Friday, December 3, 2021

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង ការវាយប្រហារដោយរលកឆ្លងទី៤ នៃ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមលោក Joe Phaahla មកទល់នឹងពេលនេះ ករណីឆ្លងវីរុសបំប្លែងថ្មី Omicron ត្រូវបានរាយការណ៍នៅក្នុងខេត្តចំនួន៧ហើយ ក្នុងចំណោមខេត្តសរុបទាំង៩ របស់អាហ្វ្រិកខាងត្បូង។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Joe Phaahla បានបញ្ជាក់បន្ថែមដូច្នេះថា «យើងអាចគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្នបាន ដោយមិនទាន់ចាំបាច់ ដាក់ចេញវិធានការរឹតត្បិតដ៏តឹងរ៉ឹងនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើយើងទាំងអស់គ្នាចូលរួមអនុវត្តកាតព្វកិច្ចការពារសុវត្ថិភាព»។ ការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូងបានបញ្ចេញទិន្នន័យបឋមរបស់ខ្លួនដោយបង្ហាញថាអត្រាលាប់ជំងឺឡើងវិញ បង្កឡើងដោយ Omicron គឺមានហានិភ័យខ្ពស់ជាង៣ដង បើធៀបទៅនឹងវីរុសបំប្លែងថ្មី Beta និង Delta។ តែមិនទាន់អាចបញ្ជាក់ថា Omicron មានភាពកាចសាហាវកម្រិតណានោះទេ។ គួរបញ្ជាក់ថា បើតាមលោក Joe Phaahla រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងអាចនឹងគ្រប់គ្រងស្ថានការណ៍នៃរលកឆ្លង COVID-19 លើកទី៤ នេះបាន ដោយមិនចាំបាច់ដាក់ចេញ វិធានការបិទខ្ទប់ដ៏តឹងរ៉ឹង អំឡុងបុណ្យណូអែលខាងមុខនេះ ហើយលោកក៏បានជំរុញផងដែរឱ្យប្រជាជនអាហ្វ្រិកខាងត្បូងដែលមិនទាន់បានចាក់វ៉ាក់សាំង ប្រញាប់ទៅចាក់វ៉ាក់សាំងបង្ការ៕
Read more

BREAKING: សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពី ការចូលរួមគោរពព្រះវិញ្ញាណក្ធន្ធសព សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំពី ការចូលរួមគោរពព្រះវិញ្ញាណក្ធន្ធសព សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភានៃកម្ពុជា។ នេះបើយោងតាមសារាចរណែនាំរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។ នៅក្នុសារាចរណែនាំនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គមានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក នៅប្រទេស៍បារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖ *ទី១៖ ប្រកាសថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។ *ទី២៖ គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ *ទី៣៖ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ សម្តេចតេជោ បានថ្លែងទៀតថា ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងរដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ៕
Read more

Monday, November 29, 2021

ក្រោមបទបញ្ជារបស់សម្តេចតេជោ ថ្ងៃនេះឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសការបំផ្លាញដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប (Video inside)

(កំពង់ឆ្នាំង)៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងារ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង។ នៅព្រឹកមិញ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង និងបានបើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ រួចហើយបន្តដំណើរចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក ដើម្បីដាក់ចេញផែនការ និងវិធានការឲ្យអាជ្ញាធរ និងកងកម្លាំងបង្ក្រាបឲ្យខាងតែបានចំពោះបទល្មើសមួយនេះ។ ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរដោយលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ។ សូមរលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំផងដែរ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញកសិកម្ម និងជលផលស បានឲ្យដឹងថា ដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅក្នុងខេត្តកំពង់ឆ្នាំងរាប់ពាន់ហិកតា ត្រូវបានជនខិលខូចមានទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិជារៀងរាល់ឆ្នាំ។ ពាក់ព័ន្ធនឹងបទល្មើសឈូសឆាយដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំងខាងលើនេះ គឺភាគច្រើនកើតមាននៅក្នុងឃុំច្រណូក និងឃុំផ្លូវទូក ស្រុកកំពង់លែង, ឃុំពាមឆ្កោក ស្រុកជលគីរី, ឃុំខុនរង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងនៅក្នុងក្រុងកំពង់ ឆ្នាំងក៏មានផងដែរ៕
Read more

TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល៧ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។ ការសេចក្ដីសម្រេចនេះ គឺដើម្បីបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕ ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖
Read more

