Monday, November 8, 2021

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលចង់ហៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកវិញ គឺជាអ្នកចង់ហៅបរទេសមកគ្រប់គ្រងខ្មែរ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អ្នកដែលចង់ហៅកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ១៩៩១ មកអនុវត្តវិញ គឺជាអ្នកចង់ហៅបរទេសមកគ្រប់គ្រងកម្ពុជា។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កុំភ្លេចឱ្យសោះ អ្នកដែលចង់ហៅឱ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកគ្របដណ្តប់វិញ អ្នកកំពុងហៅបរទេសមកត្រួតត្រាកម្ពុជា សារជាថ្មី»។ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ដែលគេស្គាល់ជាទូទៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលរហូូតមកដល់ពេលនេះ មានអាយុកាលឆ្នាំ៣០ហើយ។ ផ្តើមចេញជំនួបជាលើកដំបូងរវាងសម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នៅ Fère en Tardenois ប្រទេសបារាំង កម្ពុជាបានឈានទៅដល់ការចុះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមាន៖ ក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១៖ រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២៖ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣៖ ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ បានបង្កើតអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ (អ៊ុនតាក់ ) ដោយបានបំពេញបេសកកម្មពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ដើម្បីស្ដារប្រទេសជាតិឡើងវិញ តាមរយៈការរៀបចំការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា នៅខែឧសភា ឆ្នាំ១៩៩៣។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អ៊ុនតាក់ចាប់ផ្តើមភារកិច្ចគ្រប់គ្រងកម្ពុជា ចាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតដល់សភាធម្មនុញ្ញ ក្លាយជាសភាជាតិ។ សម្តេចបន្ថែមថា «អ្នកត្រូវមើលទាក់ទងនឹងចំណុចនេះមួយ បើអ្នកជាខ្មែរ ហើយជាមនុស្សមិនមែនជាតិរច្ឆាន»។ សម្តេចបន្តថា SNC (ក្រុុមប្រឹក្សាជាតិជាន់ខ្ពស់) ជាប្រភពអំណាចតែមួយគត់ ប៉ុន្តែ SNC ត្រូវធ្វើការតាមកុងសង់ស៊ីស ក្នុងករណីគ្មានកុងសង់ស៊ីស ប្រធាន SNC ត្រូវធ្វើការសម្រេចដោយគិតគូរលើគំនិតអ្នកដទៃ ក្នុុងករណីមិនអាចសម្រេចបាន ប្រធានអ៊ុនតាក់ជាអ្នកសម្រេច។ «អញ្ចឹងអ្នកមានសិទ្ធិសម្រេចធំជាងគេ ជំនាន់អ៊ុនតាក់ មិនមែនព្រះករុណាបិតាទេ គឺអ៊ុនតាក់តើ ហើយប្រធានអ៊ុនតាក់ជានរណា គឺសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខទើបបញ្ជាបាន»។ នេះជាការបន្ថែមរបស់សម្តេចតេជោ។ សម្តេចបានបន្តថា៖ «រដ្ឋធម្មនុញពេលនេះ ព្រះមហាក្សត្រព្រះអង្គធំជាងគេ ម៉េចក៏ចង់ហៅគេមកត្រួតត្រាឡើងវិញ បើអ្នកមិនមែនជាតិរច្ឆាន ហើយម្យ៉ាងទៀត អ៊ុនតាក់បានចប់ភារកិច្ចហើយ អង្គការសហប្រជាជាតិបានចប់ភារកិច្ចហើយ»។ អ៊ុនតាក់បានបញ្ចប់ភារកិច្ចរបស់ខ្លួន បន្ទាប់ពីកម្ពុជា បានបោះឆ្នោតលើកដំបូង និងបង្កើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់ជាតិ។ រដ្ឋធម្មនុុញ្ញបានចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា «បើចង់ហៅបរទេសមកត្រួត អ្នកឯងក៏ប្រឈមនឹងច្បាប់ ហើយបើចង់ឱ្យកិច្ចព្រមព្រៀងប៉ារីស ត្រឡប់មកវិញ ក៏ត្រូវគាស់កងកម្លាំងប្រដាប់អាវុធ៤ភាគីមកវិញដែរ។ ប៉ុន្តែពេលនេះ អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស មានចំនួនតិចតួចប៉ុណ្ណោះ»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...