Credit: រស្មីកម្ពុជា
ភ្នំពេញ: ជនសង្ស័យម្នាក់ចូលទៅធ្វើសកម្មភាពកាច់សោកម៉ូតូមិនទាន់បានសម្រេចផង ត្រូវប្រជាពលរដ្ឋឃើញទាន់ស្រែកផ្អើលឆោឡោ និងនាំគ្នាព័ទ្ធចាប់វាយជនសង្ស័យរហូតសន្លប់ស្ដូក។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលខាងកើតផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ករណីនេះ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ដើម្បីជៀសវាងស្ថានការណ៍កាន់តែធ្ងន់។
ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងស្ថានភាពរបួសសន្លប់ ដោយសារការស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋមួយដៃមួយជើងម្នាក់ រហូតដល់សន្លប់។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឃើញឃើញជនសង្ស័យចូលទៅម្តុំផ្ទះជួលនៅចំណុចខាងលើ ហើយធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ពលរដ្ឋ តែអ្នកនៅក្បែរនោះឃើញទាន់ស្រែកផ្អើលឆោឡោ និងនាំគ្នាមកព័ទ្ធចាប់បានស្វាគមន៍ទៅលើជនសង្ស័យ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់បញ្ឈប់សកម្មភាព។
ជនសង្ស័យក្រោយពីប្រជាពលរដ្ឋវាយឲ្យរងរបួសធ្ងន់ សមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង រង់ចាំដឹងខ្លួនស្រួលបន្តិច ទើបនាំជនសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕



0 comments