ថ្លែងឆ្លើយតបចំពោះលិខិត ៣ច្បាប់ ដែលផ្ញើមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើមកលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងផ្ញើមកប្រធានតុលាការកំពូល រួមទាំងការផ្ញើសារតាម Whatsapp ផ្ទាល់កាលពីម្សិលមិញ ដើម្បីសុំសិទ្ធិធ្វើនយោបាយចំនួន ១១៨នាក់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់តបទៅវិញថា «ខ្ញុំសូមបញ្ជាក់ជូន អំពីបញ្ហាផ្លូវច្បាប់ទៅវិញ អ្នកដែលត្រូវតុលាការកាត់សិទ្ធិធ្វើ
នយោបាយ មកដល់ពេលនេះ មិនទាន់មានច្បាប់ណា សម្រាប់ការលើកលែងទោស លើកលែងឱ្យរួចផុតពីការកាត់សិទ្ធិនយោបាយទេ ខុសគ្នាជាមួយនឹងពួកជាប់គុក ពួកជាប់គុកគឺមានសាលក្រមស្ថាពរពីតុលាការ នាយករដ្ឋមន្ត្រីមានសិទ្ធិស្នើសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យពេលណាក៏បានដែរ»។
លោកបានបន្តថា «ច្បាប់ពន្ធនាគារបានអនុញ្ញាតិឱ្យនាយករដ្ឋមន្ត្រីប្រើប្រាស់សិទ្ធិនោះ ដើម្បីនឹងលើកលែងទោស អ៊ីចឹងបើអ្នកចង់បានការលើកលែងទោសត្រូវកាត់ទោសឱ្យជាប់គុកសារជាថ្មីទៀត បន្ថែមពីការកាត់សិទ្ធិធ្វើនយោបាយ ព្រោះការកាត់សិទ្ធិធ្វើនយោបាយនេះ គឺមិនទាន់មានច្បាប់ណាដើម្បីនឹងលើកលែងទោសឱ្យអ្នកឯងទេ រឿងរ៉ាវវាបានកើតឡើងពីអ្នកឯងតែម្តង ដែលអ្នកឯងមានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយប្រព្រឹត្តអំពើក្បត់ជាតិជាខ្សែសង្វាក់ ដូច្នេះសូមបញ្ជាក់ត្រលប់ទៅវិញថា សំបុត្រដែលអ្នកឯងផ្ញើមកឱ្យខ្ញុំ ខ្ញុំបានចារនៅលើហ្នឹង មិនឱ្យត្រលប់ទៅវិញទេ សូមរក្សាទុក ហើយមិនឆ្លើយតប»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ដូចនេះក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ។
សូមបង្ហាញសារឆ្លើយឆ្លងក្នុង Whatsapp ដែលលោកនាយករដ្ឋមន្ត្រីបានអានបង្ហាញ «លោកពូជាទីគោរព! ក្មួយចង់ផ្តល់ព័ត៌មានជូនលោកពូឱ្យបានជ្រាប មុនលោកពូចាកចេញទៅប្រទេសអូស្ត្រាលី ពួកយើងខ្ញុំមួយចំនួនក្នុងចំណោម ១១៨នាក់ ចង់បានសិទ្ធិធ្វើនយោបាយឡើងវិញ សូមលោកពូមេត្តាជ្រាប និងពិចារណាដោយក្តីអនុគ្រោះ ដោយគោរពបំផុត» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅវិញថា «តុលាការកាត់សិទ្ធិធ្វើនយោបាយពុំទាន់មានច្បាប់សម្រាប់ការលើកលែងឱ្យនោះទេ ខុសពីអ្នកជាប់គុកដោយសាលក្រមស្ថាពររបស់តុលាការ ដែលនាយករដ្ឋមន្ត្រីមានសិទ្ធិសុំលើកលែងទោសឱ្យបាន នេះហើយជាលទ្ធផលនៃអំពើក្បត់ជាតិ»៕




0 comments