រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចខណ្ឌចម្ការមន ដែលដឹកនាំដោយលោក ហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចម្ការមន សហការជាមួយសាលាខណ្ឌ ដោយមានការសម្របសម្រួល អំពីសំណាក់លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប
ទីតាំងបញ្ចាំងកុនដែលមានលក្ខណៈជាបន្ទប់ គ្រែពូក សម្រាប់គូសង្សាចូលទៅដេកទស្សនា និងគ្មានច្បាប់មួយកន្លែង ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩នាក់ (អ្នកមើលការខុសត្រូវចំនួន ៣នាក់ និងភ្ញៀវចំនួន១៦នាក់) រួមទាំងម៉ូតូចំនួន១៥គ្រឿងផងដែរ។ ប្រតិបត្តិការបង្ក្រាបនេះដែរបានធ្វើ ឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ មានយីហោ Home Cinema ដែលស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ (ខាងលិចផ្សារសុវណ្ណា) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។ លោក ហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចម្ការមនបានប្រាប់ឱ្យដឹងថា ដោយពេលកន្លងមកគេតែងតែបានឃើញមានក្រុមយុវជនប្រុស ស្រី ក្មេងៗ ភាគច្រើនសុទ្ធតែជាសិស្ស និងនិស្សិតទាំងគូៗ បាននាំគ្នាពាក់ពពួនចូលមកមើលកុននៅក្នុងទីតាំងមួយកន្លែងខាងលើ ដែលមានយីហោថា <<Home Cinema>>នោះ។
ដោយមានការសង្ស័យកម្លាំងរបស់លោកក៏បាន ធ្វើការសហការជាមួយនឹងកម្លាំងសាលាខណ្ឌចម្ការមន ដោយមានការសម្របសម្រួលអំពីសំណាក់ លោស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ឆ្មក់ចុះមកធ្វើការសួរនាំ និងត្រួតពិនិត្យឃើញថា <<មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះ ក៏ឈានទៅការបង្ក្រាបតែម្តង>>។ លោកក៏បានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ ពេលដែល កម្លាំងមានសម្ថកិច្ចរបស់លោក ចូលទៅធ្វើការឆែកឆេមើលបានឃើញថា <<នៅក្នុងទីតាំងរោងកុនខាងលើនេះ បានចែកចេញជា៦បន្ទប់ ដោយក្នុងបន្ទប់មានលក្ខណៈជាគ្រែពូក និងផ្ទាំងពណស៌ជាប់នៅនឹងជញ្ជាំងប្រើសម្រាប់បញ្ចាំងកុន ហើយមាន៥បន្ទប់ដែលមានភ្ញៀវកំពុងតែនៅមើលខាងក្នុង>>។ ដោយក្នុងបន្ទប់នីមួយៗចូលមើលបាន តែគ្នាពីរនាក់ដែលជាគូរសង្សានឹងគ្នាប៉ុណ្ណោះ និងមនុស្សប្រុសស្រីចំនួន ៦នាក់ទៀតនៅនាំគ្នាអង្គុយចាំ ខាងក្រៅ ដើម្បីចូលមើលបន្ត ក្រោយពីអ្នកចូលមុនចេញមកវិញផងដែរ។
លោកក៏បានបន្តទៀតថា រោងកុនមួយនេះបានបើកដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៩យប់ ដោយអ្នកមើលគ្រប់គ្នាចូលមើលមួយរឿងមានតម្លៃចំនួន៧ដុល្លារ និងចូលមើលម្តងសម្រាប់ តែ២នាក់ប៉ុណ្ណោះ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងបញ្ច្ចាំងកុនគ្មានច្បាប់ខាងលើនេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន១៩នាក់ (ប្រុស៩នាក់ និងស្រី១០នាក់ ក្នុងនោះក៏មានអ្នកមើលការខុសត្រូវចំនួន៣នាក់ផងដែរ) ដោយអ្នកមើលការខុសត្រូវចំនួន៣នាក់ (ប្រុស ១នាក់ និងស្រី ២នាក់) និងភ្ញៀវចំនួន១៦នាក់ (ប្រុស៨ និងស្រី៨នាក់) ពួកគេសុទ្ធតែជាសិស្ស និង និស្សិតទាំងអស់។ ក្រោយពេលធ្វើការបង្ក្រាបនូវទីតាំងបញ្ចាំងកុនគ្មានច្បាប់ខាងលើនេះដែរ កម្លាំងមានសម្ថកិច្ចក៏បាននាំខ្លួនមនុស្សប្រុស ស្រីជាភ្ញៀវ និង អ្នកមើលការខុសត្រូវទាំង១៩នាក់ រួមទាំងម៉ូតូចំនួន១៥គ្រឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចម្ការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ចំណែកឯក្រុមក្មេងៗជាភ្ញៀវតម្រូវឲ្យឪពុកម្តាយមកធានាយកទៅវិញ ហើយទីតាំងនោះក៏ត្រូវបានបិទផងដែរ៕
0 comments