នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលរួមបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។
ការប្រកាសបើកជាផ្លូវជាផ្លូវការនៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧នេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកសភាមកពីប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំនួន២១។ ក្នុងពិធីបើកកិច្ចប្រជុំនៅថ្ងៃស្អែកនេះ ក្រៅពីការថ្លែងសុន្ទរកថាបើកដោយលោក ហេង សំរិន ក៏មានការថ្លែងសុន្ទរកថាគន្លឹះដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោក ហេង សំរិន ដែលជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីសម្រេចការងារសំខាន់ៗមួយចំនួនរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ស្អែកនេះ។
គណៈប្រតិភូ APPF ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិចូលរួមកិច្ចប្រជុំព្រឹកមិញនេះមាន ប្រទេសកម្ពុជា កាណាដា អូស្រ្តាលី ជប៉ុន ឈីលី ឡាវ ម៉ុងហ្គោលី រុស្ស៊ី ឥណ្ឌូណេស៊ី។
សូមជម្រាបថា សភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព»។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាបណ្តុំស្ថាប័ននីតិប្បញ្ញត្តិមួយ ដែលបង្កើតឡើងក្នុងគោលបំណងជំរុញសុខសន្តិភាព និងការអភិវឌ្ឍដោយចីរភាព។ APPF បានបង្កើតនៅឆ្នាំ១៩៩៣ នៅក្នុងប្រទេសជប៉ុន បច្ចុប្បន្នមានសមាជិកចំនួន ២៧ប្រទេស។ សភាកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិ នៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ដើម្បីចូលរួមស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោក ហេង សំរិន ក្នុងសារស្វាគមន៍លើគេហទំព័រកិច្ចប្រជុំនៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា កិច្ចប្រជុំវេទិកាសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាតំបន់មួយ ប្រកបដោយថាមពល ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសសម្រាប់សមាជិក សភាតំបន់មកជួបជុំគ្នាដើម្បីកំណត់ និងពិភាក្សា លើបញ្ហាមួយចំនួន នឹងនាំយកបញ្ហាទាំងនោះទៅពិភាក្សាក្នុងក្នុងបរិបទសាកល។ វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងផ្តល់ឱកាសសម្រាប់សមាជិកសភា នៃ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យការវិវត្តថ្មីៗ ខាងផ្នែកនយោបាយសង្គម និង វប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច៕


0 comments