Thursday, February 22, 2018

សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ​បង្កើត​សមិទ្ធផល​បន្ថែម​តាម​តម្រូវការ​ភ្ញៀវ​

Credit: រស្មីកម្ពជា
(​កំពត​)៖​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្រពាំង​សង្កែ​មាន​គម្រោង​បង្កើត​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ និង​បម្រើ​អារម្មណ៍​ភ្ញៀវ​ដែល​មក​កម្សាន្ត​នាទី​លម្ហែ​បែប​ធម្មជាតិ​គ្មាន​ពីរ​ក្នុង ខេត្តកំពត​មួយ​នេះ​។​

លោក​ស៊ឹម ហ៊ីម ប្រធាន​សហគមន៍​ទេសចរណ៍​ត្រពាំង​សង្កែ​បាន​រៀបរាប់ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កាន់​តែមាន​ចំណាប់អារម្មណ៍​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ត្រពាំង​សង្កែ​ច្រើនឡើងៗ​។

ជាក់ស្តែង​ក្នុង​ខែមករា​ដើមឆ្នាំ​២០១៨​នេះ សហគមន៍​ទទួលភ្ញៀវ​បាន​ចំនួន​១.២៩៨​នាក់ ក្នុងនោះ​ជន ជាតិ​បរទេស​៧២​នាក់​។ ដោយសារ​បរិមាណ​ភ្ញៀវ​មាន​សន្ទុះ​កើនឡើង​ជា​រៀងរាល់ខែ​បែប​នោះ​ទើប​តម្រូវឱ្យ សហគមន៍​គិតគូរ​ក្នុងការ​បង្កើត​សមិទ្ធផល​បន្ថែមទៀត​សម្រាប់​បម្រើភ្ញៀវ ពិសេស​នៅ​កន្លែង​កម្សាន្ត​លើ​ផ្ទៃសមុទ្រ​។លោក​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​សហគមន៍​មាន​បឹង​ហ្កា​ឡូ អាហា​រដ្ឋា​ន បណ្ណាល័យ សាល ប្រជុំ ខ្យូ​ស​សម្រាប់​អង្គុយ​ជួបជុំ ស្ពាន​ដើរ​កម្សាន្ត​ក្នុងព្រៃ​ជាដើម​។

សហគមន៍​មាន​គម្រោង​បង្កើត​សមិទ្ធផល​បន្ត ដូចជា​សង់​ខ្យូ​ស និង​បន្ទប់ទឹក​បន្ថែម​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​ពិសេស​ពេលនេះ​កំពុង​ចាប់ផ្តើម​ធ្វើ​ស្ពាន​កោង​មួយ​ខ្សែ​ទៀត​ប្រវែង​២០០​ម៉ែត្រ​ទៅ​ភ្ជាប់​នឹង​ចុងស្ពាន​ទីមួយ​ដែលមាន​ស្រាប់​។​បន្ទាប់ពី​ធ្វើ​ហើយ​រួចរាល់​ភ្ញៀវទេសចរ​នឹង​អាច​ដើរ​ព័ទ្ធជុំវិញ​ក្នុង​ប្រវែង​ផ្លូវ​ជិត​៥០០​ម៉ែត្រ​ដោយ​មិនចាំបាច់​ត្រឡប់ក្រោយ​ដូច​បច្ចុប្បន្ន​ឡើយ​។ លោក​ស៊ឹម ហ៊ីម បាន​សម្តែង​នូវ​មោទនភាព​ថា នៅពេល​សមិទ្ធផល​ថ្មី​នេះ​សម្រេច​រួចរាល់ លោក​សង្ឃឹមថា​ភ្ញៀវ​កាន់តែ​ចាប់អារម្មណ៍​ក្នុងការ​មក​កម្សាន្ត ព្រមទាំង​មាន​ស្ទុះ​ច្រើន​ទ្វេ​ឡើង​ថែមទៀត​។​

​លោក​ហ៊ៅ​វិបុល​ទេសចរ​មកពី​រាជធានី​ភ្នំពេញ​បាន​រៀបរាប់ថា​នេះ​ជា​លើកទីមួយ​សម្រាប់​លោក​ដែល​បាន​ប្រទះឃើញ​ទេស​ភាពល្អ​ប្រពៃ​នៃ​សម្រស់​ដើម​កោង​កាង​នៅ​តំបន់​សមុទ្រ​ជាមួយនឹង ខ្យល់អាកាស​បរិសុទ្ធ​ប្រកបដោយ​ផាសុកភាព​។ ដូច្នេះ លោក​សូម​អំពាវនាវ​ចំពោះ​បងប្អូន​គ្រប់​ខេត្ត​ក្រុង​ថា បើ​មាន​ចំណាប់អារម្មណ៍​អាច​អញ្ជើញ​មក​ទស្សនា​បាន​នៅ​ខេត្តកំពត គឺ​សហគមន៍​ត្រពាំង​សង្កែ​។ ទេសចរ​ដដែល​នេះ​បានបញ្ជាក់​ថា​យើង​មក​ដើរលេង​ទាំងអស់គ្នា​ដោយ​ភាពសប្បាយ​រីករាយ ជាមួយនឹង​ទិដ្ឋភាព​ប្លែកៗ​ដ៏​ល្អ​ត្រ​កាលនោះ​ក៏ដូចជា​បាន​ជួយ​ដល់​សហគមន៍​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅទីនេះ​កាន់​តែមាន​ជីវភាព​គាប់ប្រសើរ​ផងដែរ​។​

