Monday, February 19, 2018

គម្រោង​ជួសជុល​ផ្លូវដែក​ភាគ​ខាងជើងប្រទេស​គ្រោង​បញ្ចប់នៅ​ឆ្នាំ​​នេះ


Credit: កោះសន្ដិភាព
រាជធានី​ភ្នំពេញ ៖ គម្រោង​ជុស​ជុល​ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស ចាប់ពី​ក្រុងភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ដែល​មាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ​២០១៨​។ នេះ​បើ​យោង​តាម​ប្រធាន​នាយកដ្ឋាន​ស្តីទី​ផ្លូវដែក ។

លោក អោ​ក អ៊ួ​ក ប្រធាន​នាយកដ្ឋាន​ស្តីទី​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ម្សិលមិញ​ថា គម្រោង​ជុស​ជុល​ផ្លូវដែក​ភាគ​ខាងជើង​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត រាជរដ្ឋាភិបាល​គ្រោង​ដាក់​ឱ្យ​បញ្ចប់​នៅ​ឆ្នាំ​២០១៨​នេះ ហើយ​ផ្លូវ​នេះ​ឆ្លងកាត់​ខេត្ត​សក្តានុពល​នៅ​ឆ្ងាយ​ពី​ក្រុងភ្នំពេញ​ចំនួន​៤ ក្នុង​នោះ​មាន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ ។

បើ​តាម​ប្រធាន​នាយកដ្ឋាន​ស្តីទី​ផ្លូវដែក​ថា ៖«​កំណាត់​ផ្លូវដែក​ភាគ​ខាងជើង​ចាប់ពី​ប៉ោយ​ប៉ែ​ត មក​សិរី​សោភ័ណ បាន​បញ្ចប់​ការ​ជុស​ជុល​រួចរាល់​ហើយ ។ ចំណែក​ពី​ស៊ី​សុ​ផុ​ន មក​ខេត្ត​បាត់ដំបង​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ហើយ​បន្ត​មក​បញ្ចប់​នៅ​ខេត្តពោធិ៍​សាត់​​នៅ​ក្នុង​អំឡុង​ខែមេសា​ឬ​ឧសភា និង​នៅ​ខែកក្កដា​និង​សីហា នឹង​បញ្ចប់​មក​ដល់​បាត់ដឹង​ក្នុង​ខេត្តកំពង់ស្ពឺ ព្រោះ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​បាត់ដឹង ប្រវែង​៣២​គីឡូម៉ែត្រ​នេះ​គេ​ធ្វើ​រួច​ហើយ » ។


លោក​គូសបញ្ជាក់​ថា នៅ​ពេល​ផ្លូវដែក​ភាគ​ខាងជើង​ប្រទេស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ពេល​នោះ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ណាស់ ដូច​ជា តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ធូរ​ថ្លៃ​, មាន​សុវត្ថិភាព និង​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ ។ អីចឹង ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នេះ វា​មាន​ផលប្រយោជន៍​ធំធេង​ណាស់ ហើយ​ដឹក​បាន​ច្រើន​តោន​ទៀត​ក្នុង​១​ជើង​ៗ ។
លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting មាន​ប្រសាសន៍​ថា ការ​នាំ​ចេញ​អាច​មាន​ផលប្រយោជន៍​មួយ​ចំនួន​ទាក់ទង​នឹង​ផលិតផល​កសិកម្ម ដូច​ជា ស្រូវ និង​ដំឡូង​មី ពីព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក​នា​ពេល​បច្ចុប្បន្ន វា​ថ្លៃ ។

តាម​លោក​ទីប្រឹក្សា ង៉ែត ជូ ថា ៖« នៅ​ពេល​ផ្លូវដែក​នេះ​ដាក់​ឱ្យ​ដំណើរការ ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ នៅ​ក្នុង​រយៈពេល​ខ្លី​និង​មធ្យម វា​ផ្តល់​ឱកាស​ដល់​ប្រទេស​ថៃ​ច្រើន ព្រោះ​កម្ពុជា​យើង​មិនសូវ​មាន​ផលិតផល​សម្រេច​ដឹក​ជញ្ជូន​ទៅ​ប្រទេស​​ថៃ​ច្រើន​នោះ​ទេ គឺ​មាន​តែ​ស្រូវ​អង្ករ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​វែង​ជា​ចំណុច​ល្អ ហើយ​ក៏​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​ថៃ ឱ្យ​ចូល​មក​ទស្សនា​នៅ​កម្ពុជា​បាន​មួយ​ចំនួន​ផង​ដែរ » ។

លោក អោ​ក អ៊ួ​ក ប្រធាន​នាយកដ្ឋាន​ស្តីទី​ផ្លូវដែក មាន​ប្រសាសន៍​ថា ៖« ឥឡូវនេះ យើង​កំពុងធ្វើការ​ស្របគ្នា គឺ​មាន​ក្រុមការងារ​ពិសេស​មួយ​កំពុង​រៀបចំ​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ជាមួយ​ថៃ ។ កាលណា​កិច្ចព្រមព្រៀង​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ​ប្រទេស​ហើយ យើង​ក៏​មានការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន ។

អីចឹង​គិត​ថា វា​ជា​រឿង​មួយ​ល្អ​ណាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​រទេះភ្លើង វា​ចំណេញ​ច្រើន​ជាង​ការ​ដឹក​ជញ្ជូន​តាម​ឡាន ។ ការងារ​ពិសេស​មួយ​នេះ គេ​បាន​ជួប​គ្នា​ជា​ប្រចាំ ហើយ​គ្រោង​ដាក់​ទៅ​រាជរដ្ឋាភិបាល​ត្រួតពិនិត្យ ដែល​ក្រុមការងារ​នេះ​បាន​រៀបចំ​កិច្ចព្រមព្រៀង​ជិត​រួចរាល់​ហើយ​ដែរ » ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...