BREAKING: កម្ពុជា ផ្ដល់ជំនួយ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដល់មិត្តឡាវ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការប្រកាសផ្តល់ជំនួយជាថវិកា និងវ៉ាក់សាំងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ យោងតាមលោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ថវិកាដែលសម្តេចតេជោ ប្រកាសជួយដល់ប្រទេសឡាវនេះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង ១០លានដុល្លារទៀត គឺជាថវិការបស់សប្បុរសជនកម្ពុជា។ សូមបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យ មានដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខ។ ពាក់ព័ន្ធការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ លោកនាយករដ្ឋមន្ត្រីឡាវ បានសន្យាសហការជាមួយកម្ពុជា ជួយកម្ពុជាឱ្យទទួលបានជោគជ័យលើការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននេះ។ បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសម្ដេចតេជោ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាពិសេស គឺការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានៃការព្រមព្រៀងគ្នាជាពេលកន្លងមក។ ជាពិសេស ការចរចាគ្នានឹងពិភាក្សាគ្នាធ្វើយ៉ាងណាបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានជំរុញឲ្យគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបន្តធ្វើយ៉ាងណា សម្រេចការងារព្រំដែនដូចដែលបានកំណត់។ លោក ផនខាំ វិផាវ៉ាន់ ក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ ផ្សេងទៀត។ លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើជំរុញការវិនិយោគនៅឡាវផងដែរ។ សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាវិញ បានស្នើសុំឱ្យនាយករដ្ឋមន្ត្រីឡាវ ធ្វើយ៉ាងណាឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។ សម្ដេចតេជោ បានបង្ហាញការគាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការវិនិយោគប្រទេសទាំងពីរ គាំទ្រវិនិយោគិនប្រទេសទាំងពីរ ព្រោះការវិនិយោ គ គឺជាជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម។ សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕
Read more

Friday, November 26, 2021

BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់«១៣,១០៩ករណី» និងស្លាប់១៣៧នាក់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,១៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៥ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,៨០៩ករណី។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៣៧នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១៨១,៣៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៥៥,២៥៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៤,៥៤៤នាក់៕
Read more

ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូល, ថ្នាក់ដឹកនាំ ASEM អបអរសារទរដ៏ស្មោះស្ម័គ្រជូនសម្តេចតេជោ ចំពោះការដឹកនាំកិច្ចប្រជុំកំពូលនេះយ៉ាងជោគជ័យ

(ភ្នំពេញ)៖ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ នៃកិច្ចប្រជុំកំពូល ASEM13។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រោយបញ្ចប់នៃកិច្ចប្រជុំ។ ឯកសារលទ្ធផលសំខាន់ៗចំនួន៣ នោះរួមមាន៖ *ទី១៖ សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 *ទី២៖ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ-១៩ *ទី៣៖ ឯកសារសកម្មភាពអនាគតស្តីពី ការតភ្ជាប់ ASEM។ ថ្នាក់ដឹកនាំ ASEM បានសម្តែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អឥតខ្ចោះ និងបានអបអរសារទរដ៏ស្មោះស្ម័គ្រជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការដឹកនាំកិច្ច ប្រជុំកំពូលនេះយ៉ាងជោគជ័យ ដែលបានចូលរួមចំណែកដល់ការពង្រឹងពហុភាគីនិយមការធ្វើឱ្យដំណើរការ ASEM កាន់តែរឹងមាំ និងប្រកបដោយភាពធន់បរិយាប័ន្ន និងចីរភាព ក្រោយសម័យកាលជំងឺកូវីដ-១៩។ ថ្នាក់ដឹកនាំ រង់ចាំចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៤ នៅអឺរ៉ុប ក្នុងឆ្នាំ២០២៣។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានកម្ពុជាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំបានធ្វើឡើង ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បី កំណើនរួម»។ ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោក ទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់៕
Read more

លោកស្រី ឱ វណ្ឌឌីន ប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី២ប្រភេទទៀត B1-640 និងប្រភេទ B1-1-529 ដែលមានប្រភពចេញពីអាហ្វ្រិកខាងត្បូង និងសូមបន្តការប្រុងប្រយ័ត្នខ្ពស់ (Video inside)

