ម្តងហើយម្តងទៀត ក្រុមប្រឆាំងនៅកម្ពុជាដែលមាន សម រង្ស៊ី ជាមេក្លោងបានប្រើប្រាស់យុទ្ធសាស្ត្រចាស់គំរឹល ហួសសម័យ និងដ៏មានគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។
នោះគឺនយោបាយដើរពឹង ឬជួលបរទេសឲ្យបំផ្លាញជាតិ និងការចាប់យកប្រជាជនក្នុងប្រទេសខ្លួនឯងធ្វើជាចំណាប់ខ្មាំងដើម្បីតែបំរើអោយគោលដៅដណ្តើមអំណាច។ លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលងប់ងល់បំផុតជាមួយនយោបាយបំផ្លាញជាតិដ៏គ្រោះថ្នាក់នេះ។
អស់ពីរឿងមួយ ចូលដល់រឿងមួយ! សំណុំរឿងចុះកិច្ចព្រមព្រៀងប្រគល់ដីខេត្តចំនួន៤ឲ្យទៅជនជាតិម៉ុងតាញ៉ាវៀតណាមកំពុងតែក្តៅគគុក ស្រាប់តែសំណុំរឿងជួលក្រុមហ៊ុនបរទេសឲ្យបំផ្លាញកិត្តយស កេរ្តិ៍ឈ្មោះ និងបំផ្លាញសេដ្ឋកិច្ចជាតិខ្លួនឯង ក៏ត្រូវបានបកអាក្រាតដោយសារព័ត៌មានបរទេស Asia Time ។ សារព័ត៌មានបរទេសមួយនេះ បានបង្ហាញដោយមានភស្តុតាងយ៉ាងច្បាស់លាស់ថា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានចុះហត្ថលេខាជួលក្រុមហ៊ុនបរទេសមួយឈ្មោះ Berlin Rosen ក្នុងតម្លៃទឹកប្រាក់ ២៥ ម៉ឺនដុល្លារអាមេរិកដើម្បីឲ្យក្រុមហ៊ុននេះជួយប្រឌិតរឿង បំប៉ោងរឿង ហើយសរសេរអត្ថបទអាក្រក់ៗពីកម្ពុជាហើយយកទៅចុះផ្សាយក្នុងសារព័ត៌មានអន្តរជាតិធំៗ។
គោលដៅរបស់លោក សម រង្ស៊ី គឺ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីបំភាន់សហគមន៍អន្តរជាតិឲ្យមើលឃើញថាកម្ពុជាមានសភាពខ្មៅងងឹត ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញ។
ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ខ្ញុំពិតជាមានអារម្មណ៍សង្វេគ ក្តុកក្តួល ជាពន់ពេក នៅពេលឃើញចរិតអ្នកនយោបាយប្រឆាំងដើម្បីតែអំណាច ហើយសុខចិត្តធ្វើគ្រប់បែបយ៉ាងរាប់ទាំងការប្រគល់ទឹកដីប្ររទេសជាតិបស់ខ្លួនឲ្យទៅជនជាតិបរទេសរស់នៅដោយស្វ័យភាពខុសពីរដ្ឋធម្មនុញ្ញ និងហ៊ានចំណាយលុយជួលក្រុមហ៊ុនបរទេសឲ្យបំផ្លាញប្រទេសជាតិខ្លួនឯងដោយឥតញញើតកោតក្រែងបែបនេះ។
ក្នុងមួយជីវិតរបស់ សម រង្ស៊ី និងបក្សប្រឆាំងរបស់គាត់ គឺគាត់មិនដែលបានចំណាយលុយមួយកាក់មួយសេនដើម្បីកសាងសមិទ្ធផលដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនខ្មែរឡើយ។ ហេតុដូច្នេះហើយបានជាក្នុងអាជីពជាអ្នកនយោបាយជាច្រើនទសវត្សរ៍មកនេះ គេមិនដែលបានឃើញសមិទ្ធផលជាស្នាដៃរបស់សម រង្ស៊ី និងក្រុមប្រឆាំងរបស់គាត់ឡើយ សូម្បីតែអណ្តូងទឹកមួយ ឬសាលារៀនមួយបន្ទប់។
