Monday, February 19, 2018

អណ្តើក​ហ្លួង​០១​សំបុក​រកឃើញ​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​

Credit: រស្មីកម្ពុជា
(​ភ្នំពេញ​)៖​ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល អង្គការ​WCS និង​ប្រជាជន​សហគមន៍​បាន​រកឃើញ​អណ្តើក​ហ្លួង​ចំនួន​០១​សំបុកមាន​​ពង​ចំនួន​១៦​គ្រាប់​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិតនៅ​ក្នុងភូមិ​ព្រះអង្គ​កែវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ អង្គការ​WCS​បានផ្តល់​ការ​​ងារ​ដល់​សមាជិក​សហ​គម​ន៍​
ចំនួន​០៤​នាក់​ឲ្យ​យាម​សំបុក​អណ្តើក​ហ្លួង​នេះ រហូតដល់​កូន​វា​ញាស់​។ វា​គឺជា​សំបុក​អណ្តើក​ហ្លួង​ទី​០១​ដែល​​រកឃើញ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​។​

​អណ្តើក​ហ្លួង ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​និង​ស្ថិត​ក្នុងចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ការដាក់​ឈ្មោះ​អណ្តើក​ហ្លួង​យ៉ាង​ដូច្នេះ​ពីព្រោះ​កាលពីមុន​មាន​​តែ​គ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះ​ដែល​អាច​សោយ​ពង​វា​បាន​។ ព្រះរាជក្រឹត្យ​នស​/​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​បានដាក់​​បញ្ចូល​អណ្តើក​ហ្លួង​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​។​

​លោក អ៊ិន ហ៊ុល មន្ត្រីរដ្ឋបាល​ជលផល និង​ជាម​ន្ត្រី​សម​ភាគី​របស់​អង្គការ​WCS បាន​និយាយថា​៖ “​ចាប់ពីពេលនេះ​រហូតដល់​ខែមីនា គឺជា​រដូវ​ការពង​កូន​របស់​សត្វ​អណ្តើក​ហ្លួង ដូច្នេះហើយ​ក្រុម​អ្នក​អភិរក្ស​កំពុងតែ​ស្វែងរក​ទីតាំង​សំបុក​ពង​កូន​របស់​ពួកវា​។​ប្រសិន​​បើ​រកឃើញ យើង​នឹង​ធ្វើការ​ជាមួយ​ប្រជាជន​សហគមន៍ ដើម្បី​ការពារ រហូតដល់​កូន​វា​ញាស់​ហើយ​យើង​នឹង​យក​កូនអណ្តើក​ហ្លួង​ទាំង​​នោះ​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ខេត្តកោះកុង​ដើម្បី​ចិញ្ចឹម និង​ថែរក្សា​រហូតដល់​ពួកវា​ធំ​ពេញវ័យ​ទើប​លែង​ទៅក្នុង​​ធម្មជាតិ​វិញ​”​។​

​លោក ហ៊ុល បន្តថា​៖ “​យើង​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​សារៈសំខាន់​សត្វ​អណ្តើក​ហ្លួង ដែលជា​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​កំពុងតែ​រងគ្រោះ​ជិត​ផុត​ពូជ​។ ការប្រមូល​យក​ពង​កូន​ឬ​ចាប់យក​មេអណ្តើក​​ហ្លួង​មក​លក់ ឬ​ហូប គឺជា​សកម្មភាព​ខុសច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​អណ្តើក​ហ្លួង​ធ្លាប់​ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ពី​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០០០​នៅពេល​រដ្ឋបាល​ជលផល និង​អង្គការ​WCS​បាន​​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​ចំនួន​សេសសល់​តិចតួច​របស់​វា​មាន​រស់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ប៉ុណ្ណោះ​ក្នុងប្រទេស​កម្ពុជា​៕​



Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...