លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកអំពីប្រវត្តិជូរចត់ នៃភាពខុសគ្នានៃមន្ទីរពេទ្យកាលដែលប្រទេសកម្ពុជាបាត់បង់នូវសន្តិភាព មានសង្គ្រាមរាំរ៉ៃ ដោយលោកបានមានប្រសាសន៍ថា «៩២ភាគរយ នៃមណ្ឌលសុខភាពសរុប ១១៩០ មានបណ្តាញអគ្គីសនីប្រើប្រាស់ ខុសគ្នាពីសម័យមុនគឺប្រើចង្កៀងប្រេងកាត កាលដែលគេខ្វេះភ្នែកខ្ញុំហ្នឹងគេប្រើចង្កៀងប្រេងកាតទេ មិនមែនមានអគ្គីសនីបញ្ចាំងទេ ខ្ញុំត្រូវគេចងដៃជាប់ ចាក់អាថ្នាំងងុយដេកម៉ាតិច ហើយថ្នាំស្ពឹក ស្រាប់តែមកខ្វេះយើង»។
លោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី បិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៩ ដែលពិធីនេះធ្វើឡើងនៅឯសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ។
លោកនាយករដ្ឋមន្ត្រី បានបន្តថា «ឥឡូវយើងមានអគ្គីសនី ៩២ភាគរយហើយ ហើយមណ្ឌលសុខភាពមួយចំនួនដែលគ្មានបណ្តាញអគ្គីសនីទៅដល់ក៏យើងមានផ្ទាំងពន្លឺព្រះអាទិត្យ ឬអាគុយប្រើប្រាស់ដែរ អ៊ីចឹងស្ថានភាពវាមិនដូចគ្នាទេ»៕



0 comments