(ភ្នំពេញ)៖ លោកសុខ ឥសាន មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឡើងថា អតីតគណបក្សប្រឆាំងត្រូវតុលាការកំពូលរំលាយ ពោលគឺស្លាប់ទៅហើយមិនអាចរស់ឡើងវិញទេ។
លោកសុខ ឥសាន មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា
ការលើកឡើងរបស់មន្ដ្រីនាំពាក្យរូបនេះ ហាក់ជាការឆ្លើយតបទៅនឹងសម្ដីរបស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលបានអះអាងថា ស្ថានការណ៍នយោបាយនៅស្រុកខ្មែរ នឹងមានភាពល្អប្រសើរឡើងវិញ នៅដើមឆ្នាំ២០១៨ខាងមុខ ខណៈអតីតគណបក្សរបស់លោក ត្រូវបានតុលាការកំពូល រំលាយចោលកាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងមកនេះ ។
តាមរយៈសំណេរលើបណ្ដាញទំនាក់ទំនងតេឡេក្រាម លោក សុខ ឥសាន បានសរសេរថា “ទណ្ឌិត សម រង្ស៊ីមានសុទិដ្ឋិនិយមថាអតីតបក្សប្រឆាំងអាចនឹងមានវាសនាបានចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីទៀត នាដើមឆ្នាំ ២០១៨។ ការដែលបក្សប្រឆាំងត្រូវបានរំលាយដោយតុលាការកំពូលតាមផ្លូវច្បាប់នោះ ត្រូវ សម រង្ស៊ីថា ជាការអាក្រក់មុនរបស់អតីតបក្សប្រឆាំងប៉ុណ្ណោះ ហើយ សមរង្សីមានគំនិតថានឹងបានល្អក្រោយ។
លោកបានបន្ដថា “បើពិនិត្យការជាក់ស្តែង អតីតបក្សប្រឆាំងត្រូវបានស្លាប់រួចទៅហើយ មិនអាចរស់ឡើងវិញបានជាដាច់ខាត។ មិនមែនដូច សម រង្ស៊ីថាដូចឆ្នាំ ២០១៣ ដែលសម រង្ស៊ី បានចូលស្រុកមកប្រកួតប្រជែងក្នុងការបោះឆ្នោតនោះ ទេ។ ករណីបច្ចប្បន្ននេះ មិនអាចងាកមកជាន់ដានប្រវត្តិសាស្ត្រចាស់បានទេ។ កង់ប្រវត្តិសាស្ត្រកម្ពុជា ចេះតែវិលទៅមុខហើយ កុំសង្ឃឹមថាកង់ប្រវត្តិសាស្ត្រវិលថយក្រោយនោះ ឲ្យសោះ”។
លោកបានបញ្ជាក់ជាចុងក្រោយថា ក្តីសង្ឃឹមរបស់ សម រង្សីថា ខ្លួនមានវាសនាអាក្រក់មុន ហើយល្អជាក្រោយនោះមិនអាចក្លាយជាការពិតជាដាច់ខាត ទោះខិតខំដើរទៅលុតក្រាប ឱបជើងបរទេសជា ចៅហ្វាយនាយយ៉ាងណាក៏ដោយ។ ក្តីសង្ឃឹម របស់ ទណ្ឌិត សម រង្ស៊ី គ្រាន់តែ ជាការស្រមើស្រមៃ យល់សប្តិប៉ុណ្ណោះ៕



0 comments