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអំពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ ប្រភេទ B1-640 និងប្រភេទ B1-1-529 ខណៈវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 បានរីលដាលមកដល់ទឹកដីហុងកុងនៃទ្វីបអាស៉ីហើយ។ លោកស្រី ឱ វណ្ឌឌីន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានចេញផ្សាយអំពីករណីរកឃើញនូវវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ *ទី១៖ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-640 ដែលបានរាយការណ៍មកថា បានរកឃើញដំបូងគេនៅសាធារណរដ្ឋកុងហ្គោ (Republic of the Congo) នៃទ្វីបអាហ្វ្រិក ដែលអង្គការសុខភាពពិភពលោក បានកំណត់អំពីការរកឃើញកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ *ទី២៖ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសបុតស្វាណា (Botswana) នៃទ្វីបអាហ្វ្រិកដែរ ហើយបានបន្តរាលដាលទៅដល់ប្រទេសមួយចំនួនទៀត ដូចជា៖ ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសស៉ីមបាវ៉េ (Zimbabwe) ប្រទេសអ៉ីស្រាអែល ចក្រភពអង់គ្លេស ហើយក៏បានបន្តឆ្លងមកដល់ទឹកដីហុងកុង នៃទ្វីបអាស៉ីថែមទៀត ក្នុងនោះគឺមានអ្នកដែលផ្ទុកមេរោគចំនួន២នាក់ ដែលបានធ្វើដំណើរមកពីប្រទេស អាហ្វ្រិកខាងត្បូង។ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 នេះ ត្រូវបានអង្គការសុខភាពពិភពលោកបានកំណត់ថាបានរកឃើញដំបូងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ តាមរយៈសារសំឡេងជិត១០នាទី លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានការទាំងឡាយដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានណែនាំកន្លងមក ដូចជា ការអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» ការរក្សាគម្លាតសុវត្ថិភាព និងការពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬជែល ពិសេសគឺតាមដានអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនផងដែរ៕ ខាងក្រោមនេះ ជាការបញ្ជាក់របស់លោកស្រី ឱ វណ្ឌឌីន៖
Read more

Tuesday, November 23, 2021

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីបន្តកាន់តំណែងការពារសន្តិភាព រហូតពួកជ្រុលនិយមផុតរលត់ពីផែនដីសិន ចាំត្រួសត្រាសផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ (Video inside)

(កំពង់ចាម)៖ ថ្លែងចេញពីស្រុកកំណើតរបស់ខ្លួន នាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា សម្តេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីច្រើនឆ្នាំតទៅទៀត ដោយមិនកំណត់រយៈពេលឡើង ឲ្យតែប្រជាជនបោះឆ្នោតជូនសម្តេច។ សម្តេចតេជោបានថ្លែងទៀតថា ការបន្តធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការពារសន្តិភាព រហូតដល់ពួកជ្រុលនិយម (ក្រុមប្រឆាំងជ្រុលនិយម) ផុតរលត់ពីផែនដី ដើម្បីសម្តេចត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហ៊ុន សែន សូមប្រកាសសាជាថ្មីម្តងទៀត នៅស្រុកកំណើតរបស់ខ្លួន ទោះបីអូសបន្លាយនៃការបន្តអាណត្តិរបស់ខ្ញុំ ប៉ុន្មានឆ្នាំតទៅទៀត ស្រេចតែចិត្តខ្ញុំ ឲ្យតែប្រជាជនបោះឆ្នោតឲ្យខ្ញុំនៅធ្វើរហូត កុំថាសុខភាព ហ៊ុន សែន អន់នោះ [...] អីចឹងទុកឲ្យខ្ញុំលេងជាមួយពួកជ្រុលនិយម ការពារសន្តិភាពនេះ។ ខ្ញុំលេងលោកឯងឲ្យចប់សិន ហើយដើម្បីខ្ញុំត្រួសត្រាយផ្លូវសម្រាប់ក្មេងជាន់ក្រោយ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអន់ខ្លាំងណាស់ ចំពោះការធ្វើនយោបាយបន់ឱ្យដៃគូខ្លួនស្លាប់។ សម្តេចេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនមានការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោតម្ត សីហនុ កាលពីឆ្នាំ១៩៧០ របស់ លន់ នល់ មិនដឹងជាកម្ពុជារីកចម្រើនដល់កម្រិតណានោះទេ។ កម្ពុជាទើបមានសន្តិភាពពេញលេញ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយចំណាយពេលអស់ជាច្រើនឆ្នាំ ដើម្បីដោះស្រាយបញ្ហាខ្មែរសម្លាប់ខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសប្រជាធិបតេយ្យមួយចំនួន នាំគ្នាគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និងគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ តែពួកគេមិនដែលបង្ហាញការសោកស្តាយ ចំពោះការបាត់បង់ជីវិតរបស់ខ្មែរនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ជាថ្មីថា «តម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចឱនក្បាលទទួលយកការគៀបសង្កត់ណាមួយ ដែលនាំទៅដល់អស្ថិរភាព និងបាត់សន្តិភាពរបស់ប្រទេសទេ»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្តើមចេញពីការយកជីវិតជាដើមទុន បានធ្វើឱ្យកម្ពុជា នាំមកនូវការបិទបញ្ចប់ភ្លើងសង្គ្រាម និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ហើយសម្តេចនឹងបន្តថែរក្សាសន្តិភាព សម្រាប់កម្ពុជា៕
Read more

