Monday, May 4, 2020

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «បេសកកម្មរបស់យើងនៅដដែល នោះគឺការបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង បោះចោលនុយក្លេអ៊ែរ ដើម្បីឲ្យប្រជាជនមានអនាគតភ្លឺស្វាង»

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយពីបាត់មុខអស់រយៈពេល ២០ថ្ងៃ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបញ្ជាក់ជាថ្មី ពីគោលដៅរបស់សហរដ្ឋអាមេរិក ក្នុងការរំសាយចោលអាវុធន៊ុយក្លេអ៊ែរ ទាំងស្រុងចេញពីឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។ លោក Mike Pompeo បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC និងបន្ទាប់ពីកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅតាមតំបន់ព្រំដែនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ស្ថិតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បេសកកម្មរបស់យើង នៅតែដដែល គឺបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ពួកគេ ហើយបន្ទាប់យើងនឹងបង្កើតអនាគតដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនកូរ៉េខាងជើងទាំងអស់»។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបន្ថែមថា «នេះគឺជាអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែផ្តោតសំខាន់ចាប់តាំងពីពេលលោកឡើងកាន់តំណែងមកម្ល៉េះ ហើយយើងនឹងបន្តធ្វើវាទៀត»។ គួរជម្រាបថា ០២ថ្ងៃក្រោយ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈឡើងវិញ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីកូរ៉េខាងជើង កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ មកលើប៉ុស្តិ៍យាមមួយកន្លែងក្នុងទឹកដីកូរ៉េខាងត្បូង នៃតំបន់ពំ្រដែនអន្តរកូរ៉េ ជាហេតុជំរុញឲ្យយោធាកូរ៉េខាងត្បូង បានបាញ់តបវិញចំនួន ០២គ្រាប់។ ទោះជាយ៉ាងណា ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរងបួសនោះទេ ហើយក៏មិនបានបង្កការខូចខាតធ្ងន់ធ្ងរ ដល់ប៉ុស្តិ៍យាមនេះដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...