រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកបម្រើតាមផ្ទះម្នាក់កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការចោទប្រកាន់ជាផ្លូវការក្រោមបទ«ហិង្សា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ដោយយោងតាមពាក្យបណ្តឹងរបស់លោកឧកញ៉ា ឌួង ឆាយ ។
ក្រោយពេលតំណាងអយ្យការចោទប្រកាន់ស្ត្រីអ្នកបម្រើផ្ទះជាផ្លូវហើយនោះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សំណុំរឿងនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួន តាមឆ័ន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ។
ស្ត្រីរងនូវការចោទប្រកាន់ខាងលើនេះមានឈ្មោះ អ៊ុំ សុផាន់ណា អាយុ២៣ឆ្នាំ ដែលជាកូនអ្នកក្រីក្រមកពីស្រែចំការ ជាអ្នកបម្រើការក្នុងផ្ទះឲ្យលោកឧកញ៉ា ឌួង ឆាយ ។ នាងត្រូវបានលោកឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួននៅពេលថ្ងៃចូលឆ្នាំចិនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធថាបានប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗរបស់លោក២នាក់ជាច្រើនលើកច្រើនសារ និងចុងក្រោយនេះថា នាងអ្នកបម្រើបានធ្វើទារុណកម្មវាយ និងក្តិចប្រដាប់ភេទ(ពងស្វាស) យ៉ាងព្រៃផ្សៃបំផុតលើក្មេងប្រុសលោកបណ្តាលឲ្យហើមខុសប្រក្រតី ។ នៅក្នុងដំណាក់កាលសមត្ថកិច្ចកំពុងចាត់ការលើសំណុំរឿងនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះឃ្លីបវីដេអូមួយតាមរយៈអាខោនហ្វេសប៊ុកផេកឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់សាច់រឿងនេះយ៉ាងលម្អិតជាច្រើននាទីផងដែរដែលមានខ្លឹមសារនោះខឹងទៅលើស្ត្រីឈ្មោះ អ៊ុំ សុផាន់ណា ជាអ្នកបម្រើខ្លាំង ។
ប៉ុន្តែជាមួយនឹងការខឹងនាងអ្នកបម្រើលោកឧកញ៉ា ឌួង ឆាយ ក៏មានភាពអាណិតអាសូរទៅដល់ឪពុកម្តាយ និងបងប្អូនរបស់នាង អ៊ុំ សុផាន់ណា ដែលបានទៅសំពះអង្វរដល់ផ្ទះសុំការសណ្តោះប្រណីទោសឲ្យនាង ។ តែលោកនៅមានការឈឺចាប់នៅពេលឃើញកូនប្រុសលោកជាក្មេងមិនទាន់ដឹងអីសោះ និងជាក្មេងពិការសុខភាពទៀត ហើយគេទាំងពីរនាក់បានយំស្រែកនៅចំពោះមុខឪពុកម្តាយយ៉ាងដូច្នេះ សួរថាឪពុកម្តាយមានការឈឺចាប់ប៉ុណ្ណា ប៉ុន្តែពេលនេះលោកទុកពេលឲ្យច្បាប់ជាអ្នកវិនិច្ឆ័យទៅចុះ ។
នៅមានពាក្យពេជជាច្រើនទៀតដែលលោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបសលោក ហើយថែមទាំងបានបង្ហាញរូបកូនប្រុសម្នាក់ដែលអះអាងថា នាង អ៊ុំ សុផានណា វាយធ្វើបាបនោះបន្លឺសម្លេងដែរ ៕
0 comments