Monday, November 8, 2021

BREAKING: រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេចផ្លូវការ អនុញ្ញាតឲ្យរៀបចំពិធីមង្គលការ និងពិធីសាសនាផ្សេងៗ ដោយមានអ្នកចូលរួមយ៉ាងច្រើន២០០នាក់

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្លូវការអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម២០០នាក់ ក្នុងមួយពិធី។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ក្នុងប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅរាជធានីភ្នំពេញ ដោយកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ក្នុងមួយពិធី ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ»។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការកំណត់ចំនួនអ្នកចូលរួមយ៉ាងច្រើនបំផុតត្រឹម ២០០នាក់ ក្នុងមួយពិធីខាងលើនេះ គឺសំដៅទៅលើក្រុមគ្រួសារម្ចាស់កម្មវិធី សាច់ញាតិ និងភ្ញៀវកិត្តិយសដែលត្រូវបានអញ្ជើញចូលរួម។ ដោយឡែក ចុងភៅ ក្រុមភ្លេង និងអ្នកបម្រើការក្នុងកម្មវិធីមិនត្រូវបានរាប់បញ្ចូលឡើយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់កម្មវិធី ត្រូវមានទីតាំងឯកជនសមស្រប សម្រាប់រៀបចំពិធីអាពាហ៍ពិពាហ៍ ឬពិធីបុណ្យប្រពៃណីផ្សេងទៀត និងត្រូវដាក់ពាក្យស្នើសុំរៀបចំកម្មវិធី ជូនមករដ្ឋបាលខណ្ឌ នៃទីតាំងប្រារព្វជាមុនសិន ដើម្បីពិនិត្យ និងសម្រេចជូន។ ម្ចាស់កម្មវិធី ត្រូវចុះកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌនៃទីតាំងប្រារព្ធ ដើម្បីទទួលខុសត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដា ស្តីពីការរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ (SOP) របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ គឺកាតព្វកិច្ចពាក់ម៉ាស (លើកលែងពេលទទួលទានអាហារ-ភេសជ្ជៈ) កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសពីការអនុញ្ញាតឲ្យរៀបចំពិធីមង្គលការនេះផងដែរ ប៉ុន្ដែត្រូវកំណត់ឲ្យមានភ្ញៀវចូលរួមត្រឹម២០០នាក់ប៉ុណ្ណោះ។ ការសម្រេចជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឲ្យរៀបចំពិធីមង្គលការឡើងវិញនេះ បន្ទាប់ពីផ្អាកជាច្រើនខែដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែដោយសារពេលនេះ ស្ថានភាពអាចគ្រប់គ្រងបាន និងធូរស្រាលឡើងវិញ ទើបសម្ដេចអនុញ្ញាតឲ្យរៀបចំពិធីឡើងវិញតែម្ដង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...