Thursday, April 19, 2018

ចិន ពេញចិត្តសហការជាមួយកម្ពុជា ក្នុងការចាប់ជនជាតិខ្លួន ដែលប្រព្រឹត្តបទល្មើសលើទឹកដីខ្មែរ​ ហើយបញ្ចូនត្រឡប់ទៅវិញ

Credit: Fresh News

(ភ្នំពេញ)៖ នៅចំពោះមុខ​ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ អគ្គនាយកកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងសន្ដិសុខសាធារណៈចិន លោក LIAO JINRONG ​​បានសម្ដែងនូវការអរគុណ ដល់កងកម្លាំងនគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបង្ក្រាបជនជាតិចិន ដែល​ប្រព្រឹត្តិបទល្មើសនៅកម្ពុជា ​ហើយបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។ លោក LIAO JINRONG ក៏បានប្រកាសជំហរថា ខ្លួនបានត្រៀមសហការជានិច្ចជាមួយកម្លាំងអនុវត្តច្បាប់របស់កម្ពុជា ដើម្បីចាប់រាល់ជនជាតិចិនទាំងអស់ ដែលប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា ហើយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ នេះបើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារ និងសម្ដែងគួរសមរបស់លោក LIAO JINRONG ជាមួយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នាព្រឹក​មិញនេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា​ «គាត់ចូលជួបសម្ដែងការគួរសម ជាមួយឯកឧត្តមអគ្គស្នងការ ហើយគាត់រំលឹកឡើងវិញខ្លះ ពីកិច្ចសហប្រតិបត្តិការល្អ ដែលអគ្គស្នងការតែងតែជួយ ក្រសួងសន្ដិសុខសាធារណៈចិន ក្នុងការបង្ក្រាបបទល្មើស ពិសេសជនជាតិចិននៅកម្ពុជា [...] ចិននឹងបន្ដខិតខំប្រឹងប្រែងសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាបន្ដទៀត ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ប្រទេសទាំង២»។ អគ្គនាយកកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៃក្រសួងសន្ដិសុខសាធារណៈចិន ក៏បានបញ្ជាក់ថា សម្រាប់អ្នកវិនិយោគចិន ដែលកំពុងតែមករកស៊ីនៅប្រទេសកម្ពុជា ដាច់ខាតត្រូវតែគោរពច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីរបស់កម្ពុជា ហើយប្រសិនមានជនជាតិចិនណាធ្វើខុសច្បាប់ ​លោកជំរុញឲ្យបង្ក្រាបដោយមិនឲ្យមានការយោគយល់នោះទេ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា កម្ពុជា ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែបន្ដ​​ស្មារតីសហការល្អ ជាមួយក្រសួងសន្ដិសុខសាធារណៈចិន ដើម្បីរួមគ្នាការពារផលប្រយោជន៍នៃប្រទេសទាំង២​។ ដោយឡែកសម្រាប់បញ្ហាជនជាតិចិន នៅខេត្តព្រះសីហនុវិញ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន ឲ្យដឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែរៀបចំផែនការវិធានការ ដើម្បីផ្ដោតទៅរក្សាសន្ដិសណ្ដាប់ធ្នាប់ ច្បាស់លាស់រឹងមាំ សុវត្ថិភាពនៅខេត្តសេដ្ឋកិច្ចមួយនេះផងដែរ ហើយកម្ពុជា​ប្ដេជ្ញាថា នឹងបន្ដបង្កើនការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីបង្រ្កាបបទល្មើសផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...