(ភ្នំពេញ)៖ បុណ្យនៃក្ដីស្រលាញ់ ឬហៅម្យ៉ាងទៀតថា Valentines Day ថ្វីបើមិនមែនបុណ្យប្រពៃណីកម្ពុជាក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្នហាក់កំពុងតែពេញនិយម សម្រាប់ស្រទាប់យុវវ័យកម្ពុជា ដែលពួកគេបានទិញកាដូឲ្យគ្នាជាដើម ហើយបុណ្យមួយនេះដែរ តែងតែគេប្រារព្ធធ្វើឡើង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺនៅថ្ងៃស្អែកនេះតែម្ដង។
ស្របពេលថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះកាន់តែជិតចូលមកដល់នោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់សុភាពនារីទាំងឡាយ នៅក្នុងប្រទេសកម្ពុជាថា សូមកុំប្រគល់ខ្លួនឲ្យបុរសជាសង្សា នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ស្អែកនេះឲ្យសោះ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ។
ការផ្ដាំផ្ញើបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលសម្តេចអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកល វិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើយ៉ាងដូច្នេះថា «ក្មួយៗអើយ ថ្ងៃស្អែកនេះគេហៅថ្ងៃនៃក្ដីស្រលាញ់ ថ្ងៃ១៤ស្អែកនេះហើយ! អាណិតទៅអាហ្នឹងមិនមែនទំនៀមទម្លាប់ខ្មែរទេ វាជាទំនៀមទម្លាប់បរទេស ក៏ប៉ុន្ដែយើងមិនអាចរារាំងបានទេ តែសុំតែម្យ៉ាងទេ សូមកុំប្រគល់ខ្លួនឲ្យបុរសណាទាំងអស់ថ្ងៃហ្នឹង»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ដែរថា ថ្ងៃ១៤កុម្ភៈ សម្រាប់វប្បធម៌បរទេសដែលគេបង្ហាញក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក មិនមែនជាថ្ងៃប្រគល់ខ្លួនប្រាណឲ្យសង្សានោះទេ ហេតុនេះសម្ដេចថា សូមយុវវ័យកម្ពុជាកុំមានការភ័ន្ដច្រឡំឲ្យសោះ។
មួយវិញទៀត សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យពលរដ្ឋកម្ពុជាទាំងអស់មិនថាចាស់ ឬក្មេង សូមឲ្យកែប្រែថ្ងៃនៃក្ដីស្រលាញ់សម្រាប់សង្សា មកជាថ្ងៃនៃក្ដីស្រលាញ់ សម្រាប់ឪពុកម្ដាយ សម្រាប់ក្រុមគ្រួសារ សម្រាប់សាច់ញាតិ សម្រាប់ប្រទេសជាតិ និងសម្រាប់វប្បធម៌កម្ពុជាជាដើម។
សូមជម្រាបថា «Valentine's Day ឬ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់» ដែលយុវវ័យមួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» ជាថ្ងៃដែលរៀបចំ ដើម្បីរំលឹកដល់សេចក្តីស្រលាញ់ របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់។
បច្ចុប្បន្នបុណ្យនេះ កំពុងចាក់ឫសក្នុងដួងចិត្តរបស់ ប្រជាជននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ «Valentine's Day» ត្រូវបានគេប្រារព្ធឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះ ផុងខ្លួនលះបង់ខ្លួនប្រាណដើម្បីបង្ហាញពី ក្តីស្រឡាញ់ចំពោះសង្សាររបស់ខ្លួនទៀតផង៕
0 comments