លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តាំទៅកាន់បរទេសដែលចង់អន្តរាគមន៍ ជួយមេដឹកនាំអតីតមេបក្សប្រឆាំងឱ្យមើលពីមូលហេតុនាំឱ្យមានរឿងនេះ ពោលក្រុមអតីតបក្សប្រឆាំងបានប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលដោយអំពាវនាវឱ្យកងទ័ពងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាល និងឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មនៅគ្រប់ទីកន្លែងតាមរយៈបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌
ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃច័ន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបនឹងសាងសង់រួច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គ្មានប្រទេសណាមួយ អាចមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាដែលជារដ្ឋឯករាជ្យ និងមានអធិបតេយ្យមួយនោះឡើយ។ ជនបរទេសទាំងឡាយដែលមានបំណង ចង់ឱ្យមានការសន្ទនាត្រូវមើលប្រវត្តិនៃបញ្ហាដែលគេបានធ្វើ គេដើរទៅធ្វើបាតុកម្មគ្រប់ប្រទេស ទាមទារឱ្យប្រទេសក្រៅដាក់ទណ្ឌកម្មលើកម្ពុជា គេអំពាវនាវឱ្យកងទ័ពបែរកាណុងមកប្រឆាំងរដ្ឋាភិបាលស្របច្បាប់បះបោរឡើង យុទ្ធសាស្រ្តរបស់គេឱ្យកម្មករបះបោរ កងទ័ពបះបោរ ប្រជាជនបះបោរ។ ប៉ុន្តែប្រជាជនឥឡូវនេះ មិនបានគិតថានរណាជាប់គុកទេ ឬក៏បក្សណាត្រូវរំលាយទេ សេចក្តីត្រូវការពិតប្រាកដរបស់គាត់ត្រូវការរកស៊ី ធ្វើស្រែ ធ្វើចំការ លក់ទំនិញ និងធ្វើការតាមរោងចក្រ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តាំទៅមិត្តបរទេសដែលមានចេតនារៀបចំឱ្យមានការសន្ទនាជាមួយក្រុមក្បត់ជាតិនេះ គឺលោកមិនអាចចូលរួមជាមួយនោះទេ ហើយលោកក៏មិនអាចសន្ទនាជាមួយក្រុមបរទេសណាដែលប៉ុនប៉ងទាក់ទាញលោកឱ្យធ្វើការចរចាជាមួយក្រុមក្បត់ជាតិមួយនេះ។ លោកបន្ថែមថា មានបក្សនយោបាយខ្មែរជាច្រើនដែលកំពុងពង្រឹងខ្លួនហើយនិងកំពុងបង្កើតថ្មីៗដែលគេនឹងចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះផងដែរ៕





0 comments