Credit: Fresh News
(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រទេសកម្ពុជា-ថៃ បានឯកភាពគ្នាដំឡើងច្រកចំនួន៤ទៀត នៅជាប់ព្រំដែនប្រទេសទាំងពីរ ឱ្យក្លាយទៅជាច្រកអន្តរជាតិ មានលក្ខណៈទ្រង់ទ្រាយធំជាងមុខ នៅពេលខាងមុខនេះ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមបណ្តោយព្រំដែន។
ច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៤ នោះរួមមាន៖ ទី១៖ច្រកភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ។ ទី២៖ច្រកអានសេះ ក្នុងខេត្តព្រះវិហារ កម្ពុជាទល់នឹងច្រកអានម៉ា ខេត្តកេតវ័នឡាសុថានី ប្រទេសថៃ។ ទី៣៖ ច្រកជប់គគី ក្នុងខេត្តឧត្តរមានជ័យ កម្ពុជា ទល់នឹងច្រកសាយតាគូ ខេត្តបូរីរ៉ាំ ប្រទេសថៃ និងទី៤៖ ច្រកថ្មដារ ក្នុងខេត្តពោធិ៍សាត់ និងច្រកបានថាសេន ក្នុងខេត្តត្រាត។>/p>
បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត, សម្រាប់ ច្រកអន្តរជាតិភ្នំដី ក្នុងខេត្តបាត់ដំបង របស់កម្ពុជា ទល់នឹងច្រកខោឌីន ក្នុងខេត្តស្រះកែវ របស់ថៃ ភាគីទាំងពីរនឹងសម្ពោធ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ ហើយច្រកអន្តរជាតិថ្មី៣ទៀត នឹងបើកជាបន្តបន្ទាប់ទៀត។
ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា (GBC) លើកទី១៣ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ដែលកិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធាន នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៕

0 comments