រាជធានីភ្នំពេញ ៖ កំណើនវិនិយោគិនចិននៅតែបន្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្ទើរគ្រប់វិស័យ តាមការស្នើរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាក់ស្ដែងបច្ចុប្បន្ននេះ មានវិនិយោគិនចិនជាច្រើនបានមកដល់កម្ពុជា និងកំពុងស្វែងរកការវិនិយោគនានា ពិសេសក្នុងខេត្តព្រះសីហនុ ដែលជាខេត្តសក្ដានុពលដ៏សំខាន់មួយ ។
ថ្មីៗនេះ វិនិយោគិនចិនមួយក្រុមទៀតបានប្រកាសវិនិយោគនៅក្នុងទឹកដីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងទឹកប្រាក់ប្រមាណ១០០ពាន់លានយន់ ឬជាង១៦ពាន់លានដុល្លារអាមេរិក ទៅលើតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ពាណិជ្ជកម្ម (Commercial) ដោយគម្រោងមួយនេះ នឹងចាប់ផ្ដើមជាផ្លូវការនៅដើមឆ្នាំ២០១៩ខាងមុខ ។
លោក Jing Long ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Asia Pacific Xinhuifeng Financial Group ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍បានឲ្យដឹងថា ការមកដល់របស់ក្រុមហ៊ុនលោកនៅក្នុងប្រទេសកម្ពុជា គឺបានសម្លឹងមើលការវិនិយោគមួយនៅក្នុងខេត្តព្រះសីហនុ និងជាការវិនិយោគធំមួយរបស់ខ្លួន ។
លោកថា ៖« ការបណ្ដាក់ទុនរបស់យើងនៅក្នុងខេត្តព្រះសីហនុ បានផ្ដល់ការងារយ៉ាងច្រើនដល់ពលរដ្ឋកម្ពុជា ជាពិសេសនោះនឹងជំរុញកំណើនGDPរបស់កម្ពុជាផងដែរ ពោលគឺកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះតែម្ដង » ។
លោកបន្តថា ការជ្រើសរើសយកតំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ គឺជាគោលដៅវិនិយោគរបស់ខ្លួន ដោយសារតែលោកមើលឃើញថា តំបន់នោះស្ថិតនៅមាត់ឆ្នេរដ៏ធំរបស់កម្ពុជា ហើយជាតំបន់ដែលមានសក្ដានុពលមួយក្នុងការវិនិយោគជាតំបន់សេដ្ឋកិច្ចពិសេស និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ។ ការអភិវឌ្ឍនៅក្បែរមាត់ទឹក គឺមានសារសំខាន់ណាស់សម្រាប់សកម្មភាពពាណិជ្ជកម្ម ហើយបើសិនជាអាជីវកម្មនោះដើរល្អ ការអភិវឌ្ឍបន្តបន្ទាប់ប្រាកដជាលេចរូបរាងឡើង ហើយសកម្មភាពពាណិជ្ជកម្មនៅតំបន់នោះក៏កាន់តែខ្លាំងឡើងផងដែរ ។
លោកនិយាយថា ៖« តំបន់ដែលយើងជ្រើសរើសសម្រាប់មកអភិវឌ្ឍន៍នេះដែរ ក៏ជាតំបន់ដែលមានកប៉ាល់ធំៗមកពីប្រទេសជាច្រើនត្រូវឆ្លងកាត់ ដូចនេះ ការដឹកជញ្ជូនក៏ងាយស្រួលសម្រាប់ពួកយើងក្នុងការដឹកទំនិញចេញចូល » ។
លោកបន្ថែមថា ទំនាក់ទំនងរបស់ចិននិងកម្ពុជា នឹងមិនធ្វើឲ្យមានការរារាំងដល់ការវិនិយោគរបស់ខ្លួននៅកម្ពុជានោះឡើយ ផ្ទុយទៅវិញ ភាគីចិននឹងជំរុញឲ្យសកម្មភាពវិនិយោគ សេដ្ឋកិច្ច និងប្រាក់ចំណូលពលរដ្ឋកម្ពុជា កាន់តែកើនឡើងច្រើនទៀតផង ។
