Sunday, May 17, 2020

សហរដ្ឋអាមេរិក ព្រមានដាក់ទណ្ឌកម្ម ICC បើហ៊ានស៊ើបអង្កេតបទ «ឧក្រិដ្ឋកម្មសង្រ្គាម» ប្រព្រឹត្តដោយ​ អ៉ីស្រាអែល លើប៉ាឡេស្ទីន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ថាអាចនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ធ្ងន់ធ្ងរពីសំណាក់សហរដ្ឋអាមេរិក បើសិនជាហ៊ានបើកការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងអ៉ីស្រាអែល។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Times Of Israel នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។ ការព្រមានបែបនេះរបស់លោក ប៉ុមប៉េអូ កើតមានឡើងបន្ទាប់ពីរដ្ឋអាជ្ញានៃតុលាការ ICC បានសម្រេចចិត្តថានឹងចាត់ទុកប៉ាឡេស្ទីន ជារដ្ឋមួយមានសិទ្ធិដាក់ពាក្យបណ្ដឹង ដែលត្រូវបានគេរំពឹងថា អាចជាពាក្យបណ្ដឹងស្នើឱ្យមានការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលប៉ាឡេស្ទីនផ្ទាល់ចោទថាអ៉ីសា្រអែល បានប្រព្រឹត្តនៅក្នុងតំបន់ West Bank និងតំបន់ Gaza Strip។ លោក ប៉ុមប៉េ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) ដូច្នេះថា៖« សហរដ្ឋអាមេរិក យល់ថាប៉ាឡេស្ទីនមិនមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងនាមជារដ្ឋអធិបតេយ្យមួយនោះទេ...ហើយសហរដ្ឋអាមេរិក នៅតែប្រកាន់ជំហរដដែលដោយ ជំទាស់នឹងរាល់ការស៊ើបអង្កេតដោយខុសច្បាស់របស់ ICC។ ដូច្នេះបើ ICC នៅតែបន្តជម្នះចង់បើកការស៊ើបអង្កេត នោះ ICC នឹងត្រូវជួបផលវិបាកធ្ងន់ធ្ងរ»។ គួរជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ សមាជិកសភាអាមេរិកមួយក្រុម មកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានផ្ញើលិខិតមួយច្បាប់ជូនលោក ប៉ុមប៉េអូ ដោយជំរុញឱ្យលោកការពារអ៉ីស្រាអែល ប្រឆាំងរាល់ការស៊ើបអង្កេតរបស់ ICC ដែលពួកគេចោទថាជាស្ថានប័ននយោបាយ មិនមែនជាស្ថាប័នយុត្តិធម៌ ឬតុលាការ នោះទេ។ ម្យ៉ាងវិញទៀត នេះមិនមែនជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិក ព្រមានដាក់ទណ្ឌកម្ម ICC ពោលគឺកាលពីឆ្នាំ២០១៩ ទីក្រុងវ៉ាស៊ីនតោន ក៏បានព្រមាន ក៏ដូចជាដាក់ទណ្ឌកម្មលើចៅក្រម និងរដ្ឋអាជ្ញាធរ ICC ជាច្រើនរូបផងដែរ ដោយសារតែការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលគេចោទថាយោធាអាមេរិក បាន ប្រព្រឹត្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...