Sunday, December 15, 2019

អំណោយសៀវភៅរបស់សម្ដេច ហ៊ុន សែន ទាក់ទាញអ្នកអានរាប់ម៉ឺននាក់

(ភ្នំពេញ)៖ អំណោយជាសៀវភៅរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានរូបសម្ដេចកាន់សៀវភៅ «ក្រមង៉ុយ និងអ៊ូ ចុង» នៅក្របខាងមុខ បានទាក់ទាញអ្នកនិយមអានសៀវភៅរាប់ម៉ឺននាក់ ទោះជាពួកគាត់ត្រូវព្យាយាមឈរតម្រង់ជួរ និងចំណាយពេលវេលាក៏ដោយ ពោលគឺធ្វើយ៉ាងណាឲ្យតែទទួលបានសៀវភៅជាអំណោយទាំងនោះ ទោះជាពុំបានជួបសម្តេចដោយផ្ទាល់ក៏ដោយចុះ។ សៀវភៅបីចំណងជើងខុសៗគ្នា៖ ស្រីហិតោបទេស ក្រមង៉ុយ និង អ៊ូ ចុង ត្រូវបានចែកជូនជាចំណងដៃដល់អ្នកនិយមអានសៀវភៅ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៥ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅឯបណ្ណាល័យជាតិកម្ពុជាក្បែរវត្តភ្នំ ។ លោក សុខ បញ្ញា អាយុ ៥២ ឆ្នាំ មុខរបររត់ម៉ូតូកង់បី បានថ្លែងថា «បន្ទាប់ពីឮគេផ្សាយតាមសារព័ត៌មានថា សម្ដេច ហ៊ុនសែន ចែកសៀវភៅក្រមង៉ុយនិងអ៊ូចុង ខ្ញុំក៏រួសរាន់ប្រញាប់មកទីនេះដើម្បីបានសៀវភៅទាំងពីរនេះយកទៅទុកអានខ្លួនឯងផង និងដើម្បីទុកឲ្យកូនៗបានអានផង»។ «ខ្ញុំចង់ឃើញមេដឹកនាំដែលមានសណ្តានចិត្តដ៏ល្អបែបនេះ ។ កាយវិការដ៏ប្រពៃបែបនេះ ជាពិសេសការលើកកម្ពស់វិស័យសិក្សាធិការខ្ញុំគិតថាពិតជាសំខាន់ណាស់ ព្រោះវាអាចជួយឲ្យគ្រួសាររួចចាកផុតពីក្តីក្រលំបាកដូចខ្ញុំសព្វថ្ងៃនេះដោយសារតែការរៀនសូត្រមិនបានជ្រៅជ្រះនឹងគេ»។ លោក សុខន តារាពី តំណាងឲ្យក្រុមការងារមកពីសហព័ន្ធយុវជនកម្ពុជាដែលស្ម័គ្រចិត្តជួយរៀបចំចែកសៀវភៅទាំងនោះបានជម្រាបជូនថា «ក្នុងចំណោមសៀវភៅទាំងបីចំណងជើង សៀវភៅក្រមង៉ុយនិងសៀវភៅអ៊ូចុង ដែលមានរូបសម្ដេចតេជោហ៊ុនសែននៅក្របខាងមុខ ត្រូវបានបងប្អូនដែលនិយមអានសៀវភៅទទួលយកអស់ជាង២ម៉ឺនក្បាល អស់មុនគេ ដោយឡែកសៀវភៅស្រីហិតោបទេសដែលសរសេរថាជាអំណោយរបស់សម្តេច ហ៊ុន សែន ត្រូវបានចែកអស់ជិត២ម៉ឺនក្បាល។ នេះដោយសារតែការកម្រិតចំនួនផង បើពុំនោះទេ ទោះជាមានរាប់ម៉ឺនក្បាលទៀតក៏មិនគ្រប់តម្រូវការដែរ តែពួកគាត់អាចមានឱកាសទទួលបាននៅឆ្នាំក្រោយទៀត»។ នេះជាឆ្នាំទី២ហើយដែលសម្ដេចតេជោ ហ៊ុន សែន បានធ្វើអំណោយជាសៀវភៅទាំងបីចំណងជើងខាងលើ ដល់ពលរដ្ឋខ្មែរ ជាពិសេសជូនដល់បងប្អូនដែលជាអ្នកនិយមអានសៀវភៅ ដើម្បីពង្រីកការអានឲ្យកាន់តែទូលំទូលាយទូទាំងប្រទេស ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...