លោកបញ្ជាក់ថា គម្រោងវិនិយោគនៅក្នុងស្រុកស្ទឹងហាវ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ១០០ពាន់លានយន់ ក៏ប៉ុន្តែទឹកប្រាក់នេះ មិនមែនដាក់ម្ដងទាំងស្រុងទេ ពោលគឺវិនិយោគជាដំណាក់កាលៗ ហើយទឹកប្រាក់១០០ពាន់លានយន់នេះដែរ នឹងត្រូវប្រើពេល១០ឆ្នាំដើម្បីអភិវឌ្ឍន៍ ដោយសាងសង់ជាតំបន់សេដ្ឋកិច្ចពិសេស សណ្ឋាគារ លំនៅឋាន តំបន់ពាណិជ្ជកម្ម មានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ ។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តព្រះសីហនុ ជាគោលដៅអភិវឌ្ឍន៍តាមគំរូរបស់ទីក្រុងចិន គឺទីក្រុងស៊ិនជិន ។ តាំងពីពេលនោះមក វិនិយោគិនចិនជាច្រើនបានចូលទៅវិនិយោគនៅក្នុងខេត្តមាត់សមុទ្រមួយនេះ និងបានធ្វើសកម្មភាពវិនិយោគនានា ទាំងអចលនទ្រព្យ និងវិស័យមួយចំនួនទៀតមានសន្ទុះខ្លាំង ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា កំណើននៃការវិនិយោគរបស់ចិននៅកម្ពុជា ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលចិនក៏ចង់ពង្រីកផលប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ហើយចិនអាចឈរជើង និងអាចយកកម្ពុជា ជាចំណតមួយទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ហើយចិនមិនអាចឈរជើងជាមួយវៀតណាម ថៃ មីយ៉ាន់ម៉ា ដោយសារប្រទេសទាំងនោះជាកូនក្រមុំ ក៏ដូចជាបានងាកទៅរកអាមេរិក ។
លោកបន្តថា ៖« ពីមុនមក ចិនបានចាប់ដៃជាមួយមីយ៉ាន់ម៉ា ប៉ុន្តែពេលនេះ មីយ៉ាន់ម៉ាបានងាកទៅអាមេរិក ដូច្នេះ មានតែកម្ពុជាទេ ដែលចិនអាចឈរជើងបាន » ។
លោកបន្តថា ៖« ប្រវត្តិសាស្ត្រកម្ពុជា និងចិនក៏មានភាពយូរអង្វែង ស្របពេលចិនបានដាក់ចេញគោលនយោបាយផ្លូវសូត្រ ហើយចិនមានប្រជាជនច្រើន លុយច្រើន គាត់ក៏បង្ហូរមកកាន់អាស៊ី និងអាហ្វ្រិក ដើម្បីផ្តល់ការងារនិងផលប្រយោជន៍សេដ្ឋកិច្ចដល់គាត់»។
លោកបណ្ឌិត ហុង វណ្ណៈ បានបន្តថា ស្របពេលកម្លាំងធនធានរបស់កម្ពុជាមានកម្រិត ហេតុនេះ យើងត្រូវទទួលជំនួយរបស់គេដើម្បីយកមកអភិវឌ្ឍន៍ប្រទេស ។ បើគិតអវិជ្ជមានជារឿងផ្សេង តែបើគិតពីវិជ្ជមាន គឺយើងមានតម្រូវការធនធាន និងការវិនិយោគ ដើម្បីយកមកកសាងប្រទេស ។
លោកបន្តថា បើនិយាយពីចិនវិនិយោគនៅខេត្តព្រះសីហនុវិញ គឺចិនចូលចិត្តតំបន់សមុទ្រ តំបន់សមុទ្រជាគោលដៅរបស់ពួកគេ និងជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចផងដែរ ៕
0 comments