Credit: Cambo Space
(បរទេស)៖ ព្រឹត្តិការណ៍ព្រះច័ន្ទក្រហម Blueblood Moon បូករួមនឹងច័ន្ទគ្រាស នឹងកើតមានឡើងនៅព្រលប់ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨ នេះហើយ ដោយក្នុងនោះប្រទេសកម្ពុជារបស់យើង ក៏ស្ថិតនៅក្នុងតំបន់ ដែលអាចទស្សនាព្រឹត្តិការណ៍ដ៏មហាកម្រនេះបានផងដែរ ប៉ុន្តែបើតាមកាលវិភាគនោះ គឺបណ្តាខេត្តស្ថិតនៅភាគឦសាន ដូចជាមណ្ឌលគិរី និងរតនគិរីជាដើម ទំនងជាអាចមើល
ឃើញទិដ្ឋភាពលើផ្ទៃមេឃនេះ បានច្បាស់មុនគេ។ នេះបើតាមការដកស្រង់ទិន្នន័យពី Space.com នារសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
បើមើលតាមតារាង ដែលរៀបចំដោយក្រុមជំនាញរបស់អង្គការ NASA តំបន់អាមេរិកខាងជើង អាឡាស្កា ហាវ៉ៃ ជាដើម អាចមើលឃើញទិដ្ឋភាពនេះ ពេញភ្នែកនៅវេលាព្រះអាទិត្យជិតរះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈតំបន់អាស៊ីខាងកើត ភាគខាងកើតរុស្ស៊ី អូស្ត្រាលី នូវែលសេឡង់ គឺអាចមើលឃើញ Blueblood Moon នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ពេលដែលព្រះច័ន្ទទើបរះតែម្តង (ព្រលប់)។
សម្រាប់នៅប្រទេសកម្ពុជាវិញ គឺស្ថិតនៅក្នុងតំបន់ P1 EST នៃកាលវិភាគ ដែលត្រូវហ្នឹងម៉ោង ៥៖៥១ នាទីល្ងាចតទៅ គឺជាពេលចាប់ផ្តើមនៃព្រឹត្តិការណ៍នេះ (ប៉ុន្តែវាអាចងាយស្រួលនៅក្នុងការទស្សនា នៅពេលមេឃស្រឡះតែប៉ុណ្ណោះ ហើយសម្រាប់តំបន់ផ្សេងៗទៀត អាចនឹងមើលឃើញដែរ ដោយក្នុងចន្លោះពេល ដែលត្រូវបានកំណត់។ អ្វីដែលគ្រប់គ្នានឹងឃើញនោះ គឺព្រះច័ន្ទពណ៌ក្រហមខុសពីធម្មតា និងមានទំហំធំជាងធម្មតា ហើយជាពិសេសគឺច័ន្ទគ្រាសបន្តិចៗម្តង។
* តារាងពេលវេលា (ម៉ោងនៅទីក្រុងភ្នំពេញ សម្រាប់យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨)
១៖ ម៉ោង ១៧៖៥១នាទី (ចាប់ផ្តើមព្រឹត្តិការណ៍ Blueblood Moon)
២៖ ម៉ោង ១៨៖៤៨នាទី (ចាប់ផ្តើមបាតុភូតច័ន្ទគ្រាសបន្តិចៗ)
៣៖ ម៉ោង ១៩៖៥១នាទី (ចាប់ផ្តើមបាតុភូតច័ន្ទគ្រាសពេញលេញ)
៤៖ ម៉ោង ២០៖៣០នាទី (ច័ន្ទគ្រាសពេញលេញតែម្តង)
៥៖ ម៉ោង ២១៖០៨នាទី (ច័ន្ទគ្រាសពេញលេញចាប់ផ្តើមបញ្ចប់)
៦៖ ម៉ោង ២២៖១១នាទី (ច័ន្ទគ្រាសដោយផ្នែកៗបញ្ចប់)
៧៖ ម៉ោង ២៣៖០៨នាទី (បញ្ចប់ច័ន្ទគ្រាសទាំងស្រុង)
គួរបញ្ជាក់ថា ព្រះច័ន្ទរបស់យើង នឹងក្លាយជាព្រះច័ន្ទយក្ស ដែលគេហៅថា Super Moon ពីព្រោះវានឹងស្ថិតនៅចំណុចកៀកនឹងផែនដីបំផុត នៃគន្លងរបស់វា ដែលមានន័យថា ព្រះច័ន្ទ នឹងលេចឡើងធំជាងធម្មតា ០៧ភាគរយ និងភ្លឺជាងធម្មតា ១៤ភាគរយ។ ម៉្យាងវិញទៀត នៅថ្ងៃដដែលនេះ វាក៏នឹងក្លាយជាព្រះច័ន្ទខៀវ ដែលគេហៅថា Blue Moon ផងដែរ (គ្រាន់ជាឈ្មោះប៉ុណ្ណោះ ព្រះច័ន្ទនឹងពុំលេចចេញពណ៌ខៀវឡើយ) ដោយសារវានឹងជាព្រឹត្តិការណ៍ព្រះច័ន្ទពេញវង់លើកទីពីរ នៅក្នុងខែមករានេះ បូករួមនឹងច័ន្ទគ្រាស។
មិនទាន់អស់នោះឡើយ លោកខែដែលមនុស្សយើងភាគច្រើន នឹងមើលឃើញនាថ្ងៃពុធសប្តាហ៍នេះ ក៏នឹងមានពណ៌ក្រហម ដែលគេហៅថា Blood Moon ផងដែរ ដោយសារតែព្រឹត្តិការណ៍ច័ន្ទគ្រាសដ៏កម្រមួយ ដែលនឹងជះស្រមោលក្រហមដូចលោហិត ទៅលើផ្ទៃរបស់ព្រះច័ន្ទ ហើយព្រឹត្តិការណ៍ដ៏កម្របំផុតនេះ ធ្លាប់បានកើតមានឡើងម្តងដែរកាលពីជាង ១៥០ឆ្នាំមុន នោះគឺក្នុងឆ្នាំ១៨៦៦។
សម្រាប់តារាងដែលច្បាស់លាស់បន្ថែមទៀតនោះ គឺជាតារាងដែលមានពណ៌ក្រហម ទឹកក្រូច-លឿង និងស។ តំបន់ក្រហមនៃផែនទី គឺជាតំបន់ដែលនឹងមើលឃើញព្រឹត្តិការណ៍ព្រះច័ន្ទក្រហម និងច័ន្ទគ្រាសបានពេញភ្នែក ហើយបន្ទាប់មកគឺតំបន់ពណ៌ទឹកក្រូច-លឿង មិនសូវឃើញពេញលេញនោះទេ ដោយឡែកតំបន់ស គឺមើលមិនឃើញអ្វីនោះឡើយ៕
0 comments