Saturday, April 4, 2020

សុំកុំនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ប្រសិន​បើ ក្នុងកាលៈទេសៈតម្រូវ ដើម្បីគ្រប់គ្រងស្ថានការណ៍ ដែលកំពុងទទួលរងប៉ះពាល់ដល់សន្តិសុខប្រទេស ឬ សុខមាលភាពរបស់ប្រជាជនក្នុងប្រទេសទាំងមូល។ ជាការពិត ប្រទេសកម្ពុជាមិនអាចគេចផុតពីផលប៉ះពាល់ពីការផ្ទុះរីករាលនៃមេរោគកូវីដ១៩នេះបានទេ ខណៈពេលដែលពិភពលោកទាំងមូលបាន និងកំពុងទទួលរងការឈឺចាប់ និងទទួលមហន្តរាយដល់ទាំងជីវិតមនុស្សរាប់សែននាក់ និងទាំងបានបង្ករផលប៉ះពាល់មកលើសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសនានាដ៏មហិមា ដែលស្ទើរទប់ទល់មិនបានពីការផ្ទុះឡើងនៃមេរោគកូវីដ១៩នេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកកំពុងតែស្ទើរអស់សង្ឃឹមលើវិធានការគ្រប់គ្រង និងទប់ស្កាត់ ការពារមិនបានពីការវាយលុកនៃមេរោគកូវីដ១៩ដ៏កំណាចក្នុងប្រវត្តិមនុស្សលោក និងជាមហាវិនាសកម្មដ៏ឈឺចាប់ និងមហាសោកស្តាយរបស់មនុស្សជាតិចាប់តាំងពីការបញ្ចប់នៃសង្រ្គាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥។ សម្រាប់ពិភពលោកបានចាត់ទុកការផ្ទុះរីករាលនៃមេរោគកូវីដ១៩ នៅទូទាំងពិភពលោក ថាជាប្រធានស័ក្តិធម្មជាតិ ដែលមើលមិនឃើញទុកជាមុន និងដែលមិនអាចទប់ទល់បានសម្រាប់ពិភពលោកទាំងមូល ដែលចាំបាច់ប្រទេសនីមួយៗត្រូវបានកាលៈទេសៈតម្រូវឱ្យអនុវត្តវិធានការពិសេសតាមលក្ខណៈពិសេសខុសៗគ្នា ឬ ដូចគ្នាតាមលក្ខណៈនៃស្ថានភាពជាក់ស្តែង ដែលកំពុងទទួលរងផលប៉ះពាល់ពីការញាំញីដោយមេរោគកូវីដ១៩នេះ ក្នុងគោលបំណងច្បាស់លាស់ក្នុងការគ្រប់គ្រងស្ថានការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតមួយនេះ។ ក្នុងករណីនេះ ការដាក់ប្រទេសក្នុងភាពអាសន្នមិនមែនជារឿងចម្លែកអ្វីឡើយ ខណៈពេលដែលប្រទេសជាតិមួយត្រូវរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ឬ ដោយសង្រ្គាម។ល។ តើអ្វីទៅជាគ្រោះធម្មជាតិ ឬ ប្រធានស័ក្តិធម្មជាតិ? តើហេតុអ្វីត្រូវដាក់ប្រទេសក្នុងភាពអាសន្ន? តើគេអាចនិយាយពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឬទេ ខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន? ជាការពិតប្រទេសកម្ពុជាមិនអាចជាប្រទសមួយដែលនឹងអាចគេចផុតពីការប៉ះពាល់ដោយការផ្ទុះរីករាលដាល់នៃមេរោគកូវីដ១៩ ដែលជាបញ្ហាសាកលប្រឈមរួមបានឡើយ។ ការផ្ទុះរីករាលដាលនៃមេរោគនេះ គឺ ពិតជាបាតុភូតធម្មជាតិលើសលប់ហួសពីការដែលពិភពលោកស្ទើរមិនអាចទប់ទល់បាន។ នេះគឺជាប្រធានស័ក្តិមួយដែលពិភពលោកបានមើលមិនឃើញ និងផលប៉ះពាល់បង្ករឡើងដោយមេរោគកូវីដ១៩នេះ។ ក្នុងរយៈពេលចុងក្រោយថ្មីៗ បណ្តាប្រទេសមួយចំនួនក្នុងភិពភលោកបានសម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវមួយនេះ ក្នុងគោលដៅដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទៅ។ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការយ៉ាងត្រឹមត្រូវបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩នេះ ពិសេស ចុងក្រោយនេះ រដ្ឋាបាលបានស្នើសេចក្តីព្រាងច្បាប់មួយស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដែលជាការតៀ្រមរៀបចំដ៏ត្រឹមត្រូវ និងសំខាន់បំផុត ក្នុងការការពារអាយុជីវិតទូទៅរបស់ប្រជាជន មិនមែនជាលេស ឬ ជាឧបករណ៍នយោបាយដើម្បីបង្រ្កាប