Friday, November 12, 2021

BREAKING: លោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ រួមទាំងសកម្មជន៥នាក់ទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃនេះ (Video inside)

(ភ្នំពេញ)៖ លោក រ៉ុង ឈុន និងលោក សួង សុភណ្ឌ រួមទាំងសកម្មជន៥នាក់ទៀត ត្រូវបានតុលាការដោះលែងឱ្យចេញពីពន្ធនាគារហើយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោយសាលាឧទ្ធរណ៍សម្រេចព្យួរទោសដែលនៅសេសសល់ និងផុតកំណត់ទោស។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅវេលាថ្ងៃសុក្រនេះ។ សកម្មជនទាំង៧នាក់រួមមាន ១៖ រ៉ុង ឈុន ២៖ តុន និមល ៣៖ ឈ្មោះ សរ កណិកា ៤៖ ឈ្មោះ ឈឿន ដារ៉ាវី ៥៖ ហ៊ុន វណ្ណៈ ៦៖ ប៉ែន ច័ន្ទសង្គ្រាម ៧៖ សួង សុភ័ណ្ឌ។ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាលាឧទ្ធរណ៍បានកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែអនុវត្តត្រឹម១៥ខែ ១១ថ្ងៃ ហើយទោសនៅសល់៨ខែ១៩ថ្ងៃទៀត ត្រូវបានព្យួរ។ ដោយឡែកសកម្មជន២នាក់គឺ លោក តុល និមល និង កញ្ញា ស កណិកា ក៏តុលាការកាត់ទោសតម្រឹម និងដោះលែងដូចគ្នា។ * សូមបញ្ជាក់៖ ចំពោះសំណុំរឿងរបស់លោក តុល និមល ត្រូវបានដោះលែងមួយករណី នៅសល់មួយករណីទៀត នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រៅពីអ្នកទាំង៣ខាងលើ មានយុវជន២នាក់ទៀតឈ្មោះ ហ៊ុន វណ្ណៈ និងឈឿន ដារ៉ាវី ត្រូវបានតុលាការដោះលែងជាមួយគ្នាផងដែរ ក្រោយអនុវត្តទោសចប់សព្វគ្រប់។ បន្ថែមពីនេះតុលាការក៏បានដោះលែង លោក សួង សុភណ្ឌ និង ប៉ែន ច័ន្ទសង្គ្រាម ផងដែរ។ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន។ ចំណែក លោក សួង សុភ័ណ្ឌ, លោក ប៉ែន ច័ន្ទសង្គ្រាម , លោក តុល និមល និងកញ្ញា ស កណិកា ដែលតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្ទាប់កាលពីឆ្នាំមុន។ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ក្រោយពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។ ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់ លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចាត់ទុកថា ការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្ត សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...