(ខេត្តកំពត) ៖ សណ្ឋាគារឡឺបូកគោផាឡេស ដែលរចនាម៉ូដដោយវិស្វករបារាំង និងអ៊ីតាលីនៅក្នុងសម័យកាលប្រទេសបារាំងធ្វើអាណាព្យាបាលមកលើប្រទេសកម្ពុជា ដែលបើកសម្ពោធជាលើកដំបូងនៅឆ្នាំ១៩២៥ និងលើកទី២ ក្នុងសម័យសម្តចព្រះបរមកោដ នរោត្តម សីហនុ ឆ្នាំ១៩៦២ តែបានបោះបង់ឬទុកចោលវិញក្នុងសម័យសង្គ្រាម ថ្មីៗនេះត្រូវធ្វើការកែលម្អលាបថ្នាំ និងតុបតែងឡើងជាថ្មី អស់រយៈពេលអស់ជាច្រើនខែកន្លងទៅហើយគ្រោងបើកដំណើរលើកទី៣ ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាថ្មី នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនសុខាអូតែល កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឱ្យដឹងថាសណ្ឋាគារឡឺបូកគោផាឡេស (Le Bokor Palace) សាងសង់លើផ្ទៃដីជាង១ហិកតា មានកម្ពស់៤ជាន់ស្មើនឹង៣៦បន្ទប់ ដែលមានអាយុកាលជិត១០០ឆ្នាំ (១៩២៥-២០១៨) មានទីតាំងស្ថិតនៅចន្លោះតំបន់ព្រៃត្រូពិច និងឆ្នេរសមុទ្របៃតង លើឧទ្យានជាតិព្រះមុនីវង្សបូកគោ ក្បែរក្រុងកំពតសម្រាប់បម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍ ។
សណ្ឋាគារត្រូវបានបើកឡើងវិញនៅដើមឆ្នាំ១៩៦២ ដោយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុដែលផ្តល់សេវាកម្មជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយវាក៏ជាកន្លែងវិស្សមកាលដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ចូលចិត្តជាទីបំផុត ។
លោក FRUGERE F. Philippe អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារឡឺបូកគោផាឡេស បានបញ្ជាក់ថា ក្រោយពីជួសជុលរួចរាល់ សំណង់អគារអាណានិគមដ៏ធំស្កឹមស្កៃនេះ នឹងត្រូវបានបើកសម្ពោធជាថ្មីម្តងទៀតនាពេលខាងមុខនេះ។ វាមានបន្ទប់ស្នាក់នៅនឹងបន្ទប់ស្វីតដ៏ប្រណិតចំនួន៣៦បន្ទប់ ភោជនីយដ្ឋានចំនួន២ ដែលបង្ហាញនូវប្រណិតភាព នៃសណ្ឋាគារនេះនាសម័យអតីតកាល ចុងភៅស្វីស និងខ្មែរបានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុន និងម្ហូបអាហារគ្រួសាររាជវង្សខ្មែរ ជាមួយនឹងបន្លែសរីរាង្គនិងគ្រឿងផ្សំថ្មីស្រស់ ដែលដាំនៅក្បែរចំការបន្លែ។ ឈ្មោះសណ្ឋាគារឡឺ បូកគោផាឡេស ត្រូវបានរក្សាទុកក៏ដូចជាការរក្សាទុកនូវប្រវត្តិសាស្ត្រ នៃអាណានិគម និងព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ។
គួរបញ្ជាក់ថា សំណង់អគារអាណានិគមសេសសល់ ដែលនៅតែអាចមើលឃើញនាពេលបច្ចុប្បន្ន រួមមានផ្ទះជប៉ុន ព្រះវិហារកាតូលិក វត្តសំពៅប្រាំ ដំណាក់ស្លាខ្មៅ ដំណាក់ស្តេច សាលាក្រុង និងសំណង់អគារអាណានិគមជាច្រើនទៀត ដែលមានស្ទើរតែគ្រប់ទីកន្លែង និងតែងតែត្រូវបានគ្របដណ្តប់ដោយអ័ព្ទ។ ទន្ទឹមនឹងនេះភ្ញៀវទេសចរដែលស្នាក់នៅសណ្ឋាគារឡឺបូកគោផាឡេស ដែលត្រូវបានគេស្គាល់ថា ជារមណីយដ្ឋានសុខភាពបែបធម្មជាតិ ក៏អាចទៅទស្សនាបឹងលើភ្នំដ៏ស្រស់ត្រកាល ទឹកជ្រោះពពកវិលដ៏ស្រស់ស្អាតថ្មដែលបង្កើតជារូបរាងខុសៗគ្នាជាច្រើននៅវាលស្រែ១០០ និងរូបរាងដ៏អស្ចារ្យ នៃនិមិត្តរូបច្រកទ្វាររវាងឋានសួគ៌ និងឋានមនុស្ស៕
ដោយ៖រស្មីកម្ពុជា
0 comments