ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារយៈពេល២ថ្ងៃ របស់នាយករដ្ឋមន្ត្រីចិន លី ខឺឈាង បានសម្រេចកិច្ចព្រមព្រៀងចំនួន១៩សំខាន់ៗ។ ជាការកត់សម្គាល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាជាបន្តបន្ទាប់ ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះ។ ខាងក្រោមនេះជាកំពូលសំណង់ទាំង ៥បានសម្រេចគម្រោងក្នុងរយៈពេល២ថ្ងៃនោះ៖
១. ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប
ប្លង់ស្ថាបត្យកម្មនៃព្រលានយន្តហោះថ្មី ខេត្តសៀមរាប តម្លៃវិនិយោគប្រមាណ៩០០ លានដុល្លារត្រូវបានបង្ហាញនិងត្រូវបានដាក់ឆ្លងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចុះហត្ថលេខាក្នុងពេលដំណើរទស្សនកិច្ចរបស់លោក លឺ ខឺឈាង នាយករដ្ឋមន្ត្រីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៨ ថា ព្រលានយន្តហោះថ្មីខេត្តសៀមរាប នឹងត្រូវសាងសង់នាពេលឆាប់ៗនេះ នៅលើផ្ទៃដូជាង៧០០ហិកតា និងបោះទុនវិនិយោគលើទឹកប្រាក់៨៨០លានដុល្លារអាមេរិក ក្រោមការវិនិយោគដោយក្រុមហ៊ុនYUNAN Development Group ដែលជាក្រុមហ៊ុនយក្សមួយមានមូលដ្ឋាននៅប្រទេសចិន។
ប្លង់ស្ថាបត្យកម្មនេះមានចំនួន៦ជម្រើស និងត្រូវបានដាក់ឆ្លងសម្តេចតេជោដើម្បីជ្រើសរើសសម្រេចលើកចុងក្រោយរួចហើយ ប៉ុន្តែរហូតមកទល់ពេលនេះ មិនមានប្រភពព័ត៌មានណាបញ្ជាក់ថា សម្តេចតេជោនឹងជ្រើសរើសប្លង់ស្ថាបត្យកម្មណាមួយនៅឡើយទេ។
២. ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ថ្ងៃនេះ កម្ពុជា និង ចិន ចុះហត្ថលេខា សម្រេចសាងសង់ផ្លូវល្បឿនលឿនបង្អស់នៅកម្ពុជា។ ពិធីចុះហត្ថលេខាធ្វើឡើង ក្រោមអធិបតីភាពរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តិទៅនៅ វិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨។
គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយវិនិយោគិនចិន។ លក្ខណៈពិសេសផ្លូវល្បឿនលឿននេះសាងសង់ទម្រង់ជា (BOT) ជាផ្លូវ ០៤គន្លង មានប្រវែងសរុប ១៩០,៦៣ គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ។ ចំណុចពិសេសលើសពីនេះទៀត ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្ដាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។
ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅមក រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលខ្លី កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទៈ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលចំណេញ ដែលមិនអាចកាត់ថ្លៃបាន ពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ។
៣. គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី
ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមវិនិយោគអនិកជននៅកម្ពុជា បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទានសម្រាប់ គម្រោងអាកាសយានដ្ឋានភ្នំពេញ(ថ្មី) ប្រទេសកម្ពុជា ។ (មិនទាន់បញ្ជាក់ទំហំទឹកប្រាក់)
៤. គម្រោងវិនិយោគកំពង់ផែស្ទឹងហាវ
ឧកញ៉ា លឹម ឈីវហួរ ប្រធានក្រុមហ៊ុនវិនិយោគអែតវ៉ូដគ្រុប បានចុះកិច្ចព្រមព្រៀងស្ដីពី គម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ ។( មិនទាន់បញ្ជាក់ទំហំទឹកប្រាក់)
៥. គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ((ចោមចៅបែកគូសក្រុងកំពត)
ក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៩ រវាងសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន ក៏មានកិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ (ចោមចៅ បែកគូស ក្រុងកំពត)ផងដែរ។ យ៉ាងណាក្ដីនៅមិនទាន់បញ្ជាក់ទំហំទឹកប្រាក់នោះទេ៕
#Cambodia
#PhnomPenh
#RoyalPalace
0 comments