Credit: រស្មីកម្ពុជា
ភ្នំពេញៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ នាវាដឹកអ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានទទួលដឹកអ្នកដំណើរចំនួនសរុប ២.៨២៦នាក់។ការធ្វើដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនេះ មិនគិតថ្លៃរហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។សេវាដឹកជញ្ជូនផ្លូវទឹកមួយនេះបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី៤ខែមេសា។ យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ បានផ្តល់ការគាំទ្រចំពោះការបើកដំណើរការនាវាដឹកអ្នកដំណើរតាមផ្លូវ និងបានចូលរួមការធ្វើដំណើរនេះ។ លោក ហែន មុនីរ័ត្ន ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ បានឱ្យរស្មីកម្ពុជាដឹងកាលពីរសៀលថ្ងៃទី១៩ ខែ មេសា ថា លោកបានជិះកាណូតពីតាខ្មៅ មកផ្សារចាស់ ដើម្បីមករកទិញឥវ៉ាន់ ដោយមិនមានគិតថ្លៃទេហើយមានមនុស្សជិះច្រើន ខ្លះជិះកម្សាន្ត និងខ្លះទៀតមានការងារ»។លោកបន្តថា«ការធ្វើដំណើរតាមកាណូតនេះ ងាយស្រួល លឿន និងអត់ស្ទះចរាចរណ៍ ខុសពីការជិះម៉ូតូដែល ចំណាយពេលយូរ ក្តៅ និងស្ទះចរាចរណ៍»។ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅខេត្តកណ្តាលនេះ ឆ្លងកាត់ស្ថានីយរង់ចាំអ្នកដំណើរចំនួន៦កន្លែង មានដូចជា៖ កំពង់ផែព្រែកព្នៅ កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ កំពង់ផែផែបណ្តែត កំពង់ផែណាហ្គា កំពង់ផែភូមិដើមចាន់ច្បារអំពៅនិងកំពង់ផែសួនច្បារតាខ្មៅ។ប៉ុន្តែក្នុងដំណាក់កាលសាកល្បងនេះពុំឆ្លងកាត់ កំពង់ផែព្រែកព្នៅនិងកំពង់ផែភូមិដើមចាន់ច្បារអំពៅ ព្រោះស្ថានីយទាំងពីរកំពុងរៀបចំ។សេវាកម្មដឹកអ្នកដំណើរគឺពីម៉ោង៥កន្លះព្រឹកដល់៥កន្លះល្ងាច៕



0 comments