Monday, March 5, 2018

ប្រជាពលរដ្ឋនៅ ស្រុកមេមត់ រៀបចំពិធីចាប់ត្រីនៅចំណុចត្រពាំងក្រម ហៅបឹងធំ ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ៖ នាដើមខែមីនា ជារៀងរាល់ឆ្នាំ ជាប្រពៃណីទំនៀមទំលាប់ សំរាប់ប្រជាពលរដ្ឋនៅ ស្រុក មេមត់ តែងតែរៀបចំពិធីចាប់ត្រីនៅចំណុចត្រពាំងក្រម ដែលអ្នកនៅទីនោះតែងហៅថា បឹងធំ ដែលមានទំហំប្រហែល១០០ម៉ែត្របួនជ្រុង ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយក៏មានប្រជាពលរដ្ឋមកពីភូមិ ឃុំ ស្រុកនានា មកជួបជុំគ្នាយ៉ាងច្រើន កុះកររាប់ពាន់នាក់
ដោយអ្នកខ្លះដើរ ខ្លះជិះរទេះសេះ ខ្លះជិះរទេះគោ កង់ម៉ូតូ ឡានពេញផ្លូវតែម្ដង ដោយមានកាន់ឧបករណ៍បុរាណសំរាប់ចាប់ត្រីរួមមាន អង្រុត ឈ្នាង ឆ្នុក ត្រក ក្អុះ នៅថ្ងៃទី ០១-០២-០៣-០៤ ខែមីនា ឆ្នាំ២០១៨ ។

នៅក្នុងឱកាសនោះដែរមានទាំងចាស់ទាំងក្មេងញញឹមញញែមសប្បាយចិត្តពីចំងាយដោយពួកគាត់បានប្រាប់ថាមកចាប់លើកណាក៏មិនដែលអត់នោះដែរ គឺត្រូវតែបានតិច រឺច្រើន គឺបានគ្រប់ៗគ្នា ហើយពួកគេនាំគ្នាហ៊ោកញ្ជៀវ ពេលអ្នកណា បានត្រីធំម្ដងៗ ពេលបានមកហើយភាគច្រើនគឺបងប្អូនប្រជាពលរដ្ឋយើងធ្វើពិធីញុំាអាហារ សាមគ្គីដោយក្ដីសាមគ្គីបំផុត។
ចំពោះការចាប់ត្រីក្នុងបឹងមួយកន្លែងនេះ គឺជាទំនៀមទម្លាប់ក្នុងភូមិធ្វើតៗពីដូនតាមកម្ល៉េះ ដោយធ្វើជារៀងរាល់ឆ្នាំ ដែលមានពិធីសែនព្រេនពីម្ចាស់ទឹកម្ចាស់ដីផងដែរ ។ ហើយមុនពេលដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចុះទៅចាប់ត្រីក្នុងបឹងនេះ គឺត្រូវបានអាជ្ញាធរ និងប្រជាការពារភូមិ បានចុះការពារក្នុងត្រីក្នុងបឹងនេះមុន១ខែ ព្រោះខ្លាចមានការលួចឆក់យកត្រីមុនធ្វើពិធី ដែលខុសពីទំនៀមទំលាប់ ជាពិសេសគឺការប្រើឧបករណ៍ខុសច្បាប់តែម្តង។
បើតាម លោក អួច យឿង មេឃុំជាំក្រវៀន បានឲ្យដឹងថា ពិធីចាប់ត្រីនេះគឺយើងបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីកំសាន្ដ និងសាមគ្គីគ្នា ស្គាល់គ្នា យោគយល់គ្នា សំរាប់បឹងធំនេះ គឺមិនឲ្យអ្នកណា ប៉ះពាល់ដាច់ខាត សំរាប់តែពិធីចាប់ត្រី១ឆ្នាំម្ដងតែប៉ុណ្ណោះអ្នកណាក៏ចាប់បានដែរតែដាច់ខាត ត្រូវប្រើឧបករណ៍បុរាណ។

គួរបញ្ជាក់ថា ពិធីចាប់ត្រីនៅត្រពាំងក្រមនេះ គឺធ្វើឡើងតាំងពីបរមបុរាណតរៀងមក នៅពេលដែលទឹកស្រកទៅ គឺប្រជាពលរដ្ឋនាំគ្នាធ្វើពិធីចុះត្រីចាប់ត្រីនេះតែម្តង ៕




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...