Thursday, September 16, 2021

BREAKING: កូរ៉េខាងជើងថាព្រឹត្តិការណ៍កាលពីថ្ងៃពុធ គឺជាការធ្វើតេស្ត «មីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង»

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា ការធ្វើតេស្តមីស៊ីលកាលពីថ្ងៃពុធម្សិលមិញនេះ គឺជាប្រភេទ «មីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង» និងអាចហោះបានក្នុងរយៈចម្ងាយ ៨០០គីឡូម៉ែត្រ ដែលទុកសម្រាប់វាយប្រហារកងកម្លាំងបរទេសណា ដែលបង្កការគំរាមកំហែង ចំពោះកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ KCNA បានចេញផ្សាយដោយដកស្រង់សម្តីរបស់លោក ផាក ចុង ឆុន (Pak Jong Chon) សមាជិកគណបក្សពលករកូរ៉េ ដែលទទួលបន្ទុកត្រួតពិនិត្យ ការធ្វើតេស្តអាវុធនេះយ៉ាងដូច្នេះថា «ប្រព័ន្ធបាញ់មីស៊ីលនៅតាមផ្លូវរថភ្លើង (railway-borne missile system) គឺជាការបង្កើនសមត្ថភាព ក្នុងការទប់ទល់ការវាយប្រហារនានា ប្រកបដោយប្រសិទ្ធភាព។ វាអាចទប់ទល់ការវាយប្រហារពហុទិសដៅព្រមៗគ្នា ពីសំណាក់កងកម្លាំងពីបរទេស ដែលបង្កការគំរាមកំហែង»។ KCNA បានឲ្យដឹងទៀតថា គ្រាប់មីស៊ីលដែលខ្លួនបានបាញ់កាលពីថ្ងៃពុធនោះ បានវាយប្រហារចំគោលដៅដូចការគ្រោងទុក នៅក្នុងដែនសមុទ្រភាគខាងកើត នៃប្រទេសកូរ៉េខាងខាងជើង ឬដែលយើងហៅថា សមុទ្រជប៉ុន (Japan Sea) នោះ។ វាជាការធ្វើតេស្តចុងក្រោយហើយដោយកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្ត មីស៊ីលគ្រូស (Cruise Missile) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលអ្នកជំនាញអះអាងថា ជាអាវុធមានលទ្ធភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន ក៏បានប្រកាសពីការចាប់សញ្ញាបាន ជុំវិញការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើងខាងលើនេះផងដែរ ដោយមានចំនួនពីរគ្រាប់។ ការធ្វើតេស្តរបស់កូរ៉េខាងជើងកាលពីម្សិលមិញ បានកើតមានឡើងក្នុងថ្ងៃតែមួយ ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីក ចេញពីនាវាមុជទឹក (SLBM) ដែលបានបង្កឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការណ៍នៅក្នុងប្រទេសកូរ៉េទាំងពីរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...