នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា នៅតែ៦ថ្ងៃទៀតប៉ុណ្ណោះ គឺនៅខែ មេសា ២០១៨ ខាងមុខនេះ ប្រាក់ខែមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូនឹងទទួលបានការតម្លើងប្រាក់ខែ ដែលត្រូវបើកមុនចូលឆ្នាំខ្មែរ ហើយបូកថែមប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមអបអរសាទរ និងជូនពរមន្រ្តីរាជការ និង លោកគ្រូអ្នកគ្រូទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨នេះ ប្រាក់បៀវត្ស មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបានតម្លើងចំនួនពីរលើក ម្តងនៅខែមករា គឺឡើងប្រាក់បៀវត្សមូលដ្ឋាន និងនៅខែមេសា ឡើងប្រាក់បំណាច់មុខងារ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ថា ប្រាក់បៀវត្សមន្រ្តីរាជការទាំងអស់នឹងត្រូវតម្លើងថែមទៀតជារៀងរាល់ឆ្នាំផងដែរ៕

0 comments