Monday, August 3, 2020

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យខណ្ឌទាំង១៤ ចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពប្រមូលផ្ដុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញណែនាំមួយដល់រដ្ឋបាលខណ្ឌទាំង១៤ ចំណុះឱ្យរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពជួបជុំប្រមូលផ្ដុំ ដែលធ្វើឡើងគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមកកាន់រដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ សេចក្តីណែនាំនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានសកម្មភាពជួបជុំ ប្រមូលផ្ដុំតវ៉ា ទាមទារឱ្យមានការដោះលែង លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថាសកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ាខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្ដាប់ធ្នាប់ សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី ត្រង់មាត្រា៥ ដែលបានចែងថា ក្រុមបុគ្គលណាដែលមានបំណងធ្វើបាតុកម្មដោយសន្តិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ។ ទន្ទឹមនឹងនេះសកម្មភាពជួបជុំប្រមូលផ្ដុំ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ បានអនុវត្តផ្ទុយអំពីវិធានការនានា របស់អង្គការសុខភាពពិភពលោក (WHO) គោលការណ៍សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងការងារតាមដានការអនុវត្តវិធានការ ការពាររលកទីពីរ នៃការចម្លងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ។ ក្នុងន័យនេះ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដូចតទៅ៖ * រាល់ការជួបជុំប្រមូលផ្ដុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី និងស្របតាមវិធានការណែនាំនានា ស្ដីពីការបង្ការ-ទប់ស្កាត់ការរីករាលដាលការចម្លងវីរុស កូវីដ-១៩។ * រាល់សកម្មភាពជួបជុំប្រមូលផ្ដុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកថាជាទង្វើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន។ * ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈ អភិបាលខណ្ឌ ទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ទាំងឡាយ ត្រូវអនុវត្តដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕ ខាងក្រោមនេះជាសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...