នៅពេលដែលមជ្ឈដ្ឋានប្រឆាំងមានបំណងចង់ឲ្យជប៉ុនគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការចរចានយោបាយជាមួយខ្មោចបក្សប្រឆាំង ដោះលែងមេក្បត់ជាតិ និងបានចូលរួមបោះឆ្នោតតំណាងរាស្ត្រនាខែកក្កដា ខាងមុខនេះ បែរជាជប៉ុនមិននិយាយអ្វីមួយម៉ាត់ដល់បញ្ហានយោបាយនៅកម្ពុជា ។ ផ្ទុយទៅវិញ ជប៉ុនបានប្តេជ្ញាពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងសហប្រតិបត្តិការ ព្រមទាំងសន្យាផ្តល់ជំនួយបន្ថែមឲ្យកម្ពុជាដើម្បីជំរុញឲ្យកម្ពុជាបានឈានពីឋានៈប្រទេសដែលមានចំណូលមធ្យមកម្រឹតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នាឆ្នាំ២០៣០ ។ ទន្ទឹមនឹងនេះ ជប៉ុននៅតែបន្តជំនួយឲ្យគជប ដើម្បីដំណើរការបោះឆ្នោតដោយរលូន ប្រកបដោយប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទះរបស់ប្រជាជនកម្ពុជា ។
ជំហរដ៏ល្អចំពោះប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន របស់ជប៉ុននាពេលនេះតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញច្បាស់ថាជប៉ុនគិតគូពីប្រជាជនកម្ពុជាជាអាទិភាពចំបង ហើយមិនរវីរវល់នឹងអតីតៈបក្សប្រឆាំងនិងអ្នកនយោបាយប្រឆាំង ដល់តិចតួចឡើយ ។ ជាចំណងដៃក្នុងដំណើរទស្សនកិច្ចនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តមបានចុះហត្ថលេខាផ្តល់ជំនួយ៩០ លានដុល្លាអាមេរិកឲ្យកម្ពុជា ។ គោលជំហររបស់ជប៉ុនបែបនេះ គឺជាការវាយសំពងក្បាលពួកប្រឆាំង ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសជាការឆ្លើយតបទៅនឹងការទៅឱបដៃឱបជើងជប៉ុនរបស់កូនស្រី កឹម សុខា កាលពីពេលថ្មីៗនេះ ៕

0 comments