(កែប)៖ រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ខេត្តកែបបានទទួលភ្ញៀវជិតឆ្ងាយ ចូលមកកម្សាន្ត ប្រមាណជាង ១០ ម៉ឺននាក់ ។ ទោះបីបរិមាណនេះ បានកើនឡើងខ្ពស់ ធៀបនឹងឱកាសដូចគ្នាកាលពីឆ្នាំកន្លងទៅក្តី តែបញ្ហាសុខសុវត្ថិភាព ក៏ដូចជា សេវាកម្មគ្រប់យ៉ាង មានល្ខណៈល្អប្រសើរ។
លោក ប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឱ្យដឹងថា រយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ដោយគិតពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខេត្តកែប ដែលមានតំបន់ទេសចរណ៍សំខាន់ៗចំនួនប្រាំ ទទួលភ្ញៀវមកកម្សាន្ត បានប្រមាណ ១០៥.០០០ នាក់។ បរិមាណនេះ កើនលើសប្រហែល ៥.០០០ នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។
លោកអនុប្រធានមន្ទីរ បានបន្តថា ដោយសារចំនួន បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូ មានចំនួនតិចតួចនៅឡើយ សេវាកម្មស្នាក់អាស្រ័យ មិនអាចគ្រប់គ្រាន់សម្រាប់ភ្ញៀវឡើយ ពោលគឺភ្ញៀវខ្លះ ត្រូវបង្ខំចិត្តចាកចេញ ទៅរកកន្លែងស្នាក់នៅឯខេត្តជាប់ព្រំប្រទល់គ្នានោះ។
លោក ប៉ុក ទាំង បានប្រាប់ឱ្យដឹងទៀតថា នៅទូទាំងខេត្តកែប មានសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្កាឡូ ៩៥ កន្លែង ស្មើនឹង១.៣០៣ បន្ទប់៕
0 comments