និងរិតត្បិតសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ ជាការពិតទៅ ក្នុងកាលៈទេសៈចាំបាច់ ហើយតម្រូវដាក់ប្រទេសក្នុងគ្រាអាសន្ននោះ វាមិនចម្លែកពេកទេដែលគេនិយាយអំពីសិទ្ធិសេរីភាពត្រូវរឹតត្បិតក្នុងកំរិតមួយចាំបាច់ក្នុងច្បាប់និងពេលវេលាចាំបាច់កំណត់ច្បាស់លាស់ ដើម្បីការពារអាយុជីវិតមនុស្ស និងសន្តិសុខ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅរបស់ប្រទេស។ យើងបានយល់ដឹងថា ស្ថានភាពក្នុងគ្រាអាសន្ន គឺ ជាស្ថានការណ៍មួយ ដែលរដ្ឋាភិបាលមួយត្រូវបានផ្តល់អំណាចពិសេសតាមច្បាប់ ដើម្បីចាត់វិធានការពិសេស ឬ គោលនយោបាយពិសេស ដែលតាមធម្មតា វិធានការបែបនេះមិនងាយត្រូវបានអនុញាតដោយច្បាប់ឡើយ។ រដ្ឋាភិបាលមួយអាចប្រកាសស្ថានភាពបែបនេះ បានសម្រាប់តែក្នុងកាលៈទេសៈពិសេសដែលជាបាតុភូត ឬ ការគ្រោះថ្នាក់ធំដល់ប្រទេសជាតិ ដែលគេមើលមិនឃើញជាមុន ដូចជាករណី គ្រោះធម្មជាតិ (Natural Disaster)ចលាចលសង្គម (Civil Unrest) ជម្លោះប្រដាប់អាវុធ(Armed Conflict)ជម្ងឺឆ្លង ឬ ហានិភ័យខាងសន្តិសុខជីវសាស្រ្ត(Biosecurity Risk)។ ក្រុមជនអគតិមួយចំនួន មិនគួរចិញ្ចឹមគំនិតប្រឆាំងផ្កាប់មុខ ជ្រុលហួសហេតុ ធ្វើជាមិនយល់ដឹងកាលៈទេសៈពិសេសក្នុងគ្រាដែលប្រទេសកើតអាសន្នមិនអាចគ្រប់គ្រងបាន ហើយដែលរដ្ឋាភិបាលមួយចាំបាច់ត្រូវប្រកាស់អាសន្ន ដើម្បីគ្រប់គ្រងស្ថានការណ៍ទូទៅរបស់ប្រទេស។ ជាទូទៅគេគួរបានយល់ដឹងថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចាំបាច់ក្នុងរយៈពេលមួយកំណត់ច្បាស់លាស់បំផុតក្នុងកាលៈទេសៈតម្រូវចាំបាច់បំផុត ដើម្បីធ្វើឱ្យបហ្រជាជនទូទៅបានយល់ដឹងជាមុន និងដើម្បីធ្វើឱ្យប្រជាជនទៅទូអាចផ្លាស់ប្តូរឥរិយាបថធម្មតាប្រចាំថ្ងៃរបស់ពួកគេ សម្រាប់ស្ថានភាពពិសេស ក្នុងគ្រាប្រទេសមានអាសន្ន។ ការដាក់ប្រទេសក្នុងគ្រាអាសន្នមិនមែនជាការដាក់ចេញនូវវិធានការផ្តាច់ការឃោឃៅ ក្នុងមូលហេតុនយោបាយនោះទេ។ ផ្ទុយទៅវិញ ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺ ជាវិធានការពិសេសតម្រូវឱ្យពលរដ្ឋទូទៅត្រូវចូលរួមគោរពអនុវត្តច្បាប់ពិសេស និងសិទ្ធិសេរីភាពមួយចំនួនរបស់ពលរដ្ឋត្រូវបានកំរិតក្នុងស្ថានភាពពិសេស ក្នុងកាលៈទេសៈពិសេសដែលត្រូវបានកំណត់ច្បាស់លាស់ ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋទូទៅ ពិសេស រក្សាការពារសន្តិសុខ និង សណ្តាបធ្នាប់ទូទៅរបស់ប្រទេស។ ដូច្នេះ ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺមានគោលដៅជាអាទិភាពដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋទូទៅ ពិសេស រក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទូទៅ មិនមែនជាវិធានការ ឬ ឧបករណ៍នយោបាយដើម្បីបង្រកាប ឬ បំបិទសិទ្ធិសេរីរបស់ពលរដ្ឋនោះឡើយ។ ជារួមសូមកុំនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន ក្នុងស្ថានភាពពិសេស ក្នុងពេលកំណត់ច្បាស់លាស់ ពីព្រោះ ប្រទេសនីមួយៗមានផលប៉ះពាល់មិនដូចគ្នាទេ ហើយវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នក៏មិនដូចគ្នាដែរ។ យ៉ាងណាក៏ដោយក្រុមជនអគតិប្រឆាំងផ្កាប់មុខ មិនគួរធ្វើការអត្ថាធិប្បាយអាក្រក់ហួសហេតុ ក្នុងការធ្វើប្រជាភិថុតិដើម្បីកេងចំណេញខាងនយោបាយយ៉ាងល្ងង់ខ្លៅបានឡើយ៕ ដោយ ឡុង បូរីតា
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...