រាជធានីភ្នំពេញ ៖ សភាយុវពាណិជ្ជការអន្តរជាតិកម្ពុជា (សាខាភ្នំពេញ) នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយអង្គការមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ស្តីពីគម្រោង «ចែករំលែកស្នាមញញឹម» នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងគោលបំណងជួយដល់កុមារកំព្រារ និងក្រីក្រ ។
កញ្ញា ដែក ដារី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានឲ្យដឹងថា ក្នុងការបំពេញបេសកកម្មនីមួយៗរបស់ JCI គឺតែងតែប្រើប្រាស់ទឹកប្រាក់ប្រចាំឆ្នាំដែលសមាជិកភាពបានបង់ចូលក្នុងស្ថាប័ន។ រាល់គម្រោងនីមួយៗ សមាជិកតែងប្រើប្រាស់ថវិកាផ្ទាល់ខ្លូន និងការសុំការឧបត្ថម្ភពីដៃគូរសហការដ៏ទៃទៀត (Sponsorship) ដោយសារតែកន្លងមក JCI មិនមែនជាស្ថាប័នដែលទទួលបានការទំនុកបំរុងពីអង្គការដទៃទៀត ឬក៏ពីរាជរដ្ឋាភិបាលឡើយ។ ហេតុនេះហើយ ទើបគោលបំណងធំលើកនេះ គឺមិនមែនជាអ្នកផ្តល់ជំនួយដោយផ្ទាល់ តែ JCI នឹងសហការជាមួយមន្ទីរពេទ្យកុមារអង្គរ ដើម្បីលើកទឹកចិត្តដល់សប្បុរសជន ផ្តល់ជំនួយដល់មន្ទីរពេទ្យសម្រាប់ជួយសង្គ្រោះកុមារដែលទៅទទួលការព្យាបាលដោយឥតគិតថ្លៃ ដែលមានចំនួនជិត ៥០០ នាក់ក្នុងមួយថ្ងៃ។
កញ្ញា ដែក ដារី លើកឡើងថា៖ អញ្ចឹង គឺគោលបំណងរបស់ JCI គឺមិនផ្តល់ជាថវិកា ឬការបរិច្ចាគនោះទេ ប៉ុន្តែហេតុផលដែល JCI ធ្វើការ ជាមួយមន្ទីរពេទ្យកុមារអង្គរនេះ គឺថាគោលបំណងសំខាន់ គឺលើកកម្ពស់មន្ទីរពេទ្យ ដើម្បីឲ្យគេដឹងថា នេះជាមន្ទីរពេទ្យមួយដែលត្រូវការជំនួយដែរ។ អញ្ចឹងនៅពេលដែលគេដឹងថា មន្ទីរពេទ្យកុមារអង្គរ ក៏ជាកន្លែងមួយដែលគេអាចជួយ ក៏ជាកន្លែងមួយដែលគេអាចទុកចិត្តបាន នោះសង្ឃឹមថានឹងមានការចូលរួមជួយដល់មន្ទីរពេទ្យឱ្យបានខ្លាំងក្លា។
សូមបញ្ជាក់ថា គម្រោង «ចែករំលែកស្នាមញញឹម» គឺជាគម្រោងមួយរបស់សភាយុវពាណិជ្ជការអន្តរជាតិកម្ពុជា (សាខាភ្នំពេញ) ហៅកាត់ JCI សាខាភ្នំពេញ។ គម្រោងនេះបង្កើតឡើងដោយលោក ឈាង សុភ័ក្រ ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាក្នុងឆ្នាំ២០១១ ដែលមានសកម្មភាពផ្តោតលើការជួយកុមារកំព្រា កុមារក្រីក្រ និងកុមារពិការដើម្បីឲ្យពួកគេមានឱកាសក្នុងការទទួលបាននូវការថែទាំសុខភាព និងបន្តការសិក្សារៀនសូត្រឲ្យបានល្អប្រសើរសម្រាប់ជីវិតរបស់ពួកគេ។
អ្វីដែលប្លែកសម្រាប់ឆ្នាំនេះ គម្រោងដែលមានឈ្មោះថា «ចែករំលែកស្នាមញញឹម» មានផ្នត់គំនិតថ្មី ដែលមិនត្រឹមតែមានទិសដៅជួយដល់កុមារកម្ពុជាដូចសព្វដងនោះទេ គម្រោងកំពុងព្យាយាមបំលែងខ្លូនទៅជាចលនាមួយដែលចូលរួមលើកកំពស់ និងលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាឲ្យងាកទៅចាប់អារម្មណ៍លើការបរិច្ចាគទឹកប្រាក់ជូនដល់កុមារកម្ពុជាដែលខ្វះខាត។
គម្រោង «ចែករំលែកស្នាមញញឹម» ដំបូងឡើយ គឺបង្កើតឡើងដើម្បីជួយដល់កុមារនៅតាមអង្គការ តាមរយៈការលើកទឹកចិត្តពួកគាត់ និងឲ្យគាត់ចេះបង្កើតក្តីស្រមៃ។ រហូតដល់ឆ្នាំ ២០១៨ នេះ គម្រោងនៅតែមានទិសដៅក្នុងការជួយកុមារកម្ពុជាដដែល ប៉ុន្តែគម្រោងនឹងពង្រីកចក្ខុវិស័យឲ្យកាន់តែធំជាងមុន ព្រមទាំងស្វែងរកដៃគូសហការផងដែរ។
ក្នុងគោលបំណងផ្សាភ្ជាប់នឹងទស្សនៈវិស័យ និងបេសកកម្មរបស់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាឱ្យកុមារកម្ពុជាទទួលបាននូវឱកាសថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងសេចក្តីមេត្តាករុណា ទោះបីជាពួកគេមកពីមជ្ឍដ្ឋានណាមួយក៏ដោយ សភាយុវពាណិជ្ជការអន្តរជាតិកម្ពុជា សាខាភ្នំពេញ និងសណ្ឋាគារសុខា ភ្នំពេញ បានព្រមព្រៀងសហការគ្នារៀបចំកម្មវិធីមួយ ហៅថា «រាត្រីសមោសរក្រមា ឆ្នាំ២០១៨ » ក្នុងគោលបំណងផ្សព្វផ្សាយអំពីគម្រោងចែករំលែកស្នាមញញឹមកុមារកម្ពុជា និងរ៉ៃអង្គាសថវិកា ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលកំពុងតែជួបប្រទះការខ្វះខាតថវិកា ដើម្បីផ្គត់ផ្គង់ដល់ដំណើរការផ្តល់សេវាពិនិត្យព្យាបាល ថែទាំសុខភាពកុមារកម្ពុជារាប់សែននាក់ និងសកម្មភាពបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាលរាប់រយនាក់ រួមទាំងសកម្មភាពការពារសុខភាពបឋមដល់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅតាមសហគមន៍ខេត្តសៀមរាប ក្នុងមួយឆ្នាំៗ ។
សូមបញ្ជាក់ថា កម្មវិធី «រាត្រីសមោសរក្រមា ឆ្នាំ២០១៨ » នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៨ ខាងមុខ នៅសណ្ឋាគារសុខា ភ្នំពេញ ៕
0 comments