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកាន់តំណែងជានាយករដ្ឋមន្ត្រីបានយូរ ក៏ព្រោះតែសម្តេចមិនក្បត់រាជានិយម (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា មូលហេតុដែលសម្តេចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានយូរជាងនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏ព្រោះតែសម្តេចមិនក្បត់ព្រះមហាក្សត្រ មិនក្បត់របស់រាជានិយម ជាពិសេសមិនក្បត់ប្រទេសជាតិ។ ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C» ស្ថិតនៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលចំណាយថវិកា ក្នុងការសាងសង់ជិត៥៧លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ជុំវិញការបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី របស់កម្ពុជានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល បានឱ្យដឹងថា សម្រាប់អ្នកស្រុកស្ទឹងត្រង់គិតមកជំនាន់របស់សម្តេចកាន់តំណែង គឺមានមនុស្សចំនួន៣នាក់ហើយ បានធ្វើនាយករដ្ឋមន្ត្រីរួមមាន៖ លោក អ៉ិន តាំ, លោក ហង្ស ធុនហាក់ បូករួមទាំងសម្តេចផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយនៅតំបន់នេះ ផលិតនាយករដ្ឋមន្ត្រីចំនួន៣នាក់រួចទៅហើយ នៅស្រុកហ្នឹង នាយករដ្ឋមន្ត្រី អ៉ិន តាំ នាយករដ្ឋមន្ត្រី ហង្ស ធុនហាក់ នាយករដ្ឋមន្ត្រី ហ៊ុ ន សែន ស្រុកហ្នឹងបង្កើតបាននាយករដ្ឋមន្ត្រី៣នាក់ ប៉ុន្តែនាយករដ្ឋមន្ត្ត្រី២រូប ក្បត់ម្ចាស់ អ៉ិន តាំ ព្រះករុណាគាំទ្រ (ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) ឱ្យធ្វើចៅហ្វាយខេត្តតាំងពីកំពង់ចាម រហូតធ្លាក់ទៅដល់បាត់ដំបង ក្រោយមកធ្វើរដ្ឋមន្ត្រីមហាផ្ទៃ ជំនាន់ព្រះករុណា បន្ទាប់មកធ្វើរដ្ឋមន្ត្រី របស់ លន់ នល់ រួមចំណែកទម្លាក់ព្រះករុណាបិតា, ហង្ស ធុនហាក់ ក៏អញ្ចឹង ប៉ុន្តែ ហ៊ុន សែន អញ្ចឹងទេណាខុស អញ្ចឹងបាន ហ៊ុន សែន នៅបានយូរ អាហ្នឹងព្រោះខ្ញុំ អត់មានក្បត់ទៅណា គេផ្តួរព្រះករុណា កូនចៅអើយចូលព្រៃម៉ាក់គី ហ៊ុន សែន ទៅបាត់ អញ្ចឹងទេខ្ញុំអត់ត្រូវបណ្តាសាព្រះទេ»។ ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តាំទៅក្រុមអ្នកប្រឆាំងមួយចំនួនតូចដែលតែងតែដាក់បណ្តាសាឱ្យសម្តេចឆាប់ស្លាប់ សូមមើលពីវង្សត្រកូលរបស់សម្តេចឱ្យច្បាស់ គឺសុទ្ធតែអ្នកដែលមានអាយុវែង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងកាន់តំណែងនាយករដ្ឋមន្រ្តី ទាំងបច្ចុប្បន្ន និងទៅអនាគត ដរាបណាប្រជាពលរដ្ឋ នៅតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសម្ដេច។ នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានថ្លែងថា បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ទុកឱ្យព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដឹកនាំ មិនដឹងថា កម្ពុជារីកចម្រើនដល់ណានោះទេ? បន្ថែមពីនេះសមត្ថភាពកសាងនៅសម័យសង្គមរាស្ត្រនិយម គឺអស្ចារ្យណាស់។ តែសមិទ្ធផលកម្ពុជា មាននាពេលបច្ចុប្បន្ន គឺជាសមិទ្ធផលដែលទើបកើតមានក្រោយរបបខ្មែរក្រហម៕
Read more

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...