Tuesday, November 5, 2019

របាយការណ៍ប្រចាំរបស់អាមេរិក «ចាត់ទុកកូរ៉េខាងជើងជារដ្ឋគាំទ្រភេរវកម្ម» នាំឲ្យកូរ៉េខាងជើងចេញមុខទាត់ចោលភ្លាមៗ!

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានថ្កោលទោសសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកទីក្រុងព្យុងយ៉ាង «ជារដ្ឋគាំទ្រអំពើភេរវកម្ម» ក្នុងរបាយការណ៍ប្រចាំឆ្នាំមួយរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក ស្តីពីអំពើភេរវកម្មសម្រាប់ឆ្នាំ២០១៨ ឈ្មោះកូរ៉េខាងជើងស្ថិតក្នុងចំណោមបណ្តាប្រទេសដែលអាមេរិកចាត់ទុកថា បានបន្តធ្វើការគាំទ្រដល់សកម្មភាពភេរវកម្ម។ ប្រការនេះបានធ្វើឲ្យក្រសួងការបរទេសកូរ៉េខាងជើង ចេញមុខប្រតិកម្មតបវិញថា សហរដ្ឋអាមេរិកកំពុងតែបន្តប្រើគោលនយោបាយបង្កហេតុ ចំពោះទីក្រុងព្យុងយ៉ាងដដែល និងបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងប្រឆាំងដាច់ខាតចំពោះការរីករាលដាលនៃអំពើភេរវកម្ម ឬក៏ចំពោះការគាំទ្រសកម្មភាពដ៏អាក្រក់ៗទាំងនោះ។ យោងតាមរបាយការណ៍ខាងលើ កូរ៉េខាងជើងត្រូវបានអាមេរិកចាត់ទុក «ជារដ្ឋគាំទ្រភេរវកម្មកាលពីឆ្នាំ១៩៨៨» ដោយសារមូលហេតុចម្បង គឺកូរ៉េខាងជើងមានជាប់ពាក់ព័ន្ធក្នុងករណីបំផ្ទុះគ្រាប់លើយន្តហោះ របស់អាកាសចរណ៍កូរ៉េខាងត្បូង Korean Air កាលពីឆ្នាំ១៩៨៧។ កាលពីឆ្នាំ២០០៨ ឈ្មោះកូរ៉េខាងជើងត្រូវដកចេញវិញ ក៏ប៉ុន្តែត្រូវបានសហរដ្ឋអាមេរិក ចាត់បញ្ចូលមកវិញកាលពីឆ្នាំ២០១៧។ គួរជម្រាបថា កូរ៉េខាងជើងបានយល់ព្រមចូលរួមចរចា ស្តីពីកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េជាមួយសហរដ្ឋអាមេរិក ចាប់តាំងតែពីឆ្នាំ២០១៨ ប៉ុន្តែអ្វីៗបានធ្លាក់ក្នុងភាពស្រពិចស្រពិល បន្ទាប់ពីជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ចប់ទៅដោយភាពបរាជ័យនៅវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារតែការខ្វែងគំនិតគ្នា ជុំវិញបញ្ហាទណ្ឌកម្មលើកូរ៉េខាងជើង។ កាលពីខែតុលាកន្លងទៅនេះ ការជួបពិភាក្សារវាងក្រុមមន្រ្តីកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅស៊ុយអែត ក៏ហាក់មិនទទួលបានលទ្ធផលវិជ្ជមានអ្វីដែរ ខណៈកូរ៉េខាងជើងចង់ឲ្យអាមេរិក ឈប់អនុវត្តគោលនយោបាយបង្កហេតុប្រឆាំងមកលើខ្លួន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...