Friday, March 23, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ជប៉ុនថា លោកបានប្រើប្រាស់វប្បធម៌ចរចាដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែបែរជាបរាជ័យជាមួយលោក សម រង្ស៊ី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ទៅសមភាគីជប៉ុនថា លោកបានទទួលបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី ខណៈដែលក្នុងជីវិតនៃការដឹកនាំរបស់លោកបានប្រើប្រាស់វប្បធម៌សន្ទនានេះ ដើម្បីបញ្ចប់ជម្លោះ និងបង្រួបបង្រួមជម្លោះផ្ទៃក្នុងរបស់ជាតិកាលពីអតីតកាល។ លោកបានថ្លែងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យលោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។

លោក Kentaro Sonoura បានលើកឡើងថា រដ្ឋាភិបាលជប៉ុនមិនជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជានោះទេ គ្រាន់តែចង់ដឹងថាតើប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពណាមួយចរចា ឬសន្ទនាជាមួយអ្នកនយោបាយអតីតបក្សប្រឆាំងដែលបានកាត់សិទ្ធិនយោបាយដែរឬទេ? នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះ។

លោក ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពន្យល់ទៅលោក Kentaro Sonoura ថា នៅកម្ពុជាមិនមានច្បាប់លើកលែងសម្រាប់អ្នកត្រូវបានកាត់សិទ្ធិនយោបាយនោះទេ ហើយក៏គ្មាននរណាហ៊ានប្រឆាំងដីការតុលាការកំពូលនោះដែរ។ លោកបន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់ជប៉ុនទៀតថាលោកបានប្រើពេលបីភាគបួននៃជីវិតរបស់លោកក្នុងចរចា និងសន្ទនាដើម្បីបញ្ចប់ជម្លោះ និងវិបត្តិរបស់កម្ពុជាកាលពីអតីតកាល ហើយលោកក៏បានព្យាយាមប្រើប្រាស់វប្បធម៌សន្ទនានេះច្រើនដងផងដែរជាមួយលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា លោកធ្លាប់បានសុំការព្រះរាជទានទោសចំនួនពីរដងដល់លោក សម រង្ស៊ី, ធ្លាប់ព្យាយាមបង្កើតវប្បធម៌សន្ទនាកាលពីឆ្នាំ២០១៤ ដោយបានហៅទាំងក្រុមគ្រួសារជួបជុំគ្នា តែបែរជាលោក សម រង្ស៊ី នៅតែបន្តវាយប្រហារលោក និងក្រុមគ្រួសារ ប្រមាថមើលងាយដល់ភារិយា និងកូនប្រុសរបស់លោកថែមទៀត ព្រមទាំងបានអំពាវនាវឱ្យកងទ័ពផ្តួលរំលំរាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រាប់លោក Kentaro Sonoura ថា ស្ថានភាពនយោបាយនៅកម្ពុជាគឺល្អប្រសើរច្រើនបើធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលមិនមានការដាក់សម្ពាធដល់ប្រទេសទាំងនោះព្រោះតែកត្តាសេដ្ឋកិច្ច។ ដោយឡែកកម្ពុជា គ្រាន់តែអនុវត្តច្បាប់បែរជាត្រូវប្រទេសលោកខាងលិចធ្វើការវាយប្រហារទៅវិញ។ លោកក៏បានប្រាប់ទៅភាគីជប៉ុនទៀតថា នៅកម្ពុជាមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ហើយក៏មានគណបក្សនយោបាយខ្លាំងៗ ដែលតាំងខ្លួនជាបក្សប្រឆាំងផងដែរ។ ក្នុងនោះលោកក៏ធ្លាប់បានផ្តល់គំនិតដល់អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលមិនបានកាត់សិទ្ធិធ្វើនយោបាយឱ្យបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងនយោបាយផងដែរ ព្រោះប្រជាពលរដ្ឋមិនមែនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់នោះទេ។

ក្រោយបានស្តាប់ការពន្យល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក Kentaro Sonoura បានសន្យាថា នឹងយកហេតុផលទាំងអស់នេះទៅប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលជប៉ុន។ លោក Kentaro Sonoura ក៏បានអះអាងដែរថា រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តន៍ច្បាប់របស់កម្ពុជា ហើយជប៉ុនក៏នៅតែគាំទ្រគ្រប់យន្តការរបស់កម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...