវាងឆ្នា២០២១ ឬ២០២២ ហើយពិនិត្យរៀបចំទាំងថវិកា អគារ និងបុគ្គលិកបម្រើការងារចាំពីពេលឥឡូវនេះទៅផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅទ្វីបអាហ្វ្រិក កម្ពុជាមានស្ថានទូតែមួយប៉ុណ្ណោះនៅទីក្រុងគែ ប្រទេសអេហ្ស៉ីប។ ដោយឡែកនៅអាមេរិកឡាទីន មិនទាន់មាននោះឡើយ។ សម្រាប់លោក ប្រាក់ សុខុន ការបង្កើនចំនួនស្ថានបេសកកម្មនៅលើពិភពលោក គឺជាការដាក់ទម្ងន់បន្ថែមនៅលើស្មាសម្រាប់រាជរដ្ឋាភិបាល។ តែលោក ប្រាក់ សុខុន យល់ថា សម្រាប់កម្ពុជា ដែលជាទូកមួយមានទំហំកាន់តែធំនោះ រាជរដ្ឋាភិបាលក៏គួរផ្តល់ក្តោងឱ្យកាន់តែធំ ដើម្បីស្រូបខ្យល់រុញទូកក្នុងល្បឿនមួយដែលស្របនឹងល្បឿននៃការវិវត្តន៍សភាពការណ៍ និងការផ្លាស់ប្តូរនៃពិភពលោក។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មកដល់បច្ចុប្បន្ន កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៧៤ ហើយមានស្ថានតំណាងប្រចាំនៅបរទេសចំនួន៦៣។ នៅឆ្នាំ២០១៩ កម្ពុជា ក៏បានបានទិញអគាររៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី, ចាប់ផ្តើមជួសជុលស្ថានទូតនៅក្រុងសូហ្វីយ៉ា ប្រទេសប៊ុលគ្រី និងបែលក្រាដ ប្រទេសស៊ែប៊ី ព្រមទាំងបើកស្ថានអគ្គកុងស៊ុលថ្មីនៅទីក្រុងហៃគូ។ ក្រសួងបានបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីចំនួន៨បន្ថែមទៀត ធ្វើឱ្យចំនួនសរុបកើនដល់៣៤។ ការងារពង្រីកចំណងមិត្តភាព សហប្រតិបត្តិការ និងទំនាក់ទំនងជាកិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពទាំងឡាយ ដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ឱ្យក្រសួងការបរទេសអនុវត្តន៍នៅក្នុងឆ្នាំ២០២០។ សម្តេចតេជោ បានជំរុញឱ្យក្រសួងការបរទេសកម្ពុជា ខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យខិតខំស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើត និងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន។ ពាក់ព័ន្ធនឹងការធ្វើទំនាក់ទំនងជាមួយប្រទេសជាមិត្តនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសរំលេចផងដែរថា ប្រទេសតូចដូចកម្ពុជា ដែលសម្ពាធពីខាងក្រៅតែងបង្ខំឱ្យជ្រើសរើសមិត្ត ឬក៏ឱ្យធ្វើជាមិត្តជាមួយប្រទេសនេះ និងយកប្រទេស ផ្សេងជាសត្រូវ។ ក៏ប៉ុន្តែទោះធ្វើមិត្តជាមួយនរណាក៏ដោយ ក៏មិនមានន័យថា កម្ពុជាបោះបង់ចោល ឯករាជ្យ និងអធិតេយ្យខ្លួននោះទេ។ នៅចំពោះមុខអ្នកចូលរួមដែលមានតំណាងស្ថានទូតនានាដែរនោះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចមិនដែលធ្វើសេចក្តីសម្រេចណា ដើម្បីតម្រូវចិត្តប្រទេសណាមួយនោះទេ ហើយក៏មិនដែលធ្វើអ្វីនាំឱ្យខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...