ខេត្តកំពង់ឆ្នាំង ៖ ស្លឹកតើយជាឈ្មោះប្រទាលមួយប្រភេទស្ថិតក្នុងពពួករំចេក ប៉ុន្តែរុក្ខជាតនេះស្លឹកវាមានពណ៌បៃតងស្រស់ មានក្លិនក្រអូបប្រហើរ និងគ្មានបន្លាដូចស្លឹករំចេកទេ ។ តាំងពីបុរាណកាលមកខ្មែរយើងតែងបានយកវាមកប្រើប្រាស់ដាក់ជាមួយ បង្អែមដើម្បីមានក្លិនក្រអូបប្រហើរនិងមាន
ពណ៌បៃតងស្រស់ស្អាត ។ គេច្រើនដាំនៅក្បែរអណ្ដូងទឹក ឬតាមកូនប្រឡាយក្បែរផ្ទះព្រោះវាក៏ជារុក្ខជាតិត្រូវការទឹកខ្លាំងណាស់ដែរ ។
គុណប្រយោជន៍របស់វាក្នុងការប្រើប្រាស់ជាមួយបង្អែមមាន នំបាញ់ឌុក លត នំច័ក្កច័ន (ពពួកនំកូរមានស្រទាប់ត្រួតគ្នាចម្រុះពណ៌
ផ្សេងៗ) និងពេលខ្លះគេយកវាទៅដាក់លើបាយដែលកំពុងផ្ងំដើម្បីឱ្យមានក្លិនក្រអូបប្រហើរ ។ ក្រៅពីក្លិនស្លឹកតើយនៅបានផ្ដល់ពណ៌បៃតងយ៉ាងស្រស់ស្អាតទៀតផង ។ សព្វថ្ងៃនេះមិនថាតែខ្មែរយើងទេ ដែលយកស្លឹកតើយមកដាក់ជាមួយបង្អែមផ្សេងៗសូម្បីតែលើពិភពលោកស្លឹកតើយត្រូវបានគេយកទៅធ្វើជានំខេក (Cake) និងកិនធ្វើភេសជ្ជៈផ្សេងៗទៀតផងដែរ ។ មានខ្លះបានយកស្លឹកតើយទៅចាក់ក្បាច់ជាផ្កា និងធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់ដាក់តាំងក្នុងបន្ទប់គេង ឬបន្ទប់ធ្វើការដើម្បីឱ្យមានក្លិនក្រអូបប្រហើរ ។
ស្លឹកតើយឈ្មោះតាមវិទ្យាសាស្ត្រ Pandanus amarylifolius Roxb ។ ក្នុងក្លិនរបស់ស្លឹកតើយមានសារធាតុ COUMARIN , Calcium, Protein, Carbohydrate, Fiber…។ ក្រៅពីអត្ថប្រយោជន៍ខាងលើ រុក្ខជាតិនេះ ត្រូវបានគេយកមកធ្វើជាឱសថព្យាបាលរោគផងដែរក្នុងនោះគុណប្រយោជន៍សម្រាប់ធ្វើជាឱសថមាន ការពារជំងឺបេះដូង,ស្លឹកយកមកដាំពិសាព្យាបាលគ្រុនផ្តាសាយ និងបំប៉ន កម្លាំង។
ចំណែកឫសរបស់វា យកមកដាំទឹក ពិសាជួយបញ្ចុះជាតិស្ករសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម,បំបាត់រោគទាស់នោម,ព្យាបាលរលាកក្រលៀន និងរលាកថ្លើម ។ ស្លឹកតើយមានក្លិននិងធ្វើឱ្យពណ៌ក្នុងចំណីអាហារស្រស់ស្អាតពិតជាមានគុណប្រយោជន៍ដល់សុខភាពគួរឱ្យចង់ទទួលទាន និងគេចផុតពីសារធាតុគីមីដែលគេតែងតែយកមកដាក់ក្នុងបង្អែមឬភេសជ្ជៈ ៕
0 comments