លោ​កស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​រៀបរាប់ថា​ក្នុងចំណោម​សហគមន៍​នេសាទ​ចំនួន​១០​នៅ​ទូទាំង​ខេត្តកំពត ត្រពាំង​សង្កែ​ជា សហគមន៍​មួយ​ដែល​ដំណើរការ​សកម្មភាព​បា​ន​ល្អ​ជាងគេ​។ ទោះបី​មកដល់​បច្ចុប្បន្ន អង្គការ​ដៃគូ​បាន​ចប់​អាណត្តិ​ទៅហើយ​ក្តី សហគមន៍​ដែល​អភិវឌ្ឍ​រហូត​បង្កើត​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​មួយ​នេះ​បាន​បង្កើត​សមិទ្ធផល​ស្ថិតក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន​ជា​បន្តបន្ទាប់​។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បន្តថា​មាន​កត្តា​ជាច្រើន​ដែល​ជំរុញ​ឱ្យ​សហគមន៍​ត្រពាំង​សង្កែ​ទទួលជោគជ័យ ដូចជា​ភាព​សាមគ្គី​រវាង​សមាជិក​សហគមន៍ អ្នកដឹកនាំ​មានការ​គ្រប់គ្រង​ច្បាស់លាស់ និង​បានការ​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​ល្អ​។ ម្យ៉ាងទៀត កន្លងមក​សហគមន៍​មាន​អង្គការ​ដៃគូ​ដែល​បាន​ទម្លាក់​កញ្ចប់​ថវិកា​ក្នុងការ​បង្កើត​ស្នាក់ការ​បណ្តុះ បណ្តាល​ជំនាញ​ជាដើម​។

គ្រប់​សកម្មភាព​របស់​សហគមន៍​ក៏មាន​ការចូលរួម​ពី​ផ្នែក​ពាក់ព័ន្ធ ដូចជា អាជ្ញាធរ មន្ទីរ​បរិស្ថាន ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​សមាជិក និង​គ្រឹះស្ថាន​នានា ហើយ​ខាង​ជលផល​ជា​អ្នក​ជួយ​ផ្នែក​បច្ចេកទេស​ជាដើម​។ លោក ស សូ​រិ​ន បាន​សម្តែង​ក្តី​រំពឹងថា បន្ថែម​លើ​អ្វីៗ​ដែលមាន​ស្រាប់ សង្ឃឹមថា​ក្រោយពី​បង្កើត​សមិទ្ធផល​ថ្មីៗ សហគមន៍​នេះ​កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជិត​ឆ្ងាយ​ទ្វេ​ឡើង​ជាក់​ជាមិនខាន​។​

​សូមបញ្ជាក់ថា​រហូតមក​ដល់​បច្ចុប្បន្ន សមិទ្ធផល​ដែល​បាន​កើតឡើង​ក្នុងព្រៃ​អភិរក្ស និង​នៅលើ​ផ្ទៃសមុទ្រ ទឹក​រាក់​ទើប​ដាំ​កូន​កោង​កាង​នៃ​ដែន​គ្រប់គ្រង​របស់​សហគម​ន៍​ត្រពាំង​សង្កែ រួមមាន​ខ្យូ​ស​តូចធំ​សម្រាប់​អង្គុយ​ជុំគ្នា​ចំនួន​ប្រាំបី បន្ទប់ទឹក​មួយ ស្ពាន​ដើរកាត់​ព្រៃ​ប្រវែង​៥០០​ម៉ែត្រ និង​ស្ពាន​កោង​លើទឹក​២០០​ម៉ែត្រ​។

ភ្ញៀវ​ប្រើប្រាស់​សមិទ្ធផល​ទាំងនេះ​ដោយ​ពុំ​ត្រូវ​ចំណាយ​ប្រាក់​ឡើយ លើកលែងតែ​ការ​ជិះទូក​ម៉ាស៊ីន​ចំណុះ​១២​នាក់​ចម្ងាយ​ផ្លូវ​បួន​គីឡូម៉ែត្រ​ទាំង​ទៅ​ទាំង​ត្រឡប់​វិញ​រវាង​មជ្ឈមណ្ឌល​បណ្តុះ​កោង​កាង និង​កន្លែង​លម្ហែ​កម្សាន្ត​នោះ​ដែល​តម្រូវឱ្យ​បង់​សោហ៊ុយ​ត្រឹម​ប្រាំមួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ​៕





Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...