ប្រសិនជាសុភាពស្ត្រីមិនចង់ជួបបញ្ហាមិនស្រួលខ្លាំងអំឡុងពេលមករដូវ គេគួរតែយកចិត្តទុកដាក់លើអ្វីដែលទទួលទាន ។ នៅពេលបញ្ហាឈឺចុករមួល ហើមពោះនិងការផ្លាស់ប្តូរអារម្មណ៍កើតមាន អាហារដើរតួនាទីយ៉ាងសំខាន់ ។ តើដឹងទេថា មានអាហារប្រភេទណាខ្លះដែលអ្នកគួរជៀសវាង ?
១-ប្រភេទអាហារកែច្នៃ
អាហារប្រភេទនេះជាជម្រើសងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែវាអាចធ្វើឱ្យអាការរបស់អ្នកកាន់តែយ៉ាប់ទៅបាន ។ ជាឧទាហរណ៍ អាហារកំប៉ុងនិងចំណិតដំឡូងផ្ទុកសូដ្យូមក្នុងបរិមាណយ៉ាងច្រើនដែលវាអាចធ្វើឱ្យសុភាពស្ត្រីជួបបញ្ហាមិនស្រួលនិងហើមពោះ ។
២- សាច់ជាប់ខ្លាញ់
សាច់មានខ្លាញ់ច្រើនអាចបណ្តាលឱ្យមានការរលាកនិងឈឺចាប់ទ្វេដង ។ ទោះជាយ៉ាងនេះក្តី ប្រសិនសុភាពស្ត្រីមិនអាចតមបាន ចូរទទួលទានសាច់សុទ្ធឬត្រី ។
៣- អាហារផ្អែមដោយស្ករ
នំ Cake ស្ករគ្រាប់ នំ Cookiesនិងបណ្តាអាហារផ្អែមដទៃទៀតជាជម្រើសដែលគ្មានគុណតម្លៃចំពោះសុខភាព និងមិនគួរទទួលទានជាពិសេសនៅពេលអ្នកមិនចង់ធាត់ ។ ម្យ៉ាង អាហារទាំងនេះ អាចបណ្តាលឱ្យការឈឺចាប់អំឡុងពេលមករដូវកាន់តែអាក្រក់ខ្លាំង ។ ក្នុងករណី សុភាពស្ត្រីទាំងឡាយចង់ទទួលទានអ្វីផ្អែមៗ ចូរជ្រើសរើសផ្លែឈើមួយចំនួនដូចជា ស្វាយ ឪឡឹក ឬផ្លែប៉ែសជាដើម ។
៤- ការ៉េម ក្រែមនិងហ្វ្រូម៉ា
តាមធម្មតា ផលិតផលធ្វើពីទឹកដោះគោតែងមានផ្ទុកសារធាតុខ្លាញ់និងស្ករ ហើយមានផលប៉ះពាល់ដូចជាសាច់ជាប់ខ្លាញ់ផងដែរ ។
៥- សារធាតុកាហ្វេអុីន
សារធាតុនេះអាចបណ្តាលឱ្យចុករមួលហើយរដូវមកមិនទៀង ។ ដូច្នេះ គេគួរជៀសវាងការផឹកកាហ្វេឬភេសជ្ជៈប៉ូវកម្លាំងអំឡុងពេលមករដូវ ។ ជាជំនួសវិញ សុភាពស្ត្រីអាចផឹកទឹកតែបាន ។
៦- គ្រឿងស្រវឹង
គ្រឿងស្រវឹងអាចបណ្តាលឱ្យអាការចុករមួលកាន់តែអាក្រក់ឡើង ធ្វើឱ្យអារម្មណ៍ប្រែប្រួលនិងនាំទៅរកការធ្លាក់ទឹកចិត្ត ។ មួយវិញទៀត វាបណ្តាលឱ្យឈាមរដូវធ្លាក់កាន់តែខ្លាំង បង្កើនការឈឺចាប់ទ្វេដង ៕
0 comments