នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទវិភាគមួយក្រោមចំណងជើងថា សែស្រឡាយក្បត់ជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ការសារភាព និងទទួលស្គាល់ការពិតរបស់ សម រង្ស៊ី ដែលបានជួលក្រុមហ៊ុនធ្វើការផ្នែកទំនាក់ទំនងសាធារណៈក្នុងតម្លៃ ២៥ម៉ឺនដុល្លារដើម្បីបំផ្លាញកម្ពុជានេះ គឺកាន់តែបង្ហាញច្បាស់ពីសារជាតិក្បត់ជាតិរបស់ សម រង្ស៊ី ពីកំណើតមកតែម្តង។ នេះទំនងមិនជាលើកទី១ទេដែលក្រុមអ្នកនយោបាយប្រឆាំងចំណាយលុយជួលបរទេសឱ្យបំផ្លាញខ្មែរ គាំទ្រលើយុទ្ធនាការប្រឆាំង នឹងផលប្រយោជន៍ជាតិ និងប្រជាជន។
ការជួលបរទេសបំផ្លាញខ្មែរនេះ យើងអាចមើលឃើញពីការជួលអ្នកកាសែតបរទេសមួយចំនួនដែលធ្វើការងារនៅកាសែតភ្នំពេញ ប៉ុស្តិ៍ និង ឌឹ ខេម បូឌាដេលី រួមជាមួយអតីតអ្នកកាសែត អ្នកនិពន្ធសៀវភៅពីកម្ពុជាតាំងខ្លួនជាអ្នកវិភាគនយោបាយ ដើម្បីបញ្ចេញយោបល់ និងសរសេរព័ត៌មានបំភ្លៃ បំផ្លើសពីស្ថានភាពពិតនៅកម្ពុជាដើម្បីបំភ័ន្តមតិសាធារណៈ។
ហេតុដូច្នេះហើយបានជារូបភាពកម្ពុជាមានពីរ គឺរូបភាពកម្ពុជានៅលើបបូរមាត់ជនបរទេសមួយចំនួន និងលើសារព័ត៌មានបរទេសមួយចំនួន គឺកម្ពុជាជាប្រទេសដ៏អាក្រក់បំផុត ប៉ុន្តែកម្ពុជាពិតគឺកម្ពុជាដែលពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ និងវិបុលសុខ ប្រជាជនរីករាយនឹងការរីកចម្រើនក្នុងជីវភាព។ សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំង ដោយឃុបឃិតនឹងជនបរទេសទាំងនេះបានរៀបចំរបៀបវារៈនយោបាយប្រឆាំងនឹងកម្ពុជា បំផ្លាញផលប្រយោជន៍ជាតិ ដើម្បីបំពេញមហិច្ឆតាអំណាច។ នេះជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ។


0 comments