Sunday, May 17, 2020

ទស្សនៈមិត្តអ្នកអាន៖ ជឿជាក់ថា ខ្មែរអាចធ្វើបាន!

ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជា បានខិតខំព្យាបាលអ្នកជំងឺកូវីដ-19នៅកម្ពុជា បានជាសះស្បើយដោយជោគជ័យ១០០%ហើយក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-19សរុប១២២នាក់ ដែលបានរកឃើញនៅកម្ពុជា។ ជោគជ័យនេះ គឺជាដំណឹងដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជាមោទនភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះបីជារលកនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-19នេះ នៅបន្តកើតមានក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក និងមិនទាន់ព្យាបាលជា១០០%ដូចនៅកម្ពុជាក្តី ក៏ប្រទេសកម្ពុជា បានឈានមុខគេក្នុងការទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈបំផុត។ លទ្ធផលដ៏គួរជាទីមោទនៈនាពេលនេះ វាមិនមែនជារឿងទទួលបានមកដោយចៃដន្យនោះទេ តែគឺពិតជាលទ្ធផលដែលបានមកដោយការគិតគូរហ្មត់ចត់ ម៉ឺងម៉ាត់ និងឈ្លាសវៃរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងពិតប្រាកដ តាមរយៈការដាក់ចេញនូវការអនុវត្តនូវវិធានការបន្ទាន់នានាទៅតាមស្ថានភាពចាំបាច់ និងជាក់ស្តែងនៅតាមដំណាក់នីមួយៗ។ ក្នុងនោះរួមមានដូចជា៖ ដំណាក់កាលទី១ ការកំណត់កម្រិតស្ថានភាពភ័យខ្លាចនៅក្នុងដំណាក់កាលដំបូងរបស់ពលរដ្ឋចំពោះមុខនៃការរាតត្បាតតាមរយៈការអប់រំខាងស្មារតី និងព័ត៌មានបំពុល ដែលមិនមែនជាការភ័យខ្លាចដោយសារជំងឺ ប៉ុន្តែវាជាជំងឺនៃការភ័យខ្លាចជ្រុលហួសហេតុទៅវិញ។ ក្នុងន័យនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រេចចិត្តហ៊ានអញ្ជើញទៅបំពេញទស្សនៈកិច្ចនៅប្រទេសចិនជាទីកន្លែងផ្ទុះឡើងនៃជំងឺកូវីដ-19 និងបន្ទាប់មកបានអនុញ្ញាត្តិឱ្យនាវាទេសចរណ៍ខ្នាតយក្យ Westerdam ដែលមានផ្ទុកអ្នកទេចរណ៍ជាង២ពាន់នាក់អាចចូលចតនៅកំពង់ផែកម្ពុជា ខណៈដែលមានប្រទេស និងដែនកោះចំនួន៦ មិនអនុញ្ញាតឱ្យនាវានេះចូលចតនៅកំពង់ផែប្រទេសខ្លួនឡើយដោយភ័យខ្លាចហួសហេតុពីការឆ្លងនៃជំងឺកូវីដ-19នេះ។ ជាលទ្ធផល នៅក្នុងដំណាក់កាលដំបូងនៃការពង្រឹងស្មារតីនោះនិស្សិតខ្មែរដែលកំពុងសិក្សា និងជាប់គាំងនៅតំបន់ផ្ទុះជំងឺដំបូងត្រូវបានទទួលការយកចិត្តទុកដាក់ថែទាំពីមហាមិត្តចិន ហើយពួកគេមានភាពកក់ក្តៅនឹងនរក្នុងចិត្ត និងគ្មាននិស្សិតខ្មែរណាម្នាក់ឆ្លងជំងឺ និងស្លាប់ឡើយ។ ក្រុមនិស្សិតទាំងអស់នៅប្រទេសចិនបានកោតសរសើរនូវភាពក្លាហាន និងវីរៈភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈដំណើរទស្សនៈកិច្ចនាពេលនោះ។ ចំណែកឯលទ្ធផលនៃការអនុញ្ញាត្តិឱ្យនាវា វេសធ័រដាម (Westerdam)ចូលចតវិញបានធ្វើឱ្យកិត្តិស័ព្ទរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺពេញសកលលោក តាមរយៈការថ្លែងអំណរគុណរបស់អ្នកទេសចរណ៍ជាង២ពាន់នាក់ដែលជាប់គាំងលើនាវាផង និងលិខិតថ្លែងអំណរគុណពីថ្នាក់ដឹកនាំប្រទេសជាង៥២ ដែលមានពលរដ្ឋគេត្រូវបានសង្គ្រោះចេញពីនាវាជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាផង។ ដំណាក់កាលទី២ គឺការផ្ទុះឡើងនៃជំងឺកូវីដ-19 ដែលជាករណីនាំជំងឺចូលពីក្រៅប្រទេសត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការឆាប់រហ័សបំផុតតាមរយៈ ការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19 ការដឹកនាំអនុវត្តនូវផែនការយុទ្ធសាស្ត្រក្នុងការបង្ការ ការពារ ទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺ ការគ្រប់គ្រងផលប៉ះពាល់ទាំងខាងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងកម្រិតជាតិ និងអន្តរជាតិជាដើមប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុតដែលធ្វើឱ្យប្រទេសជាតិនៅតែបន្តមាននិរន្តរភាព និងមានលំនឹងស្ថានភាពសេដ្ឋកិច្ចសង្គមរហូតមកដល់បច្ចុប្បន្ន។ ដំណាក់កាលទី៣ គឺអ្វីដែលត្រូវបានចាត់ទុកថាខ្មែរអាចធ្វើបាននោះគឹ បើទោះបីជាមានការវាយតម្លៃរបស់ស្ថាប័នបរទេស និងបុគ្គលមួយចំនួនតូចក្នុងគំនិតបែបទុទិដ្ឋិនិយមថាប្រទេសកម្ពុជាអាចនឹងត្រូវឆ្លងជំងឺកូវីដ-19 នេះក្នុងចំនួនច្រើន ដោយលើកឡើងថាដោយសារប្រព័ន្ធសុខាភិបាលកម្ពុជានៅមានភាពទន់ខ្សោយនោះ គឺជារឿងដែលខុសស្រឡះ។ ជាក់ស្តែង មកដល់ពេលនេះក្រុមគ្រូពេទ្យជួរមុខកម្ពុជា បានធ្វើការខិតខំព្យាបាលអ្នកជំងឺកូវីដ-19ទាំង១២២នាក់ ដោយយកចិត្តទុកដាក់រហូតបានជាសះស្បើយទាំងអស់ជាស្ថាពរ។ ក្នុងន័យនេះ យើងអាចវាយតម្លៃបានថា ប្រទេសតូច មានសេដ្ឋកិច្ចមិនទាន់រឹងមាំ និងប្រព័ន្ធសុខាភិបាលមិនទាន់ទំនើប មិនប្រាកដថាមិនទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-19នោះទេ ជាក់ស្តែងគឺខ្មែរអាចធ្វើបាន ខ្មែរមានមគ្គុទេសន៍ដឹកនាំប្រទេសដែលគួរឱ្យទុកចិត្តបាន ហើយដែលធ្លាប់បានសង្គ្រោះប្រជាជនកម្ពុជាបានជាច្រើនហេតុការណ៍នាពេលកន្លងមក និងសុទ្ធតែទទួលបាននូវជោគជ័យគ្រប់កាលៈទេសៈទៀតផង។ ជារួម លទ្ធផលដែលក្រុមគ្រូពេទ្យជួរមុខកម្ពុជាសម្រេចបានក្នុងការព្យាបាលអ្នកជំងឺកូវីដ-19នៅកម្ពុជា បានជាសះស្បើយដោយជោគជ័យ១០០% ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-19សរុប១២២នាក់នាពេលនេះ គឺពិតជាដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ផ្តើមពង្រឹងខឿនសេដ្ឋកិច្ចជាតិសារជាថ្មីឡើងវិញ។ ម្យ៉ាងវិញទៀត មេរៀននៃជំងឺកូវីដ-19នេះក៏ជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា ក្នុងការផ្លាស់ប្តូរផ្នត់គំនិតអំពីអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដែលពីមុនប្រជាជនកម្ពុជានៅមានការយល់ដឹងតិចតួចអំពីបញ្ហាអនាម័យខ្លួនប្រាណជាប្រចាំថ្ងៃនេះ។ទោះជាយ៉ាងណា ប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងអនុវត្តឱ្យបាននូវវិធានការការពារការចម្លងមេរោគឱ្យបានជាប់ជានិច្ច ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួនឱ្យស្របទៅតាមសភាពធម្មតានៃជីវភាពប្រចាំថ្ងៃ តាមបែបគន្លងថ្មី(New Normale)ក្នុងស្ថានភាពដែលប្រទេសយើង និងពិភពលោកកំពុងប្រយុទ្ធនឹងជំងឺកូវីដ-19នេះ ជាចាំបាច់ដោយត្រូវប្រកាន់យកនូវការអនុវត្តអនាម័យក្នុងការលាងដៃស្អាត ពាក់ម៉ាស់ក្នុងករណីចាំបាច់ ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្ដាស់ និងបន្តអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជាការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។ល។ សូមប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តនូវវិធានអនាម័យស្អាតតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចងចាំថា យើងមិនត្រូវធ្វេសប្រហែសចំពោះហានិភ័យនៃការឆ្លងនៃជំងឺកូវីដ-19 ជាថ្មីនោះទេ ពីព្រោះពិភពលោក និងប្រទេសជិតខាងយើងនៅមានការឆ្លងនៃជំងឺនេះនៅឡើយ ហើយដរាបណាពិភពលោកនៅមិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងការពារជំងឺនេះនៅឡើយ ហើយការចាប់យកវិធាន «ការពារប្រសើរជាងព្យាបាល» គឺនៅតែជាជម្រើសដ៏ល្អប្រសើរបំផុតសម្រាប់ខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងដែលជាមោទនៈភាពរបស់ខ្មែរ ដូចពាក្យ « ជឿជាក់ថា ខ្មែរអាចធ្វើបាន!»៕ ដោយ៖ ពង្ស សុក្រឹត្យ
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...