Credit: រស្មីកម្ពុជា
ភ្នំពេញ ៖ មិនថាចាស់ឫក្មេងនៅតែចាញ់ល្បិចក្រុមទំលាក់យោង ដូចករណី នារីវ័យក្មេងម្នាក់រត់ទាំងត្រហេបត្រហប ទៅប្តឹងនគរបាលប៉ុស្តិ៍ទឹកថ្លាខណ្ឌសែនសុខ បន្ទាប់ពីចាញ់ល្បិចក្រុមទម្លាក់យោង ល្បួងនាំយកទៅធ្វើសកម្មភាពដោះដូរបានមកវិញនូវខ្សែកកាឡៃ កាលពីវេលម៉ោង១១និង៣០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងវ័យក្មេងស្រស់សោភាឈ្មោះ ម៉េត សំអូន អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិម្រាលត្នោត ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមការរៀបរាប់ពីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាង បានចេញពីធ្វើការរោងចក្រក្នុងបំណងត្រលប់ទៅបន្ទប់ជួល ខណៈកំពង់ធ្វើដំណើរតាមផ្លូវ ស្រាប់តែលេចមុខស្ត្រីជនសង្ស័យ២នាក់ ដើរមកសួរ មានរើសបានខ្សែកមាសអត់ មានគេជ្រុះបាត់ ទោះជាឆ្លើយថា មិនដឹង មិនឃើញ ត្រូវបានស្ត្រីម្នាក់ដើរមកក្បែរ ហើយពោលថា កុំមាត់មានស្ត្រីម្នាក់គេរើសបាន ហាមប្រាប់អ្នកណាឲ្យដឹងរង់ចាំយកទៅចែកគ្នាគ្រាន់តែលាស្រាយមើល ឃើញខ្សែកមាសក្រហមឆ្អៅ ពេលនោះស្ត្រីទាំង២នាក់បានថោះ កងដៃ ក្រវិល និងយកទូរស័ព្ទដៃមួយគ្រឿង ដោយប្រាប់នាងថា ចាំយកខ្សែកមាស (ខ្សែកកាឡៃ) នោះទៅលក់បានលុយចាំចែកគ្នា ហើយឲ្យរូបនាងរងចាំនៅចំណុចកើតហេតុសិន ហើយពួកគេបាននាំគ្នាជិះម៉ូតូឌុបគេចខ្លួនបាត់តែម្តង។ ចាំបាត់យូរពេកមិនឃើញមកវិញ ស្រាយថង់មើលខ្សែកមាសរបស់ក្រុមស្ត្រីសង្ស័យមើល ទើបដឹងថា ជាខ្សែកមាសកាឡៃ បានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាឲ្យជួយស្រាវជ្រាវ៕



0 comments