Credit: Cambo space
(វ៉ាស៊ីនតោន)៖ រូបវិទូផ្នែកអវកាសរបស់សហរដ្ឋអាមេរិក បានចេញផ្សាយព័ត៌មានលម្អិត ស្តីពីបាតុភូតដ៏ចម្លែកមួយ ដែលជាប្រភពនៃថាមពលពន្លឺអូរ៉ូរ៉ា ដែលគេហៅថា Northern Lights នៅប៉ូលរបស់ផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
ដំណើរការរូបវិទ្យាដែលគេហៅថា Magnetic Reconnection អាចឲ្យនិយមន័យតាមរបៀបសាមញ្ញថា គឺជាការរួមបញ្ចូលគ្នានូវដែនម៉ាញេទិច ដែលបញ្ចេញថាមពលក្នុងបរិមាណដ៏ខ្លាំងក្លា គួរឲ្យភ្ញាក់ផ្អើល។ ក្រុមការងារនៃការស្រាវជ្រាវខាងលើ បានធ្វើការសិក្សាទៅលើកំណត់ត្រាកាលពីខែតុលា ឆ្នាំ២០១៦ នៅពេលដែលផ្កាយរណប Magnetosphere Multi-scale ដែលសិក្សាទៅលើតំបន់ Magnetosphere របស់ផែនដី បានហោះឆ្លងកាត់ពីលើចំណុច ដែលព្យុះព្រះអាទិត្យ (Solar Wind) មកប៉ះជួបជាមួយដែនម៉ាញេទិករបស់ភពផែនដី។
លោក Jan Egedal ដែលជាអ្នកដឹកនាំក្រុមការងារនេះ បានលើកឡើងថា «ទិន្នន័យរបស់យើង បង្ហាញយ៉ាងច្បាស់ថា អេឡិចត្រុងភ្លាមៗស្រាប់តែបានផ្អាកមិនធ្វើចលនាតាមដែនម៉ាញេទិចនោះឡើយ ហើយបែរទៅរកទិសដៅផ្សេងទៀត ដែលនេះវាទាមទារឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់។»
បើតាមលោក Jan Egedal សកម្មភាពនេះបានបញ្ជាក់ថា ទ្រឹស្តី Magnetic Reconnection ពិតជាត្រឹមត្រូវ ប៉ុន្តែវាបានរំលោភទៅលើ បទដ្ឋានទ្រឹស្តីដែលកំណត់ខុសត្រូវ ទៅលើអាកប្បកិរិយារបស់ធាតុ Plasma ជាភាគល្អិតផ្ទុកចរន្តថាមពល ដែលបង្កើតចេញជាព្យុះព្រះអាទិត្យ Solar Wind ជាដើម។ លោក Egedal បាននិយាយថា បើតាមទ្រឹស្តី Plasma Frozen-in Law ចែងថា អេឡិចត្រុង និងដែនម៉ាញេទិច ត្រូវបានធ្វើចលនាជាមួយគ្នាជានិច្ច តែសម្រាប់ករណីនេះ វាមិនដូច្នោះឡើយ។
គួរជម្រាបថា មកទល់ពេលនេះ ទ្រឹស្តី Magnetic Reconnection ត្រូវបានគេដឹងថា មានជាប់ទាក់ទងតែជាមួយប្រហោងខ្មៅ (Black Hole, ផ្កាយបញ្ចេញរលកវិទ្យុសញ្ញាអេឡិចត្រូម៉ាញេទិច ដែលគេហៅថា Pulsar, បន្ទុះ Supernova ហើយនិងតំបន់នៅចំកណ្តាលកាឡាក់ស៊ីនីមួយៗ ដែលគេហៅថា Galactic Nuclei ប៉ុណ្ណោះ)៕
0 comments