ផ្ទុយទៅវិញ សម រង្ស៊ី បានចំណាយលុយច្រើនណាស់ ក្នុងមួយឆ្នាំៗទៅលើយុទ្ធនាការបំផ្លាញកិត្តិយស កេរ្តិ៍ឈ្មោះ បំផ្លាញសេដ្ឋកិច្ចជាតិខ្លួនឯង និងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយរបស់ប្រទេស ខណៈដែលរដ្ធាភិបាលដឹកនាំដោយបុរសខ្លាំង គឺលោក ហ៊ុន សែនបានខិតខំកសាងកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ កសាងប្រទេសឡើងវិញចេញពីគំនរផេះផង់ និងខិតខំថែរក្សាសន្តិភាព និងស្ថិតភាពសង្គម ប្រៀបដូចការថែរក្សាកែវភ្នែក។ ចេតនាអាក្រក់ជួរជាតិរបស់ សម រង្ស៊ី កំពុងត្រូវបានបកអាក្រាតជាបន្តបន្ទាប់។
សំណុំរឿងពីរចុងក្រោយដូចបានលើកឡើងខាងដើមកាន់តែបង្ហាញឲ្យពលរដ្ឋខ្មែរបានឃើញច្បាស់ដោយឥតសង្ស័យថា លោក សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងយ៉ាងធ្ងន់ធ្ងរដែលមិនអាចអត់ឱនបានឡើយ។ សម រង្ស៊ី មិនញញើតក្នុងការពឹងពាក់បរទេស ឬជួលបរទេសឲ្យបំផ្លាញជាតិខ្មែរឡើយ។ សម រង្ស៊ី និងខ្សែបណ្តាញរបស់ខ្លួនមានវិទ្យុអាស៊ីសេរី និងអង្គការសង្គមស៊ីវិលមួយចំនួន និងអង្គការអន្តរជាតិខ្លះ ដែលជាអ្នកស៊ីឈ្នួល បានបំភ្លៃ ប្រឌិតព័ត៌មានអាក្រក់ៗគ្រប់បែបយ៉ាងពីកម្ពុជា។ ជាក់ស្តែង វិទ្យុអាស៊ីសេរី បានប្រឌិតព័ត៌មានយ៉ាងឥតអៀនខ្មាសស្តីពីព្រឹត្តិការណ៍ក្នុងខេត្តក្រចេះកាលពីពេលថ្មីៗនេះដោយផ្សាយខុសពីការពិតទាំងស្រុងថា មានពលរដ្ឋខ្មែរ ៨ នាក់បានស្លាប់ និង ៤០ នាក់រងរបួសដោយការបាញ់ប្រហាររបស់មសត្ថកិច្ច។ ព័ត៌មានប្រឌិតទាំងស្រុងក្នុងចេតនាអាក្រក់ជួរជាតិនេះក៏ត្រូវបាន សម រង្ស៊ី ចែកចាយ និងបំប៉ោងបន្ថែមដោយឥតអៀនខ្មាសតាមរយៈការចេញលិខិតរំលែកទុក្ខជនរងគ្រោះដែលការពិតមិនមានអ្នកណាស្លាប់ម្នាក់សោះនៅក្នុងព្រឹត្តិការណ៍ដែលគេបានបង្កើតឡើង។ រហូតមកទល់ថ្ងៃនេះ ទាំងវិទ្យុអាស៊ីសេរី ទាំង សម រង្ស៊ី នៅតែមិនកែតម្រូវព័ត៌មានប្រឌិតរបស់ខ្លួនឡើយ។
នៅពេលរឿងជួលក្រុមហ៊ុនបរទេសតម្លៃ ២៥ ម៉ឺនដុល្លារត្រូវបានសារព័ត៌មានបរទេសបកអាក្រាត ហើយ សម រង្ស៊ី ខ្លួនឯងបានទទួលសារភាពព្រោះមិនអាចប្រកែកបាន ប៉ុន្តែវិទ្យុអាស៊ីសេរីបែរជាខិតខំជួយការពារដោយខិតខំឆ្កិះកកាយរឿងផ្សេងមិនពាក់ព័ន្ធមកបិទបាំង។ មិនតែប៉ុណ្ណោះ អាស៊ីសេរី បានបើកក្បាលមេក្រូឲ្យ សម