នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងផែនការ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួបលោក Alexandre Huynh ប្រធានអង្គការ FAO ប្រចាំកម្ពុជា ស្តីពីការរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីគម្រោងអនុវត្តអង្កេតកសិកម្ម និងការអង្កេតចន្លោះជំរឿនកសិកម្ម នៅកម្ពុជាឆ្នាំ២០១៩។
ក្នុងជំនួបនេះ លោក Alexandre Huynh បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និងអង្គការ FAO ក្នុងកិច្ចព្រមព្រៀងស្តីពីគម្រោងអនុវត្តអង្កេតកសិកម្ម និងការអង្កេតចន្លោះជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០១៩នេះ លោកនឹងជំរុញអនុវត្តឱ្យសម្រេចបានជោគជ័យ។ បន្ថែមពីការផ្តល់ជំនួយថវិកា និងបច្ចេកទេសនេះ អង្គការ FAO នឹងខិតខំព្យាយាមប្រឹងប្រែងបន្ថែមទៀត ស្វែងរកដៃគូរផ្តល់ជំនួយអភិវឌ្ឍន៍ដទៃទៀត ដើម្បីជួយដល់ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន អោយរីកចម្រើនថែមទៀត។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានថ្លែងនូវការសាទរ ស្វាគមន៍ ក្នុងនាមក្រសួងផែនការ ចំពោះការផ្តល់ការគាំទ្រពីសំណាក់ អង្គការFAO ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់គម្រោងអនុវត្តជំរឿនកសិកម្ម និងការអង្កេតចន្លោះជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា ក្នុងសហប្រតិបត្តិការអនុវត្តគម្រោងអង្កេតខាងលើនេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានទទួលគោលការណ៍អនុញ្ញាត ចុះហត្ថលេខាកិច្ចព្រមព្រៀង ស្តីពីការអនុវត្តអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៩ ជាមួយអង្គការ FAO ដោយពន្ធ និងអាករផ្សេងៗ ជារបស់រដ្ឋ និងការធានាចំណាយឥណទានថវិកាបដិភាគចំនួន២៦៦,០០០ដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា (២០%) សម្រាប់គាំទ្រការអនុវត្តអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩។ គម្រោងអនុវត្តអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ត្រូវបានគ្រោងចំណាយថវិកាសរុបចំនួន១,៣១៥,៨៦៧ ដុល្លារអាមេរិក ក្នុងនោះអង្គកា រFAO ចូលរួមថវិកាចំនួន១,០៤៩,៨៦៧ ដុល្លាអាមេរិក សម្រាប់ជំហ៊ានដំបូងនេះ។
ការអនុវត្តគម្រោងអង្កេតកសិកម្មខាងលើ គឺចាំបាច់ត្រូវការសហប្រតិបត្តិការបច្ចេកទេស ពីអង្គការFAO ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដើម្បីឱ្យលទ្ធផលទិន្នន័យអង្កេតកសិកម្មមានប្រសិទ្ធភាព ប្រកបដោយគុណភាពខ្ពស់ ដែលអាចជឿជាក់បានសម្រាប់ប្រើប្រាស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ គាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម៕


0 comments