Monday, October 25, 2021

លោក ហ៊ុន ម៉ានី៖ «វិសោធនកម្ម រដ្ឋធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ គឺដើម្បីផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ» (Video inside)

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហោះខ្លឹមសារលើទំព័រ Facebook ផ្លូវការរបស់លោកថា «វិសោធនកម្ម គឺដើម្បីផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»។ ខ្លឹមសារនេះត្រូវបានបង្ហោះ ខណៈដែលរដ្ឋសភាកំពុងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី៖ *ទី១៖ មាសសុទ្ធមិនខ្លាចភ្លើង ជាការបញ្ជាក់យ៉ាងច្បាស់ចំពោះមុខប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ពីការតាំងចិត្ត និងការដាក់ចិត្តមួយ ថ្លើមមួយ មិនមានរារែកណាមួយ ក្នុងការដាក់តម្កល់ និងបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនដោយឥតលក្ខខណ្ឌ។ មិនថា កន្លងមក បច្ចុប្បន្ន និងតទៅអនាគត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី ប្តេជ្ញាការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រកាន់នយោបាយការបរទេស ឯករាជ្យ សន្តិសហវិជ្ជមាន ដែលអាចនិយាយមួយបែបទៀតថា ជាកិច្ចសហប្រតិបត្តិការផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងផ្អែកទៅលើនយោបាយ ឈ្នះ ឈ្នះ សម្រាប់ប្រទេស និងប្រជាជនរៀងៗខ្លួន។ *ទី២៖ គួររំលឹកដែរថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាពិសេសនៅក្នុងដំណាក់កាលដែលលំបាកបំផុតក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានតែរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា របស់គណបក្សប្រជាជនទេ ដែលបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះប្រទេស និងប្រជាជន ហើយបានបន្តដឹកនាំដោយមានការចូលរួមពីឥស្សរជនទាំងក្នុង និងក្រៅប្រទេស ដែលមានឆន្ទៈចូលរួមអភិវឌ្ឍប្រទេសជាតិពិតប្រាកដ។ គណបក្សប្រជាជន តម្កល់ផលប្រយោជន៍ជាតិជាចម្បងនៅគ្រប់កាលៈទេសៈ ជាពិសេស សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានឧត្ដមគតិ និងសមត្ថភាព មកចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជន និងចក្ខុវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ *ទី៣៖ វិសោធនកម្មគឺដើម្បី «ផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»។ ការចែងក្នុងច្បាប់កំពូលរបស់ប្រទេសយើងឲ្យបានច្បាស់ដោយតម្រូវឲ្យតួនាទីកំពូលទាំង៤ ដែលជាតួនាទីមានសិទ្ធិសម្រេចជោគវាសនា និងមាគ៌ាប្រទេសជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ គឺមានគោលដៅតែមួយគត់ គឺការដាក់ចិត្ត និងតាំងចិត្តបម្រើប្រទេស និងប្រជាជនខ្មែរដោយឥតលក្ខខណ្ឌ ក្នុងនោះមិនឲ្យបរទេសមួយណាយកគំនិត ឬផលប្រយោជន៍នយោបាយរបស់ប្រទេសផ្សេងមកជះឥទ្ធិពលទៅលើសិទ្ធិសម្រេចក្នុងតួនាទីទាំង៤។ ហេតុអ្វីទៅជាមានការមិនគាំទ្រ ហើយមានប្រតិកម្ម និងការអធិប្បាយផ្សេងៗជាបន្តបន្ទាប់ ហាក់បីដូចជាចង់ការពាររឿងអនុញ្ញាតឲ្យតួនាទីទាំង៤ មានសញ្ជាតិលើសពីមួយ ដែលអាចឲ្យបរទេសជះឥទ្ធិពលមនោគមន៍វិជ្ជារបស់គេ មកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ តើពាក្យថា បម្រើប្រទេសជាតិដោយឥតលក្ខខណ្ឌនិយាយបាន តែធ្វើមិនបានឬយ៉ាងណា? តើមិនអាចលះបង់សញ្ជាតិផ្សេង ដើម្បីបម្រើប្រជាជនខ្លួនឯងដោយឥតលក្ខខណ្ឌឬយ៉ាងណា?៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...