រង្ស៊ី និយាយពាសវាលពាសកាលដោយមិនចំប្រធានបទក្នុងបំណងបំភ្លៃសាធារណៈមតិ។ នេះសបញ្ជាក់ថា វិទ្យុអាស៊ីសេរីជាវិទ្យុគ្មានវិជ្ជាជីវៈ និងជាអ្នកស៊ីឈ្នួលដាច់ថ្លៃបម្រើឲ្យនយោបាយរបស់ សម រង្ស៊ី ដោយឥតអៀនខ្មាស។ កន្លងទៅនេះ ឲ្យតែជនបរទេសស៊ីឈ្នួល សម រង្ស៊ី និយាយអ្វីអាក្រក់ពីប្រទេសរបស់ខ្លួន វិទ្យុអាស៊ីសេរីក៏យកទៅបំពង និងបំប៉ោងថែមដោយឥតកោតញញើតឡើយ។
នយោបាយពឹងបរទេសដើម្បីឲ្យបំផ្លាញជាតិខ្លួនឯងព្រោះតែបុព្វហេតុចង់បានអំណាចដែលជានយោបាយដ៏គ្រោះថ្នាក់ នាំជាតិឲ្យលិចលង់ជាបន្តបន្ទាប់កាលពីអតីតកាល ត្រូវបាន សម រង្ស៊ី ចម្លងយកមកអនុវត្តរហូតដល់សព្វថ្ងៃដោយគ្មានកែប្រែសូម្បីតែបន្តិច។ ទោះបីជាប្រទេសកម្ពុជាបច្ចុប្បន្នកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាមិនចាញ់បណ្តាប្រទេសជិតខាងប៉ុន្មានក៏ដោយ ប៉ុន្តែ ក្រុមប្រឆាំងមាន សម រង្ស៊ី និងខ្សែបណ្តាញស៊ីឈ្នួល មានជនបរទេសមួយចំនួន និងវិទ្យុអាស៊ីសេរី ជាដើមនេះ នៅតែខិតខំបំភ្លៃការពិតដោយហ៊ាននិយាយកុហកទាំងស្រុងថា កម្ពុជាជាប្រទេសដ៏ខ្មៅងងឹតបំផុតមួយ។
ប៉ុន្តែ សម័យនេះអ្វីៗមិនអាស្រ័យលើមាត់ថាទេ តែជាសម័យដែលមនុស្សបានមើលឃើញនឹងភ្នែកគ្រប់ៗគ្នា។ អ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ទាំងខ្មែរ និងបរទេស រួមទាំងអ្នករស់នៅខាងក្រៅប្រទេសផងដែរ អាចមើលឃើញកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងសម្បើមមិនធ្លាប់មាន។ សច្ចៈធម៌ប្រវត្តិសាស្ត្រនេះមិនអាចត្រូវអ្នកណាកែកាឡៃបានឡើយ។ ដូច្នេះ លោក សម រង្ស៊ី និងបក្សពួកគួរតែបញ្ឈប់ជាបន្ទាន់នូវនយោបាយបំផ្លាញជាតិខ្លួនឯងដើម្បីអំណាចតទៅទៀត ពីព្រោះដរាបណា សម រង្ស៊ី កាន់តែធ្វើអំពើអាក្រក់ៗបែបនេះ សម រង្ស៊ី និងខ្សែបណ្តាញរបស់ខ្លួននឹងកាន់តែត្រូវបានគេស្គាល់មុខមាត់កាន់តែច្បាស់។ អំពើអាក្រក់ដែលអ្នកបានសាង អ្នកនឹងទទួលកម្មអាក្រក់នោះវិញដោយទាន់ហន់ ដោយមិនបាច់រង់ចាំដល់ជាតិក្រោយឡើយ។ ជាក់ស្តែង អ្វីដែលលោក សម រង្ស៊ី និងគណបក្សរបស់ខ្លួនបានទទួលរងសព្វថ្ងៃនេះគឺជាកម្មដែលគាត់បានសាងដោយខ្លួនឯង។ អំពើក្បត់ជាតិមិនអាចបិទបាំងបានឡើយ និងក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ។ អ្នកធ្វើអំពើបែបនេះនឹងឈានទៅរកភាពវិនាសអន្តរាយដល់ខ្លួនយ៉ាងពិតប្រាកដដោយចៀសមិនរួច៕

0 comments