ព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់ទៅលើមន្ត្រីប៉ូលិសស័ក្ដិ៣ ត្រៀមឡើងស័ក្ដិ៤ ដែលបានប្រើអំពើហិង្សាទៅលើមន្ត្រីចរាចរណ៍ (មន្ត្រីកិច្ចសន្យា) ចំនួនពីរបទល្មើស គឺទី១.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងទី២.ប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ដោយអាជ្ញាធរសាធារណៈ មាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។ សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ ពិន័យជាប្រាក់ពី ៤លាន ទៅ ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល។
ការចោទប្រកាន់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះ បន្ទាប់ពីសាកសួរមន្ត្រីប៉ូលិសសក្តិ៣ នោះរួច។ បន្ទាប់ពីចោទប្រកាន់រួច ព្រះរាជអាជ្ញាបានបញ្ជូនទៅចៅក្រមស៊ើប។
ប៉ូលិសស័ក្តិ៣ ត្រៀមឡើងស័ក្ដិ៤ ឈ្មោះ សៅ បញ្ញា អាយុ ៣៣ឆ្នាំ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណែកមន្ត្រីកិច្ចសន្យា មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨៕
#Cambodia
0 comments