ក្នុងនាមជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លោក ហេង សំរិន បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។ លោកបានលើកឡើងពីសារ:សំខាន់ របស់ស្រ្តីនៅក្នុងសង្គម នៅពេលដែលមានការរីកចម្រើនខ្លំាងផ្នែកបច្ចេកវិទ្យា និងសំណូមពរឱ្យ APPF បន្តផ្តោតអារម្មណ៍ និងបង្កើនកិច្ចសហការប្រឹងប្រែងរបស់យើងទ្វេរដងច្រើនឡើងថែមទៀត ដើម្បីសម្រេចឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសម្រចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គោលដៅទី៥ របស់អង្គការសហប្រជាជាតិ។
ទន្ទឹមនឹងនេះ លោក ហេង សំរិន បានស្នើឱ្យមានយន្តការតាមដាន វាយតម្លៃនិងរៀនសូត្រអំពីសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី សំដៅបង្កើនការចូលរួមរបស់ស្រ្តីក្នុងទីផ្សារពលកម្ម និងចាប់យកឱ្យបាននូវតំណែងជាអ្នកដឹកនំា ក៏ដូចជាការជំរុញឱ្យស្រ្តីចូលរួមនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកនយោបាយ និងកសាងនូវយន្តការគាំពារសុវត្ថិភាពសង្គមចំពោះស្រ្តីនិងក្មេងស្រី។
ជាមួយការលើកទឹកចិត្តដល់កិច្ចប្រជុំពិភ្សាគ្នាដោយបើកចំហ ដើម្បីដោះស្រាយបញ្ហារួម លោក ហេង សំរិន បានផ្តល់អនុសាសន៍មួយចំនូន ដូចជាបង្កើតឱ្យមានក្រុមការងារសម្រាប់សិក្សាអំពីផលប៉ះពាល់ នៃបដិវត្តន៍ឧស្សាហកម្ម ទី៤ ជាពិសេសផលប៉ះពាល់មកលើស្រ្តី និងក្មេងស្រី ដែលអាចទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗទំាងនោះ មានគោលនយោបាយអប់រំប្រកបដោយចីរភាព និងទូលំទូលាយ និងត្រូវបែងចែកថវិការដ្ឋឱ្យបានច្រើនសម្រាប់ជំរុញការអប់រំស្រី្តវ័យក្មេង នៅក្នុងវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា(ស្ទែម)។ លើសពីនេះទៅទៀត លោក បានស្នើឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងអប់រំមូលដ្ឋាន សម្រាប់ក្មេងស្រី ដែលរស់នៅតំបន់ដាច់ស្រយាល និងងាយរងគ្រោះ ។ រាល់ប្រព័ន្ធគាំពារសង្គមទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ដល់ស្រ្តី និងក្មេងស្រី។
តាមរយៈវេទិកានេះ លោក ហេង សំរិន បានអំពាវនាវឱ្យបង្កើនភាគរយសមាជិកភាពជាស្ត្រី ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងវិស័យឯកជន។ សូមជម្រាបថាកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ជាកិច្ចប្រជុំមួយក្នុងចំណោមវិស័យនានាដែលកិច្ចប្រជុំប្រចំាឆ្នាំ APPF ត្រូវលើកមកជជែកពិភាក្សា៕


0 comments