Monday, May 24, 2021

លោកស្រី ស៊ូ ជី បង្ហាញវត្តមានផ្ទាល់ជាលើកដំបូង នៅក្នុងតុលាការ ចាប់តាំងពីផ្ទុះរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

(ណៃពិដោ)៖ នៅថ្ងៃចន្ទនេះ លោកស្រី អោង សាន ស៊ូ ជី បានបង្ហាញវត្តមានផ្ទាល់ជាលើកដំបូង នៅក្នុងតុលាការ គិតចាប់តាំងតែពី រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី ត្រូវបានយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។ មេធាវីលោកស្រី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកស្រី ស៊ូ ជី មើលទៅមានសុខភាពល្អធម្មតា ហើយក៏បានជួបពិភាក្សា ទល់មុខគ្នា ជាមួយក្រុមមេធាវីលោកស្រី រយៈពេលប្រមាណជា៣០នាទីផងដែរ មុនចូលបង្ហាញខ្លួនចំពោះតុលាការ។ ក្នុងជំនួបជាមួយក្រុមមេធាវី លោកស្រី ស៊ូ ជី បានជូនពរឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់ មានសុខភាពល្អ ហើយលោកស្រី ក៏បានលើកឡើងពាក់ព័ន្ធគណបក្សលោកស្រី ដែលអាចនឹងត្រូវរំលាយចោល ក្នុងពេលឆាប់ៗថែមទៀតផង ដោយថាគណបក្ស នឹងស្ថិតក្នុងដួងចិត្តប្រជាជនជានិច្ច ព្រោះវាបង្កើតឡើងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា លោកស្រី ស៊ូ ជី ស្ថិតក្នុងចំណោមមនុស្សជាង ៤,០០០នាក់ ដែលត្រូវបានឃាត់ខ្លួន ចាប់តាំងពីរដ្ឋប្រហារបានផ្ទុះឡើង ហើយលោកស្រីប្រឈមការចោទប្រកាន់ពីបទល្មើសជាច្រើន រួមមានចាប់ពីការកាន់ឧបករណ៍ទាក់ទងខុសច្បាប់ រហូតដល់ការបំពានច្បាប់ការពារកិច្ចការសម្ងាត់រដ្ឋ។ យោធាមីយ៉ាន់ម៉ា បានទម្លាក់រដ្ឋាភិបាលលោកស្រី ហើយឡើងកាន់អំណាច ក្រោមការចោទប្រកាន់ថា មានការបន្លំក្នុងការបោះឆ្នោត ដែលគណបក្សលោកស្រីទទួលជ័យជម្នះ កាលពីខែវិច្ឆិកា ឆ្នាំមុន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...