ស្វាយរៀង៖ ថ្លែងក្នុងពិធីបិទសន្និបាតគណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា Facebook គឺជាកាំបិតមុខពីរតែង តែផ្សព្វផ្សាយព័ត៌មានពិត និងមិនពិត ជាពិសេសរដូវកាលបោះឆ្នោតជិតនឹងចូលមកដល់។
ឯកឧត្តមបន្តថា ប្រជាពលរដ្ឋទូទៅតែងតែទទួលបាននូវព័ត៌មាននៃការឃោសនាផ្សេងៗ ដែលឃោសនាខ្លះ គឺជាសន្យាទាំងប្រថុយប្រថានបែបបោកប្រាស់ និងថែមទាំងបានបង្កប់ន័យផ្តល់ផលប្រយោជន៍បញ្ឆោត ជាថ្នូរនៃការគាំទ្ររបស់បក្សផ្ទាល់ខ្លួន។
ឯកឧត្តមបន្តថា គេតែងតែដើរបំភ្លៃការពិត តាមគ្រប់រូបភាព បង្កចលាចលសង្គម និងបង្អាប់ជាតិឯង តែទោះជាយ៉ាងណាយើងសង្ឃឹមជឿជាក់ទៅលើយុវជនអ្នកខេត្តស្វាយរៀង ជាពិសេសបងប្អូនបងសកម្មជនយុវជននៅតាមមូលដ្ឋានទាំងអស់ អាចធ្វើការ បែងចែកបានយ៉ាង ច្បាស់នូវអ្វីជាភាពដែលអាចទៅរួចនៅក្នុងសច្ចៈភាពពិតប្រាកដ អ្វីជាការបោកប្រាស់ ហើយអ្វីដែលយើងទទួលបានពិត និងកំពុងមានពិត។ យើងអាចធ្វើការសិក្សាអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គម ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលបានកំពុងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍគ្រប់វិស័យ និងធ្វើឱ្យប្រជាជនរស់នៅក្នុងភាពសុខសាន្ត និងមានជីវភាពធូរធា។
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនក្រុមការងារយុវជន ទាំងអស់ដែលកន្លង មក រហូតមកដល់ពេលនេះ និងថ្ងៃអនាគត តែងតែផ្តល់យុតិ្តធម៌ ជំនឿ សេចក្តីស្រលាញ់ និងការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា និងសូមអរគុណដល់ថ្នាក់ដឹកនាំ ក្រុមការងារ គណៈពង្រឹង ក្រុមការងារយុវជនទាំងអស់ ចំពោះទឹកចិត្ត ឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គ ឧត្តមរបស់ បងប្អូនក្នុងការជួយដល់យុវជន និងប្រជាជនទូទៅតាមមូលដ្ឋានរបស់ខ្លួន ដែលនេះគឺជា ប្រភពកម្លាំង ចលករដ៏មានសារសំខាន់ និងបានធ្វើឱ្យគណបក្សកាន់តែមានលទ្ធភាពថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនយើងនៅគ្រប់ទិសទី៕






0 comments